ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ចាត់​ទុក​រមណីយដ្ឋាន​ជា​ផលិតផល​ទេសចរណ៍​ដ៏​សំខាន់

2 ឆ្នាំ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍​បាន​ចាត់​ទុក​រមណីយដ្ឋាន​ជា​ផលិតផល​ទេសចរណ៍​ដ៏​មាន​សារសំខាន់​មួយ​ក្នុង​ចំណោម​ផលិតផល​ទេសចរណ៍​នានា និង​មាន​ភាព​ប្រទាក់ក្រឡា​គ្នា​ជាមួយ​ផលិតផល​ទេសចរណ៍​ផ្សេង​ៗ ដែល​ស្ថិត​ក្រោម​ទម្រង់​នានា​ដូច​ជា សណ្ឋាគារ​បែប​រមណីយដ្ឋាន​(Hotel Resort), រមណីយដ្ឋាន បែប​ឧទ្យាន​ជាតិ​ដែល​មាន​វិសាលភាព​ធំ​, រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ដែល​បង្កប់​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​,…

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍​បាន​ចាត់​ទុក​រមណីយដ្ឋាន​ជា​ផលិតផល​ទេសចរណ៍​ដ៏​មាន​សារសំខាន់​មួយ​ក្នុង​ចំណោម​ផលិតផល​ទេសចរណ៍​នានា និង​មាន​ភាព​ប្រទាក់ក្រឡា​គ្នា​ជាមួយ​ផលិតផល​ទេសចរណ៍​ផ្សេង​ៗ ដែល​ស្ថិត​ក្រោម​ទម្រង់​នានា​ដូច​ជា សណ្ឋាគារ​បែប​រមណីយដ្ឋាន​(Hotel Resort), រមណីយដ្ឋាន បែប​ឧទ្យាន​ជាតិ​ដែល​មាន​វិសាលភាព​ធំ​, រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ដែល​បង្កប់​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​, រមណីយដ្ឋាន​វិនិយោគ ខ្នាត​ធំ និង​រមណីយដ្ឋាន​កែ​ច្នៃ​ឯកជន​បែប​គ្រួសារ​ជាដើម ដែល​ទាមទារ​នូវ​យន្តការ​គ្រប់គ្រង និង​ការ​អភិវឌ្ឍ​ផ្សេង​ៗ​គ្នា ។

គួរ​កត់​សម្គាល់ថា បច្ចុប្បន្ន កម្ពុជា​មាន​រមណីយដ្ឋាន​ទេសចរណ៍​សរុប​ជិត​៤០០​កន្លែង​ដែល​បាន​ចុះបញ្ជី​ជា​ផ្លូវការ​ដោយ​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ព្រម​ជាមួយនឹង​កន្លែង​មាន​សក្តានុពល​ទាក់ទាញ​ទេសចរណ៍​ជា​ច្រើន​ផ្សេង​ទៀត ដែល​បាន​និង​កំពុង​រៀបចំ​ទទួលភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ។ ទទ្ទឹម​នឹង​ការ​កើន​ឡើងជា​បរិមាណ​នេះ ក្រសួង​ក៏​សង្កេត​ឃើញ​ពី​ការ​រីក​ចម្រើន​ជា​លក្ខណៈ​គុណភាព ដែល​ទាក់ទង​នឹង​ការ​រៀបចំ​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍​នានា​មានការ​រីក​ចម្រើន​កាន់តែ​ប្រសើរ​ផង​ដែរ ។

ផ្តើម​ពី​នោះ​ក្រសួង​បាន​កត់សម្គាល់​ឃើញ​ថា ដោយ​មានការ​គាំទ្រ​ពី​រាជរដ្ឋាភិបាល ផ្លូវ​ចូល​ទៅ​កាន់​រមណីយដ្ឋាន​ទេសចរណ៍​ភាគច្រើន ត្រូវ​បាន​ស្ថាបនា ជួសជុល និង​កែ​លម្អ ។ តាម​រយៈ​ការ​ដាក់​ចេញ​នូវ​យន្តការ​ជា​បន្តបន្ទាប់ កម្ពុជា​អាច​ទប់ស្កាត់​ការ​ដំឡើង​ថ្លៃ​ហួសហេតុ​លើ​ម្អូ​ប​អាហារ និង​សេវាកម្ម​ទេសចរណ៍ ដោយ​មានការ​បិទ​តម្លៃ​ជម្រាប​ជូន​ភ្ញៀវ​ជា​មុន​ឲ្យ​បាន​ត្រឹមត្រូវ ។ ទន្ទឹម​នោះ បញ្ហា​បរិស្ថាន​អនាម័យ​មាន​ភាពល្អ​ប្រសើរ​ដោយ​ភ្ញៀវ​ទេសចរ និង​ប្រជាពលរដ្ឋ​មានការ​យល់ ដឹង​កាន់តែ​ប្រសើរ​ផង​ដែរ ។

