ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្ដេច​អុក​​​ដ៏​ល្បី​ប្រាប់​ពី​ភាព​ខុស​គ្នា​រវាង​អុក​ខ្មែរ និង​អុក​អន្តរជាតិ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ​ កីឡា​អុក​បាន​ទទួល​ការ​ពេញ​និយម​ពាសពេញ​ពិភព​លោក ដោយ​បណ្ដា​ប្រទេស​មួយ​ចំនួន​បាន​ទាំង​យក​កីឡា​អុក​នេះ ធ្វើ​ជា​កីឡា​ប្រចាំ​ជាតិ និង​បាន​ដាក់​វិញ្ញាសា​កីឡា​នេះ​ប្រកួត​យ៉ាង​ផុសផុល​ទៀត​ផង ។ មក​ទល់​ពេល​នេះ គេ​ឃើញ​កីឡា​អុក​ត្រូវ​បាន​លេង​យ៉ាង​សកម្ម​នៅ​ក្នុង​ប្រទេស​ចិន…

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ​ កីឡា​អុក​បាន​ទទួល​ការ​ពេញ​និយម​ពាសពេញ​ពិភព​លោក ដោយ​បណ្ដា​ប្រទេស​មួយ​ចំនួន​បាន​ទាំង​យក​កីឡា​អុក​នេះ ធ្វើ​ជា​កីឡា​ប្រចាំ​ជាតិ និង​បាន​ដាក់​វិញ្ញាសា​កីឡា​នេះ​ប្រកួត​យ៉ាង​ផុសផុល​ទៀត​ផង ។

មក​ទល់​ពេល​នេះ គេ​ឃើញ​កីឡា​អុក​ត្រូវ​បាន​លេង​យ៉ាង​សកម្ម​នៅ​ក្នុង​ប្រទេស​ចិន និង​បណ្ដា​ប្រទេស​នៅ​អាស៊ី​ផ្សេង​ទៀត​ក្នុង​នោះ​ក៏​មាន​អុក​ខ្មែរ ដែល​ត្រូវ​បាន​គេ​ហៅ​ថា អុក​ចត្រង្គដែល​ប្រភេទ​អុកចត្រង្គ ឬ​អុក​ខ្មែរ​នេះ មាន​លក្ខណៈ​៣​យ៉ាង​ដាច់​ចេញពី​អុក​អន្តរជាតិ ឬ​អុក​ចិន ។ នេះ​បើ​យោង​តាម​ការ​អះអាង​របស់​អ្នកជំនាញ​អុក​ប្រចាំ​ប្រទេស​កម្ពុជា​។

លោក ឈាវ បូ​រ៉ា ដែល​ជា​ស្ដេច​អុក​២​ជំនាន់​ដ៏​ល្បី និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា​បាន​អះអាង​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​មានការ​ពេញ​និយម និង​ស្គាល់​កាន់តែ​ច្បាស់​ពី​កីឡា​អុកចត្រង្គ ឬ​អុក​ខ្មែរ ប៉ុន្តែ​អុក​ប្រភេទ​នេះ ពេញ​និយម​តែ​នៅ​ប្រទេស​​ជិតខាង​រួម​មាន​ថៃ ឡាវ និង​វៀតណាម​ប៉ុណ្ណោះ ចំណែក​នៅ​បណ្ដា​ប្រទេស​ផ្សេង​​ទៀត​ទូ​ទាំង​ពិភពលោក​ទាំងមូល​គេ​និយម​លេងអុក​អន្តរជាតិ និង​អុក​ចិន​ច្រើន​ជាង។

