ខេត្តកោះកុង ៖ បន្ទាប់ពីកោះសន្តិភាពបានចុះផ្សាយកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ អំពីការព្រួយបារម្ភរបស់ពលរដ្ឋខេត្តកោះកុងរាប់ពាន់គ្រួសារដែលកំពុងរងទុក្ខដោយសារតែដីកម្មសិទ្ឋិ និងលំនៅដ្ឋានរបស់ពួកគាត់ត្រូវបានដាក់ចូលក្នុងតំបន់ការពារដោយអនុក្រិត្យ និងលិខិត សជណ ខេត្ត រួចមក អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋនានា រួមទាំងអាជ្ញាធរខេត្តផងដែរ បានមានប្រតិកម្មយ៉ាងឆាប់រហ័សដោយលើកយកការពិចារណាជាថ្មី និងបានបើកកិច្ចប្រជុំជាច្រើនលើកច្រើនសា ដើម្បីបញ្ចៀសបញ្ហាចំរូងចំរាស់កុំអោយកើតមាន ។
ជាក់ស្តែងនៅថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០១៨ នេះ លោកយស់ ឆោមណារ៉ាឌី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយ៍កម្មនិងសំណង់ បានកោះអញ្ជើញអាជ្ញាធរខេត្ត ក្រុង ស្រុកមេឃុំ ចៅសង្កាត់ មេភូមិ និងមន្ទីរពាក់ព័ន្ឋមួយចំនួនដើម្បី បើកកិច្ចប្រជុំមួយក្រោមប្រធានបទ ប្លង់គោលក្រុងខេមរភូមិន្ទ ក្នុងនោះអង្គប្រជុំបានលើកយក និងផ្តោតសំខាន់ទៅលើខ្លឹមសារអនុក្រិត្យលេខ៨០ អនក្រ.បក ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ របស់ក្រសួងបរិស្ថាន និងលិខិតលេខ១៨៥/១៨ សជណ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ របស់លោកស្រី មិថុនា ភូថង ដែលគ្របដណ្តប់លើផ្ទៃដីកម្មសិទ្ឋិ និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ។
តាមមន្ត្រីចូលរួមក្នុងកិច្ចប្រជុំនេះជាច្រើនបានបញ្ជាក់ថា ទោះបីអនុក្រិត្យនិង លិខិត សជណ ត្រូវបានប្រកាសសុពលភាពរួចហើយក្តី ប៉ុន្តែអង្គប្រជុំបានឯកភាពធ្វើលិខិតអនុប្រយោគដើម្បីស្នើសុំទៅក្រសួងមហាផ្ទៃខ្វៀលដីកម្មសិទិ្ឋនិងលំនៅដ្ឋានរបស់ពលរដ្ឋចេញពីតំបន់ការពារទាំងពីរ ។
សូមរំលឹកថាផ្ទៃដីអចលនទ្រព្យរបស់រដ្ឋដែលមានចំនួនសរុបរាប់រយទីតាំង និងកម្មសិទ្ឋិពលរដ្ឋរាប់ពាន់ខ្នង ស្ថិតនៅក្នុងក្រុងស្រុកចំនួន៦ គឺស្រុកស្រែអំបិល ស្រុកបុទុមសាគរ ស្រុកគីរីសាគរ ស្រុកថ្មបាំង ស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ ត្រូវបានគ្របដណ្តប់ ដោយសារ វិសាលភាពនៃអនុក្រិត្យ និងលិខិត សជណ ជាហេតុធ្វើអោយចរាចរសេដ្ឋកិច្ចលើវិស័យអចលនទ្រព្យ និងការអភិវឌ្ឍត្រូវបានជាប់គាំងធ្វើឲ្យកម្រិតជីវភាពរបស់ប្រជាពលរដ្ឋមានការធ្លាក់ចុះ និងគម្រោងអភិវឌ្ឍន៍របស់អាជ្ញាធរមួយចំនួនក៏ត្រូវរាំងស្ទះក្នុងអំឡុងពេល២-៣ឆ្នាំចុងក្រោយនេះ ហើយកម្មសិទ្ធលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ(ប្លង់រឹង)ដែលមានស្រាប់ត្រូវបានបដិសេធពុំទទួលស្គាល់តាមផ្លូវច្បាប់ឡើយ ពេលដែលពួកគាត់ត្រូវការយកប្លង់ទាំងនោះទៅខ្ចីលុយពីធនាគារ ។
មន្ត្រីសាលាខេត្តកោះកុងបានអះអាងថាដើម្បីពន្លឿនការងារនេះអាជ្ញាធរខេត្តបានបង្កើតគណៈកម្មការមួយចុះស្រង់ទិន្ន័យដីពលរដ្ឋដែលពាក់ព័ន្ឋហើយស្នើសុំទៅក្រសួងមហាផ្ទៃដើម្បីខ្វៀលចេញពីតំបន់ការពារ ក្នុងនោះស្រុកកោះកុងនិងក្រុងខេមរភូមិន្ទ មានការពាក់ព័ន្ឋច្រើនជាងគេ ។
ជាក់ស្តែងដីពលរដ្ឋក្នុងសង្កាត់ស្មាច់មានជ័យប្រមាណ៥៨០ប្លង់ដែលក្រុមនិស្សិតបានវាស់វែងកន្លងមក ក៏កំពុងដាក់ស្នើសុំកាត់ចេញដែរ ។
ប្រភពដដែលបន្តថា គម្រោងខ្វៀលដីចេញពីតំបន់ការពារនេះនឹងត្រូវបញ្ចប់មុនពិធិបុណ្យសមុទ្រដែលនឹងរៀបចំឡើងនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៨នេះ ៕
ចែករំលែកព័តមាននេះ