ចំណែក​បញ្ហា​សន្តិសុខ​សុវត្ថិភាព​ក៏​មាន​ភាពល្អ​ប្រសើរ ដោយ​មន្ទីរ​ទេសចរណ៍​បាន​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​កម្លាំង​មាន​សមត្ថកិច្ច ចាត់តាំង​ក្រុមការងារ​ប្រចាំការ​នៅ​តាម​គោលដៅ ទេសចរណ៍​សំខាន់​ៗ និង​មានការ​លើក​ស្លាក​សញ្ញា​គ្រោះថ្នាក់​នៅ​តាម​តំបន់​ងាយ​គ្រោះថ្នាក់ ។ ទោះ​យ៉ាងនេះ​ក្ដី ក្រសួង​ក៏​បាន​កត់សម្គាល់​ឃើញ​ថា ការ​គ្រប់គ្រង​រមណីយដ្ឋាន​ទេសចរណ៍​នៅ​តែ​ជួប​ប្រទះ​នឹង​បញ្ហា​ប្រឈម​មួយ​ចំនួន ជា​ពិសេស​ការ​គ្រប់គ្រង​សំរាម​នៅ​តែ​ជា​បញ្ហា​ស្មុគស្មាញ​នៅ​តាម​រមណីយដ្ឋាន​ទេសចរណ៍​មួយ​ចំនួន ខណៈ​ដែល​រមណីយដ្ឋាន​ទេសចរណ៍​ភាគច្រើន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋ ដែល​ការ​អភិវឌ្ឍ​មាន​លក្ខណៈ​យឺតយ៉ាវ ហើយ​រមណីយដ្ឋាន ទេសចរណ៍​មួយ​ចំនួន​ទៀត​ពុំ​ទាន់​មានការ​វិនិយោគ​ឱ្យ​បាន​ពេញលេញ​នៅឡើយ ។

យ៉ាងណា​ក៏​ដោយ ក្រសួងទេសចរណ៍ បាន​ដាក់​ចេញ​នូវ​ចលនា​ប្រឡង ប្រណាំង​រមណីយដ្ឋាន​ទេសចរណ៍​គំរូ​កាលពី​ឆ្នាំ​២០១៧ និង​បាន​កំណត់​គោលដៅ​យក​ឆ្នាំ​២០១៩ ជា​ឆ្នាំ​ធ្វើ​ឱ្យ​រមណីយដ្ឋាន​ទេសចរណ៍​ទូ​ទាំង​ប្រទេស​ក្លាយជា​រមណីយដ្ឋាន​ស្អាត ស្រប​តាម​ស្តង់ដា​របស់​ក្រសួងទេសចរណ៍ ។

យោង​តាម​ការ​ណែនាំ​របស់​ក្រសួងទេសចរណ៍​ដើម្បី​ក្លាយជា​រមណីយដ្ឋាន​ស្អាត រមណីយដ្ឋាន​គំរូ គ្រប់​រមណីយដ្ឋាន​ទាំងអស់ ត្រូវ​តែ​មាន​ផែនការមេ (Master Plan) មាន​អ្នកគ្រប់គ្រង​ច្បាស់លាស់ (Site Manager) និង​មានការ​ចាត់តាំង​នូវ​រចនាសម្ព័ន្ធ​គ្រប់គ្រង​ច្បាស់លាស់​(DMO-Destination Management Organization) ជា​ពិសេស​សម្រាប់​រមណីយដ្ឋាន​ទេសចរណ៍​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ និង​សហគមន៍ ។ ទន្ទឹម​នោះ រាល់​សម្បទាន​ទ្រទ្រង់​ក្នុង​រមណីយដ្ឋាន​រាប់​តាំងពី​ក្យុ​ស ឬ​តូប​អង្គុយ​លេង ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន កន្លែង​ទទួលភ្ញៀវ បន្ទប់ទឹក ត្រូវ​តែ​រចនា​ឡើង​ឱ្យ​បាន ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស ។

