ក្រុមហ៊ុនកូកា-កូឡា (Coca-Cola) និយាយថា ខ្លួនមានគម្រោងជួយប្រយុទ្ធប្រឆាំងនឹងជំងឺធាត់ជ្រុលនៅទូទាំងពិភពលោក ដោយដាក់បង្ហាញចំនួនកាឡូរីឱ្យកាន់តែច្បាស់បន្ថែមទៀតនៅលើផលិតផលដែលមានជាតិស្កររបស់ខ្លួន ក៏ដូចជាបញ្ឈប់ការផ្សាយពាណិជ្ជកម្មដល់ក្មេង ដែលមានអាយុក្រោម១២ឆ្នាំ ហើយណែនាំពួកគេឱ្យនាំគ្នាហាត់ប្រាណឱ្យបានទៀងទាត់ ។
ផែនការនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងអាត្លង់តាដើម្បីពង្រឹងកេរ្តិ៍ឈ្មោះរបស់ខ្លួនក្នុងចំណោមអតិថិជនជាច្រើនចំពេលដែលមានបណ្តឹងដែលថាផលិតផលជាតិស្កររបស់ក្រុមហ៊ុនកំពុងតែបង្កឱ្យមានជំងឺធាត់ជ្រុលនៅលើពិភពលោក ។នាយកប្រតិបត្តិក្រុមហ៊ុនកូកា កូឡា លោក Muhtar Kent ថ្លែងថា យើងចង់ក្លាយជាផ្នែកមួយនៃដំណោះស្រាយនេះ ។ យើងទាំងអស់គ្នាដឹងហើយថាការទទួលយកកាឡូរីគឺកាន់តែសប្បាយរីករាយជាងចំណាយកាឡូរី ហើយយើងចង់ធ្វើឱ្យការចំណាយកាឡូរីមានការសប្បាយរីករាយតិចតួច ។
មួយដបកូកាកូឡាចំណុះ១៦អោនផ្ទុក២១០កាឡូរី ខណៈដែលភេសជ្ជៈ Coke Zero ដែលជាភេសជ្ជៈប្រភេទថ្មីមិនមានកាឡូរី ។ ក្នុងនាមជាក្រុមហ៊ុនភេសជ្ជៈធំបំផុតនៅលើពិភពលោកដែលមានភេសជ្ជៈ៣.៥០០ប្រភេទ Coca-Cola បានសម្រុកចូលទៅកាន់ចំណុចកណ្តាលនៃយុទ្ធនាការសុខភាពពិភពលោកដើម្បីកាត់បន្ថយអត្រាជំងឺធាត់ជ្រុល។
យោងតាមការសិក្សាដ៏ទូលំទូលាយមួយដោយអ្នកស្រាវជ្រាវសាកលវិទ្យាល័យហាវឺដបានអះអាងថា ការប្រើប្រាស់ភេសជ្ជៈមានជាតិស្ករបានឆក់យកជីវិតមនុស្សអស់១៨០.០០០នាក់នៅលើពិភពលោកក្នុងមួយឆ្នាំ ។ ការសិក្សានេះបានភ្ជាប់ភេសជ្ជៈមានជាតិស្ករទៅនឹងការស្លាប់១៣៣.០០០នាក់ដោយសារជំងឺទឹកនោមផ្អែម និង៦.០០០នាក់ដោយសារជំងឺមហារីក ហើយនិង៤៤.០០០នាក់ដោយសារជំងឺបេះដូង។
លោក Kent បន្តថា ផ្នែកមួយនៃយុទ្ធសាស្ត្រថ្មីរបស់ក្រុមហ៊ុននឹងធ្វើឱ្យចំនួនកាឡូរីកាន់តែច្បាស់បន្ថែមទៀតនៅលើភេសជ្ជៈជុំវិញពិភពលោក ដែលក្រុមហ៊ុនធ្លាប់បានធ្វើហើយនៅក្នុងទីផ្សារភាគច្រើននៅអាមេរិក ដោយបង្កើតភេសជ្ជៈដែលមានកាឡូរីទាបជំនួសវិញដូចជា ភេសជ្ជៈ Coke Zero ជាដើម ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏ឈប់កំណត់គោលដៅផលិតផលចំពោះកូនក្មេងដែលមានអាយុក្រោម១២ឆ្នាំដែរ៕
ចែករំលែកព័តមាននេះ