លោក​ថា អុក​ចិន និង​អុក​អន្តរជាតិ មាន​លក្ខណៈ​ខុស​គ្នា​ដាច់​ឆ្ងាយ​ពី​អុកចត្រង្គ​របស់​ខ្មែរ​តាំងពី​របៀប​លេង រចនាបថ និង​ចំណុច​ពិសេស​ជា​ច្រើន​ទៀត ដែល​ធ្វើ​ឱ្យ​អុក​ទាំង​២​មិន​អាច​ច្រឡំ​គ្នា​បាន​ទេ បើ​ទោះជា​មានឈ្មោះ​ថា​អុក​ដូច​គ្នា​យ៉ាងណា​ក្ដី ។ អ៊ីចឹង​ហើយ​ទើប​នៅ​ប្រទេស​កម្ពុជា​ត្រូវ​បាន​បែងចែក​កីឡា​អុក​ជា​ពីរ​គឺ​អុកចត្រង្គ និង​អុក​អន្តរជាតិ ប៉ុន្តែ​លោក​ថា អុក​អន្តរជាតិ​នៅ​កម្ពុជា​មិនសូវ​ដើរ​ទេ ដោយសារ​អ្នក​និយម​លេងអុក​ភាគច្រើន​លេង​តែ​អុក​ខ្មែរ ហើយ​សម្រាប់​ការ​ប្រកួត​ក្នុងស្រុក​ក៏​មិនសូវ​មានការ​ប្រកួត​អុក​អន្តរជាតិ​ផុសផុល​ដែរ ។

យ៉ាងណាមិញ លោក​ថា កីឡាករ​កម្ពុជា​នៅ​ពេល​ចេះ​ស្ទាត់​អុកចត្រង្គ ហើយ​ប្ដូរ​ទៅ​ប្រកួត​​អុក​អន្តរជាតិ​គឺ​អាច​ងាយស្រួល ដោយសារ​តែ​ទម្រង់​លេង​ភាគច្រើន​គឺ​ស្រ​ដៀង​ៗ​គ្នា ដោយ​ទាមទារ​ឱ្យ​តែ​ចាំ​ពី​ក្បួន​ខុស​គ្នា​ខ្លះ​ៗ​គឺ​អាច​លេង​បាន​ហើយ ។

លោក​ទទួលស្គាល់​ថា អ្នកចេះ​លេងអុក​ចត្រង្គ​បាន​ត្រឹមតែ​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​​ប្រទេស​ជិតខាង​ដែល​មាន​ទម្រង់​លេងអុក​ស្រ​ដៀង​គ្នា​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ចេញ​ប្រកួត​ក្រៅ​ស្រុក គឺ​មិន​អាច​តំណាង​ប្រទេស​ទៅ​ប្រកួត​បាន​ទេ ដោយសារ​តែ​អន្តរជាតិ​គេ​ប្រកួត​តែ​អុក​អន្តរជាតិ ដែល​ទាមទារ​ឱ្យ​កីឡាករ​អុក​ខ្មែរ​ត្រូវ​តែ​បត់បែន​ខ្លួន​ក្លាយជា​អ្នកជំនាញ​អុក​អន្តរជាតិ​វិញ ។

លោក​ថា ខ្លួន​ចង់​បង្វឹក​ខ្លួនឯង​ឱ្យ​ចេះ​លេងអុក​អន្តរជាតិ​នា​ពេល​ចុង​ក្រោយ ប៉ុន្តែ​កីឡា​មួយ​នេះ អត់​មាន​អ្នក​បង្រៀន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ គឺ​មាន​តែ​នៅ​ក្រៅ​ស្រុក ខណៈ​ដែល​កីឡាករ​តំណាង​កម្ពុជា​ដែល​ទៅ​ប្រកួត​នៅ​ក្រៅ​ស្រុក​ក៏​ទទួល​បានការ​បង្វឹក​នៅ​ក្រៅ​ស្រុក​ដែរ​មុន​ពេល​ចេញ​ប្រកួត​តំណាង​ប្រទេស​កាល​មុន ។

លោក​ចង់ឱ្យ​អុក​អន្តរ​ជាតិ​មាន​រូបភាព​ទូលំទូលាយ​នៅ​ក្នុង​ប្រទេស ដោយសារ​តែ​លោក​យល់​ថា បើ​ទោះជា​អុកចត្រង្គ​របស់​ប្រទេស​កម្ពុជា ជា​កីឡា​ដូនតា ប៉ុន្តែ​ក៏​ត្រូវ​ចេះ​ឱ្យ​ស្ទាត់​នូវ​អុក​អន្តរជាតិ​ផង​ដែរ ដើម្បី​បង្ហាញ​អន្តរជាតិ​ឱ្យ​ឃើញ​កាន់តែ​ច្រើន​ថា ប្រទេស​កម្ពុជា ដែល​មាន​កីឡា​អុក​ជា​របស់​ខ្លួន​មួយ​ដូច​គ្នា អាច​មាន​សមត្ថភាព​លេងអុក​អន្តរជាតិ​មិន​អន់ ក្នុង​ការ​តំណាង​ប្រទេស​ដណ្ដើម​ពាន និង​មេដាយ​ជាដើម ។

