ទីក្រុងញូដេលី ៖ ប្រទេសឥណ្ឌាបានប្រកាសកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ថា ខ្លួនបានហាមឃាត់ការនាំចូលទំនិញទាំងអស់មកពី ឬឆ្លងកាត់ប្រទេសប៉ាគីស្ថាន ព្រមទាំងបានរារាំងកប៉ាល់ដឹកទំនិញប៉ាគីស្ថានទាំងអស់ផងដែរ ខណៈភាពតានតឹងកើនឡើងកាន់តែខ្លាំងឡើងរវាងប្រទេសជិតខាងទាំងពីរ បន្ទាប់ពីការវាយប្រហារដ៏សាហាវលើភ្ញៀវទេសចរនៅក្នុងតំបន់ជម្លោះកាស្មៀរឥណ្ឌា។ នេះបើតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ។
អគ្គនាយកដ្ឋានពាណិជ្ជកម្មបរទេសរបស់ប្រទេសឥណ្ឌា បានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងមួយថា «ការហាមឃាត់នេះនឹងចូលជាធរមានភ្លាមៗ។ ការរឹតបន្តឹងនេះ ត្រូវបានដាក់ចេញក្នុងផលប្រយោជន៍សន្តិសុខជាតិ និងគោលនយោបាយសាធារណៈ»។
ឥណ្ឌាបានចោទក្រុមសកម្មប្រយុទ្ធប៉ាគីស្ថានពីការជាប់ពាក់ព័ន្ធនឹងការវាយប្រហារ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់២៦នាក់ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅតំបន់ទេសចរណ៍ភ្នំមួយក្នុងតំបន់ប៉ាហាលហ្គាម (Pahalgam) នៃជ្រលងភ្នំកាស្មៀរឥណ្ឌា ប៉ុន្តែត្រូវបានភាគីប៉ាគីស្ថានបដិសេធទាំងស្រុង ដោយអះអាងថា ខ្លួនមានការស៊ើបអង្កេតដ៏គួរឱ្យទុកចិត្តចំពោះរឿងនេះ ប៉ុន្តែឥណ្ឌាបានបង្ហាញបំណងចង់ចាប់ផ្តើមសកម្មភាពយោធា។
វិធានការសងសឹករបស់ប៉ាគីស្ថានរួមមាន ការបញ្ឈប់រាល់ពាណិជ្ជកម្មតាមព្រំដែន ការបិទដែនអាកាសរបស់ខ្លួនចំពោះក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា និងការបណ្តេញមន្ត្រីការទូតឥណ្ឌា។ លើសពីនេះទៀត រដ្ឋាភិបាលប៉ាគីស្ថានក៏បានព្រមានផងដែរថា ការប៉ុនប៉ងណាមួយដើម្បីទប់ស្កាត់លំហូរទឹកទន្លេ ដែលព្រមព្រៀងគ្នាក្រោមសន្ធិសញ្ញា ដែលមានអាយុកាលជាច្រើនទសវត្សរ៍មកហើយនោះ នឹងត្រូវបានចាត់ទុកថាជាទង្វើនៃការបញ្ឆេះភ្លើងសង្គ្រាម។
ប្រទេសឥណ្ឌាបានប្រកាសកាលពីថ្ងៃទី៣ ខែឧសភា កន្លងទៅថា រាល់កប៉ាល់មានទង់ជាតិប្រទេសប៉ាគីស្ថាននឹងមិនត្រូវបានអនុញ្ញាតឱ្យចូលគ្រប់កំពង់ផែរបស់ឥណ្ឌា ហើយកប៉ាល់មានទង់ជាតិឥណ្ឌានឹងមិនចេញទៅកាន់គ្រប់កំពង់ផែនៅក្នុងប្រទេសប៉ាគីស្ថានដូចគ្នា។ អគ្គនាយកដ្ឋានដឹកជញ្ជូនឥណ្ឌាបានគូសបញ្ជាក់ថា «បទបញ្ជានេះត្រូវបានដាក់ចេញ ដើម្បីធានាសុវត្ថិភាពទ្រព្យសម្បត្តិរបស់ឥណ្ឌា ទំនិញ និងហេដ្ឋារចនាសម្ព័ន្ធដែលបានតភ្ជាប់ជាប្រយោជន៍សាធារណៈ និងសម្រាប់ផលប្រយោជន៍នៃការដឹកជញ្ជូនរបស់ឥណ្ឌាទាំងមូល»។ ស្របពេលដែលប្រភពពី Reuters ក៏បានរាយការណ៍ថា ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕


ចែករំលែកព័តមាននេះ