ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណង់​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ​​ ​សម្រេច​​ជាង​20​%​ហើយ

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ កញ្ញា លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេស​ចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា អមដំណើរ​ដោយ​លោក…

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ កញ្ញា លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេស​ចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា អមដំណើរ​ដោយ​លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា លោក អ៊ុ​ក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា លោក​ឧត្តម​សេនីយ៍ឯ​ក តែម ម៉ឺន អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​ធ្វើ​ដំណើរ​ចុះ​ទៅ​ពិនិត្យ​មើល​ការដ្ឋាន​សំណង់​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ​ដំណាក់កាល​ទី​២ ពោល​គឺ​ទីលាន​បាល់ទាត់​ធំ​ឬ​Main Stadium​សម្រាប់​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុង​ខណ្ឌ​ជ្រោយចង្វា​។

ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នា​ឱកាស​នោះ លោក​រដ្ឋមន្ត្រី​ថោ​ង ខុន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​​ដំណើរការ​សាងសង់​ពហុ​កីឡដ្ឋាន​ដ៏​ទំនើប​មួយ​នេះ​ដែល​មក​ដល់​ពេល​នេះ​សម្រេច​​បាន​ជាង​២០%​ហើយ ។ លោក​ថា ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ​ដំណាក់កាល​ទី​១​បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ​កាលពី​ឆ្នាំ​២០១៧​កន្លង​មកនេះ ដែល​មាន អាង​ហែល​ទឹក ទីលាន​បាល់ទះ បាល់បោះ និង​ប្រដាល់​ជាដើម ។

ដោយឡែក​ចំពោះ​គម្រោង​នៃ​ដំណាក់កាល​ទី​២​នេះ​ទើបតែ​ដំណើរ​ការ​សាងសង់​នៅ​ដើមឆ្នាំ​២០១៨​នេះ​ប៉ុណ្ណោះ ប៉ុន្តែ​សម្រេច​ផែនការ​បាន​ជាង​២០%​ហើយ និង​គ្រោង​បញ្ចប់​នៅ​ឆ្នាំ​២០២០ ។ ចំណែក​គម្រោង​ទី​៣​គឺ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​មួយ​ចំនួន​ទៀត​អាច​នឹង​ត្រូវ​បញ្ចប់​ជា​ស្ថាពរ​នៅ​ឆ្នាំ​២០២១ ដើម្បី​ត្រៀម​ទទួល​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​នៅ​ឆ្នាំ​២០២៣​។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា សំណង់​ពហុ​កី​ឡ​ដ្ឋា​ន​ដ៏​ទំនើប​មួយ​នេះ​ជា​ជំនួយ​ឥត​សំណង​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​មាន​ទំហំ​ទឹកប្រាក់​១៥៧​លាន​ដុល្លារ​អា​មេ​រិ​ក សាងសង់​លើ​ផ្ទៃដី​ទំហំ​ប្រមាណ​១៦,២២​ហិ​កតា ខណៈ​សំណង់​ពហុ​កីឡដ្ឋាន​ធំ​មាន​ទំហំ​៨,២៤​ម៉ឺន​ម៉ែ​ត្រ​កា​រ៉េ អាច​ផ្ទុក​មនុស្ស​បាន​ជាង​៥០០០០​នាក់ មាន​ច្រក​ទ្វារ​ជា​ច្រើន​កន្លែង​​សម្រាប់​ជម្លៀស​មនុស្ស​ចេញ​នៅ​ពេល​មាន​អាសន្ន​ដោយ​ចំណាយពេល​ត្រឹមតែ​៦​នាទី​ប៉ុណ្ណោះ ។

លោក​ថា សំណង់​មួយ​នេះ​គឺ​វិស្វករ​ចិន​បាន​សាងសង់​ឡើង​យ៉ាង​ពិសេស​តាម​បច្ចេក​វិទ្យា​ថ្មី​ចុង​ក្រោយបង្អស់ ហើយ​ក៏​ជា​ស្តា​ត​ថ្មី​និង​ទំនើប​ជាងគេ​នៅ​ក្នុង​តំបន់​អាស៊ី​ផង​ដែរ។ តាម​ការ​ឱ្យ​ដឹង​បន្ថែម សំណង់​នេះ​បាន​ប្រើប្រាស់​កម្លាំង​ពលកម្ម​ជាង​៦០០​នាក់ ដូច្នេះ​លោក​ពិតជា​មាន​មោទនភាព​ខ្លាំង​ណាស់ ជា​ពិសេស​សម្រាប់​កូន​ខ្មែរ​ទាំងមូល​ដែល​យើង​មាន​សំណង់​ដ៏​មហិមា​មួយ​នេះ ។

បើ​ប្រៀបធៀប​ជាមួយ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក គឺ​មាន​ទំហំ​ធំ​ជាង​ឆ្ងាយ​ណាស់ ទាំង​មជ្ឈមណ្ឌល​កីឡាហែលទឹក មជ្ឈមណ្ឌល​កីឡា​ក្នុង​សាល​ជា​ច្រើន​ទៀត​សុទ្ធតែ​មាន​លក្ខណៈ​ទំនើប​ទាំងអស់​។

នៅ​ក្នុង​ឱកាស​នោះ​ដែរ​ក៏​មាន​រៀបចំ​ការ​ប្រគល់​ប្រាក់​រង្វាន់​លើកទឹកចិត្ត​របស់​លោក ថាង ហ្គោ​ដាង អនុប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ដល់​កីឡាករ​និង​កីឡា​ការិនី​ម្ចាស់​មេដាយមាស​កីឡា​អាស៊ី គឺ​កីឡាករ សាលី អ៊ូ​មើ​ត និង​កីឡាការិនី​ខាន់ ចេ​សា ដែល​លោក​បាន​កំណត់​ថា មេដាយមាស​ទទួល​បាន​៨០០០​ដុល្លារ មេដាយ​ប្រាក់​ទទួល​បាន​៥០០០​ដុល្លារ និង​មេដាយ​សំរឹទ្ធ​ទទួល​បាន​៣០០០​ដុល្លារ ។

ដូច្នេះ​កីឡាករ​សាលី អ៊ូ​មើ​តដែល​ដណ្ដើម​បាន​មេដាយមាស​១​និង​សំរឹទ្ធ​១​ទទួល​បាន​ប្រាក់​រង្វាន់​សរុប​១១.០០០​ដុល្លារ ខណៈ​កីឡាការិនី ខាន់ ចេ​សា ទទួល​បាន​៨០០០​ដុល្លារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