ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហរដ្ឋអាមេរិក​-​ចិន នឹង​ចាប់ផ្តើម​កិច្ចចរចា​លើ​បញ្ហា​ពាណិជ្ជកម្ម នៅ​ស​ប្តា​ហ៍​នេះ

14 ម៉ោង មុន

បរទេស ៖ មន្ត្រី​អា​មេ​រិ​ក និង​ចិន គ្រោង​នឹង​ចាប់ផ្តើម​កិច្ចចរចា​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ ដើម្បី​ព្យាយាម​បន្ថយ​សម្ពាធ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ធំ​ជាងគេ​បំផុត​ទាំង​ពីរ​របស់​ពិភពលោក​។ នេះ​បើ​យោង​តាម​ប្រភព​ពី BBC និង Reuters…

0:00
0:00

បរទេស ៖ មន្ត្រី​អា​មេ​រិ​ក និង​ចិន គ្រោង​នឹង​ចាប់ផ្តើម​កិច្ចចរចា​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ ដើម្បី​ព្យាយាម​បន្ថយ​សម្ពាធ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ធំ​ជាងគេ​បំផុត​ទាំង​ពីរ​របស់​ពិភពលោក​។ នេះ​បើ​យោង​តាម​ប្រភព​ពី BBC និង Reuters ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២៥​។

ក្រសួងការបរទេស​ចិន​បាន​ប្រកាស​ថា លោក​ឧបនាយករដ្ឋមន្ត្រី He Lifeng នឹង​តំណាង​ទីក្រុង​ប៉េ​កាំ​ង​ចូលរួម​កិច្ចចរចា​នៅ​ប្រទេស​ស្វី​ស ចាប់ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១២ ខែឧសភា ឆាប់​ៗ​ខាង​មុខ​នេះ​។ ចំណែកឯ​សហរដ្ឋអាមេរិក​ក៏​បាន​ប្រកាស​ផង​ដែរ​ថា លោក Scott Bessent រដ្ឋមន្ត្រីក្រសួង​រតនាគារ​អា​មេ​រិ​ក និង​លោក Jamieson Greer អ្នកតំណាង​ពាណិជ្ជកម្ម​អា​មេ​រិ​ក (USTR) នឹង​តំណាង​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ក្នុង​កិច្ចចរចា​នេះ​។

ចាប់តាំងពី​ត្រឡប់​មក​សេត​វិមាន​វិញ លោក ត្រាំ បាន​អនុវត្ត​ការ​ដាក់​ពន្ធ​នាំ​ចូល​ថ្មី​លើ​ទំនិញ​របស់​ចិន​រហូត​ដល់ ១៤៥% ដែល​នាំ​ឱ្យ​ភាគី​ចិន​វាយបក​វិញ​ជាមួយ​ការ​យកពន្ធ​លើ​ទំនិញ​មួយ​ចំនួន​ពី​អា​មេ​រិ​ក​ចំនួន ១២៥%​។ តាម​រយៈ​ពន្លឺ​នៃ​ការ​ចាប់ផ្តើម​កិច្ចចរចា​រវាង​មហា​យក្ស​ទាំង​ពីរ​នេះ បណ្តា​អ្នកជំនាញ​ពាណិជ្ជកម្ម​ពិភពលោក​បាន​ប្រាប់ BBC ថា ពួក​គេ​មិន​រំពឹង​ថា ការ​ចរចា​នឹង​ចំណាយ​ត្រឹម​ប៉ុន្មាន​ថ្ងៃ​នោះ​ទេ វា​អាច​ច្រើន​ខែ​។

លោក Scott Bessent បាន​លើក​ឡើង​ថា លោក​ទន្ទឹងរង់ចាំ​ការ​ធ្វើ​ឱ្យ​មាន​តុល្យភាព​ឡើង​វិញ​នូវ​ប្រព័ន្ធ​សេដ្ឋកិច្ច​អន្តរជាតិ ដើម្បី​បម្រើ​ផលប្រយោជន៍​របស់​សហរដ្ឋអាមេរិក​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។ ថ្លែង​ក្នុង​បទ​សម្ភាសន៍​ជាមួយ Fox News លោក Bessent បានឱ្យ​ដឹង​ថា «​នេះ​នឹង​ក្លាយជា​ការ​ពិភាក្សា​អំពី​ការ​បន្ថយ​ការ​កើនឡើង​សម្ពាធ មិនមែន​អំពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ធំដុំ​នោះ​ទេ ប៉ុន្តែ​យើង​ត្រូវ​តែ​បែប​នេះ មុន​ពេល​ដែល​យើង​អាច​ឆ្ពោះទៅ​មុខ​បន្ត​ទៀត​»​។

ក្រ​ឡែក​ទៅ​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ចិន បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែឧសភា​ថា «​ប្រសិន​បើ​អា​មេ​រិ​ក​ចង់​ដោះស្រាយ​បញ្ហា​តាម​រយៈ​ការ​ចរចា នោះ​វា​ត្រូវ​តែ​ប្រឈម​មុខ​នឹង​ផល​ប៉ះពាល់​អវិជ្ជមាន​យ៉ាងធ្ងន់ធ្ងរ នៃ​វិធានការ​ពន្ធ​ឯកតោភាគី​របស់​ខ្លួន​»​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​បាន​រាយការណ៍​ថា ទីក្រុង​ប៉េ​កាំ​ង​បាន​សម្រេចចិត្ត​ចូលរួម​តុ​ចរចា​ជាមួយ​សហរដ្ឋអាមេរិក បន្ទាប់​ពី​បាន​ពិចារណា​យ៉ាង​ពេញលេញ​នូវ​ការ​រំពឹង​ទុកជា​សកល​លើ​ផលប្រយោជន៍​ប្រទេស​ជាតិ និង​ការ​អំពាវនាវ​ពី​ធុរកិច្ច​អា​មេ​រិ​ក​។ របាយការណ៍​បាន​បន្ថែម​ថា ប្រទេស​ចិន​បើកចំហ​សម្រាប់​កិច្ច​ពិភាក្សា ប៉ុន្តែ​ក៏​បាន​ក្រើនរំលឹក​ឡើង​វិញ​ថា ប្រសិនបើ​អា​មេ​រិ​ក​សម្រេចចិត្ត​បន្ត​ប្រយុទ្ធ​នឹង​សង្គ្រាម​ពាណិជ្ជកម្ម​នេះ ចិន​នឹង​តស៊ូ​ដល់ទី​បញ្ចប់​។ ដ្បិត​សង្គ្រាម​ពាណិជ្ជកម្ម​បាន​បង្ក​ឱ្យ​មាន​ភាព​ចលាចល​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ និង​បាន​ជះ​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ពាណិជ្ជកម្ម​ពិភពលោក​។

សូម​ជម្រាប​ថា នេះ​គឺជា​ជំនួប​លើក​ដំបូង​រវាង​មន្ត្រីជាន់ខ្ពស់​ចិន និង​សហរដ្ឋអាមេរិក ចាប់តាំងពី​សមាជិក​ព្រឹទ្ធសភា​អា​មេ​រិ​ក លោក Steve Daines បាន​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ចិន លោក Li Qiang នៅ​ទីក្រុង​ប៉េ​កាំ​ង កាលពី​ខែមីនា​កន្លង​ទៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