រាជធានីភ្នំពេញ ៖ នៅក្នុងឱកាសថ្ងៃឈប់សម្រាកនៃពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរសរុបប្រមាណ៣៦៨ ២៤៦ នាក់ កើនឡើង៥.៧៥% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។

ក្នុងនោះ ទេសចរណ៍បរទេសមានចំនួន៩ ៦៤៦ នាក់ ថយចុះ២៧.០៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ។ ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាបមានចំនួនប្រមាណ៣៥៨ ៦០០ នាក់ កើន ៧.០៤%ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ។

ជាមួយគ្នានេះ ដើម្បីបង្កឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានជួបជុំគ្នាសប្បាយរីករាយ និងជួយលើកស្ទួយសេដ្ឋកិច្ច នៅមូលដ្ឋាន រដ្ឋបាលខេត្តសៀមរាប និងសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានរៀបចំឱ្យមានកម្មវិធីមួយចំនួន រួមមាន៖ កម្មវិធីជិះទូកកម្សាន្ត កម្មវិធីប្រណាំងទូកមិត្តភាពសៀមរាបផ្ទះខ្ញុំ កម្មវិធីប្រគុំតន្ត្រីស្គរដៃកម្មវិធីស្តង់ពិព័រណ៍ កម្មវិធីប្រដាល់គុនខ្មែរ ល្ខោនបាសាក់ និងកម្មវិធីកម្សាន្តផ្សេងៗជាច្រើនទៀត នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ ដែលបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃ
ទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប។

ជាមួយគ្នានេះ តាមការជូនដំណឹងរបស់រដ្ឋបាលខេត្តសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប សម្រាប់កម្មវិធីជិះទូកកម្សាន្ត កម្មវិធីផ្សារទឹក នៅដងស្ទឹងសៀមរាប និងបន្តរហូតដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥៕





ចែករំលែកព័តមាននេះ