លោក​ថា ខ្លួន​បាន​ត្រឹមតែ​រៀន​លេងអុក​អន្តរជាតិ​តាម​បណ្ដាញ​យូ​ធូប​ប៉ុណ្ណោះ ដោយ​គម្រោង​បើ​មានការ​បង្វឹក​ពី​អ្នកជំនាញ​គឺ​លោក​នឹង​ហាត់​ឱ្យ​ស្ទាត់​ដើម្បី​ទុក​គ្រាន់​បង្វឹក​សិស្ស​ខ្លួន​បន្ថែម​ពីលើ​ការ​បង្វឹក​ឱ្យ​ចេះ​លេងអុក​ខ្មែរ​នា​ពេល​នេះ​។

ពាក់ព័ន្ធ​នឹង​ភាព​ខុស​គ្នា​រវាង​អុក​ខ្មែរ និង​អុក​អន្តរជាតិ​លោក ឈាវ បូ​រ៉ា ថ្លែង​ថា មាន​ចំណុច​៣​ដាច់​ដោយឡែក​ពី​គ្នា​គឺ ក្ដារ​លេង​របស់​អុក​ខ្មែរ​មាន​តែ​មួយ​ពណ៌​ប៉ុណ្ណោះ ដោយ​​អាច​ជា​ពណ៌​ត្នោត ឬ​ពណ៌​ឈើ អាស្រ័យ​លើ​ការ​ជ្រើសរើស ប៉ុន្តែ​អុក​អន្តរជាតិ គឺ​មាន​ប្រភេទ​ក្ដារ​លេង​ជា​ពណ៌​ខ្លា​ឃ្លោក ។ ទី​២​អុក​ខ្មែរ និង​អុក​អន្តរជាតិ​មាន​រចនាបថ​កូនអុក​ខុស​គ្នា​តែ​ម្ដង ដោយ​អុក​អន្តរជាតិ​ប្រភេទ​ស្ដេច ទូក និង​គោល​ជាដើម គឺ​មាន​រចនាបថ​មិន​ដូច​អុក​ខ្មែរ​ទេ លើកលែងតែ​សេះ ដែល​នៅ​មើលទៅ​ដឹង​ថា​សេះ ដែល​មាន​លក្ខណៈ​ស្រ​ដៀង​អុក​ខ្មែរ ។

ដោយឡែក​ចំណុច​ទី​៣​ដែល​ខុស​គ្នា គឺ​អុក​ខ្មែរ មាន​របៀប​ដើរ​ផ្សេង ហើយ​អុក​អន្តរជាតិ​មាន​របៀប​ដើរ​ផ្សេង ។ លោក​ឧទាហរណ៍​ថា អុក​ខ្មែរ​សម្រាប់​កូនអុក​ដែល​មានឈ្មោះ​ថា​គោល គឺ​អាច​ដើរ​បាន​៥​ជំហាន ប៉ុន្តែ​សម្រាប់​អុក​អន្តរជាតិ​ដើរ​បាន​តែ​៤​ជំហាន​ប៉ុណ្ណោះ ហើយ​បើ​មានអី​បាំង​ពីមុខ​ក៏​មិន​អាច​នឹង​ដើរ​បាន​ដែរ ដែល​ខុស​ពី​គោល​អុក​ខ្មែរ គឺ​អាច​ដើរ​បាន ។ លោក​ថា មិន​មានការ​លំបាក​ណាស់ណា​នោះ​ទេរ​វាង​ប្រភេទ​អុក​ទាំង​ពីរ សំខាន់​ឱ្យ​ចាំតែ​ក្បួន​ដើរ និង​ចាំ​ក្រឡា​ដើរ គឺ​អាច​លេង​បាន​ដូច​គ្នា ដែល​មិន​ខុស​ពី​ប្រទេស​ខ្លះ​បើកបរ​ប្រកាន់​ឆ្វេង ហើយ​ប្រទេស​ខ្លះ​បើកបរ​ប្រកាន់​ស្ដាំ​នោះ​ឡើយ ។