ចំពោះ​បរិស្ថាន អនាម័យ រាល់​គម្រោង​វិនិយោគ​ជា​រមណីយដ្ឋាន​ទេសចរណ៍​ទាំងអស់ ត្រូវ​បញ្ចូល​នូវ​ការ​គិតគូ​អំពី​ទស្សនទាន​បៃតង និង​ស្អាត ការ​រក្សា​សោភ័ណ​ភាព​ក្នុង​រមណីយដ្ឋាន ដូច​ជា​ការ​ដាំ​ផ្កា និង​ដើមឈើ និង​ត្រូវ​ខិតខំ​រក្សា​ឱ្យ​បាន​នូវ​បរិស្ថាន​ស្អាត អនាម័យ​ល្អ ជា​ពិសេស​បញ្ឈប់​ការ​បោះ​សំរាម​ផ្តេសផ្តាស​ក្នុង​រមណីយដ្ឋាន ។ ក្នុង​ន័យ​នេះ ម្ចាស់​គ្រប់គ្រង​រមណីយដ្ឋាន​ទាំងអស់ ត្រូវ​តែ​សរសេរ​ពាក្យ​អប់រំ​មិន​ឱ្យ​បោះ​សំរាម​ចោល​ផ្តេសផ្តាស​ខុស​ធុងសំរាម និង​អប់រំ​ភ្ញៀវ​ទេសចរ ដែល​ចូល​ទៅ​លេង​កម្សាន្ត​ឱ្យ​បាន​ច្បាស់លាស់​ជា​មុន ។

ទាក់ទង​នឹង​បញ្ហា​សន្តិសុខ​-​សុវត្ថិភាព គ្រប់​រមណីយដ្ឋាន​ទេសចរណ៍​ទាំងអស់ ត្រូវ​ដាក់​ស្លាក​សញ្ញា​ឱ្យ​បាន​គ្រប់គ្រាន់ ទាំង​ស្លាក​បង្ហាញ​ព័ត៌មាន (Information) និង​ស្លាក​សញ្ញា​បង្ហាញ​ទីតាំង​នានា (Communication) ជា​ពិសេស​ស្លាក​សញ្ញា​បង្ហាញ​ទីតាំង​ហាមឃាត់ និង​តំបន់​គ្រោះថ្នាក់​ជាដើម​ឱ្យ​សម​ស្រប​ទៅ​តាម​ស្តង់ដា​អប្បបរមា​រមណីយដ្ឋាន ទេសចរណ៍​របស់​ក្រសួងទេសចរណ៍ ហើយ​ត្រូវ​សហការ​ឱ្យ​បាន​ជិត​ស្និទ្ធ​ជាមួយ​អាជ្ញាធរ និង​សមត្ថកិច្ច​ក្នុង​តំបន់​ធ្វើការ​គ្រប់គ្រង​លំហូរ​ភ្ញៀវ​ទេសចរ (Tourism Management Flow)​ឱ្យ​បាន​ច្បាស់លាស់ ។

ទទ្ទឹម​នឹង​នេះ រមណីយដ្ឋាន​ទេសចរណ៍​ទាំងអស់​ត្រូវ​រៀបចំ​មណ្ឌល​ព័ត៌មាន​ទេសចរណ៍ (Tourist Information Center) ទៅ​តាម​ទំហំ​ជាក់ស្តែង​ដើម្បី​ផ្តល់​ព័ត៌មាន ក៏​ដូច​ជា​អប់រំ​ភ្ញៀវ​ទេសចរណ៍ មុន​ពេល​ចូល​ទៅ​លេង​កម្សាន្ដ​ក្នុង​រមណីយដ្ឋាន​របស់​ខ្លួន ហើយ​មន្ទីរ​ទេសចរណ៍​ត្រូវ​ពង្រឹង​មណ្ឌល​ព័ត៌មាន​ទេសចរណ៍​ក្នុង​ខេត្ត​របស់​ខ្លួន ដើម្បី​ជា​កន្លែង​ប្រមូលផ្តុំ និង​ផ្តល់​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ពី​គោលដៅ​ទេសចរណ៍​ក្នុង​ខេត្ត​របស់​ខ្លួន​ទៅ​ដល់​ភ្ញៀវ​ទេសចរ ។

គួរ​បញ្ជាក់​ថា សម្រាប់​ការ​ប្រឡងប្រណាំង​រមណីយដ្ឋាន​គំរូ​លើក​ទី​២ ឆ្នាំ​២០១៨​នេះ មាន​បេក្ខភាព​ជា​រមណីយដ្ឋាន​ស្អាត​ប្រចាំ​រាជធានី​-​ខេត្ត​ចំនួន​៧៨ ត្រូវ​បាន​ស​ម្រឹត​សម្រាំង​យក​មក ចូលរួម ហើយ​ចំនួន​នេះ​មានការ​កើនឡើង​លើស​ទ្វេ​ដង បើ​ធៀប​នឹង​លើក​ទី​១ ឆ្នាំ​២០១៧ ដែល​មាន​រមណីយដ្ឋាន​បេក្ខភាព​ចូលរួម​ចំនួន​៣៣​ប៉ុណ្ណោះ ៕