ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​បង​នៅ​កំលោះ​ហើយ​បួស​យ៉ាងនេះ​… សូម​លោក​បង​បរិភោគ​កាម​សិន

5 ឆ្នាំ មុន

នៅ​ក្នុង​គម្ពីរ​ធម្មបទដ្ឋកថា មាន​សម្តែង​អំពី​ដំណើរ​ជីវិត​របស់​កុលបុត្រ ឈ្មោះ សុន្ទរ​សមុទ្ទ​កុមារ កើត​ក្នុង​ត្រកូល​សេដ្ឋី​ក្រុង​សាវត្ថី​។ ថ្ងៃមួយ សុន្ទរ​សមុទ្ទ​កុមារ​មាន​សេចក្តី​ជ្រះថ្លា​ទៅ​វត្ត​ស្តាប់ធម៌​ជាមួយនឹង​បរិស័ទ​ដែរ​។ ព្រះ​បរម​សាស្តា​ទ្រង់​ជ្រាប​បំណង​របស់​កុមារ​នោះ ទើប​ទ្រង់​ត្រាស់​សម្តែង​ឱ្យ​កុលបុត្រ​មាន​សទ្ធា​ក្នុង​ផ្នួស ។…

នៅ​ក្នុង​គម្ពីរ​ធម្មបទដ្ឋកថា មាន​សម្តែង​អំពី​ដំណើរ​ជីវិត​របស់​កុលបុត្រ ឈ្មោះ សុន្ទរ​សមុទ្ទ​កុមារ កើត​ក្នុង​ត្រកូល​សេដ្ឋី​ក្រុង​សាវត្ថី​។ ថ្ងៃមួយ សុន្ទរ​សមុទ្ទ​កុមារ​មាន​សេចក្តី​ជ្រះថ្លា​ទៅ​វត្ត​ស្តាប់ធម៌​ជាមួយនឹង​បរិស័ទ​ដែរ​។ ព្រះ​បរម​សាស្តា​ទ្រង់​ជ្រាប​បំណង​របស់​កុមារ​នោះ ទើប​ទ្រង់​ត្រាស់​សម្តែង​ឱ្យ​កុលបុត្រ​មាន​សទ្ធា​ក្នុង​ផ្នួស ។
ពេល​ចប់​ធម្មទេសនា សុន្ទរ​សមុទ្ទ​កុមារ​បាន​ត្រឡប់​មក​លំនៅ​ឋាន​វិញ ហើយ​សុំ​អង្វរ​ខ្លាំង​ណាស់ ទម្រាំ​តែ​មាតាបិតា អនុញ្ញាត​ឱ្យ​បួស​ក្នុង​សំណាក់​ព្រះពុទ្ធ ។

កាលដែល​បាន​បួស​ហើយ លោក​មិន​ជាប់ជំពាក់​នឹង​ត្រកូល មិន​ជាប់ជំពាក់​នឹង​ទីកន្លែង លោក​បាន​ចេញពី​ក្រុង​សាវត្ថី​ទៅ​កាន់​ក្រុង​រាជគ្រឹះ ប្រព្រឹត្ត​បិណ្ឌបាត​ញ៉ាំង​កាល​ឱ្យ​កន្លង​ទៅ​ដោយ​ការ​រស់នៅ​ក្រោម​ម្លប់​កាសាវពស្ត្រ ។

ថ្ងៃមួយ​មាតាបិតា​របស់​ព្រះ​សុន្ទរ​សមុទ្ទ​ត្ថេ​រៈ​នោះ បានឃើញ​ប្រុស​ៗ​ដែល​ធ្លាប់​ជា​មិត្តសម្លាញ់​របស់​កូន​កំពុង​តែ​រីករាយ​ដោយ​កាមគុណ​លើ​គំនរ​នៃ​ទ្រព្យសម្បត្តិ ក្នុង​ថ្ងៃ​មហោស្រព ក៏​នឹករលឹក​ដល់​កូន​គឺ​ប្រាថ្នា​ឱ្យ​កូន​សប្បាយ​ដូច​គេ​ដែរ ក៏​ពឹងពាក់​ស្រី​សោភិនី​ម្នាក់​ឱ្យទៅ​លួងលោម​លោក​កូន​ដើម្បី​ឱ្យ​លោក​សឹក​មក​សប្បាយ​នឹង​គេ ។

