រាជធានីភ្នំពេញ ៖ ជនសង្ស័យពីរនាក់រងរបួសធ្ងន់ធ្ងរត្រូវរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់បានសម្រេច ហើយព្យាយាមជិះម៉ូតូរត់គេចខ្លួន បណ្តាលឱ្យទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចស្តុបផ្សារដីហុយ តាមបណ្ដោយផ្លូវហាណូយកែងនិងផ្លូវ១៩៨៦ ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
![Picture]()
ជនរងគ្រោះឈ្មោះ យ៊ុង មុន្នី ភេទប្រុស អាយុ៤០ឆ្នាំ ជាមេការខារ៉ាអូខេ ស្នាក់នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
![Picture]()
បើតាមប្រពភព័ត៌មានពីជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូមួយគ្រឿងម៉ាក GIORNO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១DF-២៣៩៣ ទើបតែជិះចេញមកពីកន្លែងធ្វើការក្នុងគោលបំណងជិះទៅហូបមីឆានៅក្បែរកន្លែងកើតហេតុ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយ ក្នុងទិសដៅពីជើងទៅត្បូង។
![Picture]()
ប្រភពដដែលបានបន្តថា លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែលេចមុខជនសង្ស័យពីរនាក់ខាងលើជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១HE-៦៦៤១ ជិះមកពីក្រោយ ហើយក៏ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿងម៉ាកសាំសុងពីគាត់ដែលដាក់ក្នុងហោប៉ៅអាវបានសម្រេច។
![Picture]()
ភ្លាមៗនោះជនសង្ស័យបានព្យាយាមបើកម៉ូតូជិះរត់គេចខ្លួន តែគាត់ក៏ស្រែកចោរៗបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនោះបានយកដុំថ្មគប់ទៅលើជនសង្ស័យ បណ្តាលឲ្យម៉ូតូជនសង្ស័យខាងលើដួលទៅបោកនឹងខឿនសួនច្បារពុះចែកទ្រូងផ្លូវរងរបួសធ្ងន់ធ្ងរទាំងពីរនាក់ ហើយត្រូវចាប់ឃាត់ខ្លួនបានតែម្តង ចំណែកឯម៉ូតូរបស់ជនសង្ស័យបានរងការខូចខាតយ៉ាងដំណំ។
![Picture]()
ក្រោយពេលកើតហេតុសមត្ថកិច្ច មូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ បានទាក់ទងទៅរថយន្តគ្រោះដើម្បីមកដឹកជនសង្ស័យទាំងពីរនាក់ខាងលើយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ រង់ចាំចាត់ការទៅតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