ទីក្រុងបាងកក ៖ ប្រទេសថៃបានមើលឃើញពីការធ្លាក់ចុះវត្តមានភ្ញៀវទេសចរបរទេស សម្រាប់រយៈពេល៤ខែដំបូងនៃឆ្នាំនេះ ប៉ុន្តែប្រាក់ចំណូលកើនឡើង បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមប្រភពពីសារព័ត៌មានថៃ The Nation បានចេញផ្សាយកាលពីពេលថ្មីៗនេះ។
ក្រសួងទេសចរណ៍ និងកីឡារបស់ប្រទេសថៃបានចេញផ្សាយស្ថិតិដោយបង្ហាញថា ភ្ញៀវទេសចរបរទេសចំនួន១២,០៩លាននាក់បានមកដល់ប្រទេសថៃក្នុងរយៈពេល៤ខែដំបូង នៃឆ្នាំ២០២៥ ពោលគឺធ្លាក់ចុះ ០,២៦% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ទោះជាយ៉ាងណាក៏ដោយ ប្រាក់ចំណូលពីទេសចរណ៍បានកើនឡើង ៥,២៤% ពីមួយឆ្នាំទៅមួយឈានដល់ ៥៧៦,៨៥ពាន់លានបាត ឬស្មើនឹងជាង ១៧,៣៣ពាន់លានដុល្លារអាមេរិក។
ដោយគិតក្នុងខែមេសាតែមួយ ដោយរាប់បញ្ចូលទាំងពិធីបុណ្យសង្ក្រាន្ត ភ្ញៀវបរទេសចំនួន២,៥៤លាននាក់បានមកលេងប្រទេសថៃ ពោលធ្លាក់ចុះ ៧,៦% បើប្រៀបធៀបនឹងខែមេសា ឆ្នាំ២០២៤ ខណៈដែលប្រទេសម៉ាឡេស៊ីបានវ៉ាដាច់ប្រទេសចិន អំឡុងខែនោះ។
ភ្ញៀវទេសចរប្រទេសទាំង ១០ ដែលមកដល់ប្រទេសថៃច្រើនជាងគេក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំនេះ រួមមាន ៖ ប្រទេសចិនមានចំនួន ១ ៦៤៨ ៦៤៧នាក់, ម៉ាឡេស៊ីចំនួន ១ ៥១៦ ១៣២នាក់, រុស្ស៊ីចំនួន ៨៧៧ ៥១៦នាក់, ឥណ្ឌាចំនួន ៧៥០ ០៥៦នាក់, កូរ៉េខាងត្បូងចំនួន ៥៨២ ៣៨៥នាក់, ចក្រភពអង់គ្លេសចំនួន ៤៤៥ ៣៤៧នាក់, អាល្លឺម៉ង់ចំនួន ៤២៤ ១០១នាក់, សហរដ្ឋអាមេរិក ៤០១ ១៣៧, បារាំង ៣៨២ ២៥៧នាក់ និងជប៉ុន ៣៧៤ ៨៩៦នាក់។
ដោយឡែក ភ្ញៀវទេសចរប្រទេសទាំង ១០ ដែលមកដល់ប្រទេសថៃច្រើនជាងគេ អំឡុងខែមេសា ឆ្នាំ ២០២៥ រួមមាន ៖ ប្រទេសម៉ាឡេស៊ីចំនួន ៣៦២ ៦៣៦នាក់, ចិន ៣១៧ ២១៣នាក់, ឥណ្ឌា ២០៦ ២៨៦នាក់, រុស្ស៊ី ១៥៥ ៣១៤នាក់, ចក្រភពអង់គ្លេស ១១០ ២៣១នាក់, កូរ៉េខាងត្បូង ៨៤ ៤៥៥នាក់, អាល្លឺម៉ង់ ៨២ ៨៥៩នាក់ សហរដ្ឋអាមេរិក ៨០ ៥០៦នាក់, ឡាវ ៨០,៤៦៨នាក់ និងអូស្ត្រាលី ៧៥ ០៦៧នាក់៕

ចែករំលែកព័តមាននេះ