យ៉ាងណាមិញ ប្រសិនបើ​អ្នក​ថ្នឹក​នឹង​របៀប​លេងអុក​ខ្មែរ គឺ​អាច​នឹង​ភ្លាត់​លេង​ខុស ឬ​ចាញ់​គូប្រកួត​ដោយ​ងាយ​ផង​ដែរ​ប្រសិនបើ​ទៅ​លេងអុក​អន្តរជាតិ ដូច​គ្នា​នឹង​អ្នក​ពូកែ​លេងអុក​អន្តរជាតិ​ហើយ​មក​លេងអុក​ចត្រង្គ​របស់​ខ្មែរ ក៏​លេង​មិន​បាន​ល្អ ព្រោះតែ​ក្បួន​ខុស​គ្នា កូន​ខុស​គ្នា ហើយ​ចេះ​តែ​ភាំង​ៗ ឬ​ភ្លេច​ទម្រង់​លេង​។ លោក​ថា មក​ទល់​ពេល​នេះ មាន​ប្រទេស​ច្រើន​ហើយ​ដែល​ចាប់ផ្ដើម​លេងអុក​តាម​ទម្រង់​របស់​ខ្មែរ ដែល​ក្នុង​នោះ​ក្រៅពី​ថៃ គឺ​មាន​វៀតណាម ឡាវ និង​ភូមា ដែល​កាន់តែ​ធ្វើ​ឱ្យ​កីឡា​អុក​ខ្មែរ​មានការ​សាយភាយ​ទម្រង់​លេង ដែល​ហាក់​ចង់​ក្លាយជា​អុក​អន្តរជាតិ​កម្រិត​តំបន់​មួយ​ដែរ​នា​ពេល​ចុង​ក្រោយ ។

យ៉ាងណាមិញ លោក​ថា​ការ​ស្រង់​ទម្រង់​របស់​អុក​ខ្មែរ​ទៅ​លេង​ច្រើន​ឡើង​បែប​នេះ អាច​នឹង​ធ្វើ​ឱ្យ​មាន​ផលវិបាក​ពេល​ប្រទេស​កម្ពុជា​ចង់​ស្នើ​បញ្ចូល​អុកចត្រង្គ​ជា​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក ជា​ពិសេស​គឺ​ថៃ ដោយសារ​តែ​ថៃ ក៏​បាន​សាយភាយ​កីឡា​មួយ​នេះ​យ៉ាង​ផុសផុល​ដូច​គ្នា ចាប់តាំងពី​កម្ពុជា​បើក​ការ​ប្រកួត​លេងអុក​ហើយ​ល្បី​ដល់​ពិភពលោក ។

លោក​ទទូច​ឱ្យ​មានការ​ផ្សព្វផ្សាយ​ពី​កីឡា​អុកចត្រង្គ​របស់​ខ្មែរ​ឱ្យ​បាន​ច្រើន ដើម្បី​កុំឱ្យ​កីឡា​អុក​មួយ​នេះ​បាន​ក្លាយជា​កីឡា​ប្រចាំ​តំបន់​មួយ ហើយ​មានការ​ចម្រូងចម្រាស​រឿង​ប្រទេស​ណា​ជា​ម្ចាស់​ដើម ។ ប៉ុន្តែ​លោក​ថា ស្ថានភាព​តវ៉ា​នៅ​ពេល​កម្ពុជា​អាច​នឹង​ដាក់​កីឡា​នេះ​ធ្វើ​ជា​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក អាច​នឹង​កើត​មាន​តិច​បំផុត ដោយសារ​តែ​ប្រទេស​កម្ពុជា​មាន​តឹង​តាង​នៅ​តាម​ជញ្ជាំង​ប្រាសាទ​ជា​ភស្ដុ​តាង​ច្បាស់​ៗ ហើយ​បើ​ទោះ​ជា​ប្រទេស​ជិតខាង​មាន​ប្រាសាទ​បង្ហាញ​ថា​ខ្លួន​ក៏​មាន​កីឡា​នេះ​ដូច​គ្នា ប៉ុន្តែ​ក៏​ជា​ប្រាសាទ​​អតីត​ប្រាសាទខ្មែរ ដែល​កម្ពុជា​បាន​បាត់បង់​ពេល​បាត់បង់​ទឹកដី ដែល​មាន​ន័យ​ថា​អ្វី​ៗ​នៅ​តែ​ជា​អំណះអំណាង​តរបស់​ខ្មែរ​ដដែល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