នាង​សោភិនី ក៏​បាន​ធានា​នឹង​លួងលោម​លោក​ឱ្យ​សឹក​យក​ធ្វើ​ស្វាមី​ឱ្យ​បាន ហើយ​នាង​បាន​ទៅ​កាន់​ក្រុង​រាជគ្រឹះ ព្រម​ដោយ​បរិវារ​ដ៏​ច្រើន កំណត់​ផ្លូវ​បិណ្ឌបាត​នៃ​ព្រះ​ថេរៈ​ហើយ​ជួល​ប្រាសាទ​៧​ជាន់​ជាទី​សំណាក់​ក្នុង​ទីនោះ រៀបចំ​អាហារ​ប្រណីត​ទុក​តាំងពី​ព្រលឹម ដើម្បី​ប្រគេន​ដល់​ព្រះ​ថេរៈ​ដែល​និមន្ត​បិណ្ឌបាត ។

ពីរ​បី​ថ្ងៃ​ក្រោយមក​នាង​សោភិនី​នោះ​បាន​និមន្ត​ព្រះ​ថេរៈ​ឱ្យ​ឆាន់​នៅ​នឹង​ប្រាសាទ​តែ​ម្តង ។ នាង​បាន​ធ្វើ​ល្បិច​ឱ្យ​ក្មេង​ៗ​មក​លេង​ដី ហើយ​ស្រែក​លេង​ខ្លាំង​ៗ ដើម្បី​បាន​កិច្ច​និមន្ត​លោក​ឡើង​ទៅ​ជាន់​លើ​បំផុត ហើយ​ព្រះ​ថេរៈ ក៏​ព្រម​ឡើង​ទៅ​លើ​ប្រាសាទ​ជាន់​ទី​៧ តាម​ពាក្យ​របស់​នាង ។

ពេល​នោះ​នាង​សោភិនី បាន​ប្រើ​មាយា​របស់​ខ្លួន​ដោយ​ពាក្យ​សម្តី ដោយ​អាកប្បកិរិយា​សព្វគ្រប់ នាង​តាក់តែង​ខ្លួនប្រាណ​ស្អាត ដោយ​សម្លៀក​បំពាក់ ស្អិតស្អាង​ដោយ​កម្រងផ្កា មាន​ជើង​លាប និង​ដុសខាត់​ដោយ​ទឹក​ល័ក្ត ពាក់​ស្បែកជើង​មាស ។

លុះ​ដោះ ស្បែកជើង​ចេញ​ហើយ ក៏​ធ្វើ​អញ្ជលី​ចំពោះ​មុខ ហើយ​ពោល​វាចា ចែចង់ ដោយ​សម្តី​ដ៏​ទន់​ពីរោះ​ដូច្នេះ​ថា លោក​បង​នៅ​កំលោះ​ហើយ​បួស​យ៉ាងនេះ​សូម​លោក​បង​ជឿ​ពាក្យ​របស់​នាង​ខ្ញុំម្ចាស់​ចុះ សូម​លោក​បង​បរិភោគ​កាម​ជា​ឋានសួគ៌​បស់​មនុស្ស​សិន ខ្ញុំព្រះករុណា នឹង​ប្រគល់​នូវ​សម្បត្តិ​ដ៏​ជាទី​ពេញចិត្ត​ដល់​លោក​បង​។ បើ​លោក​បង​មិន​ជឿ ខ្ញុំ​សូម​ស្បថ មុខ​ភ្លើង ខ្ញុំព្រះករុណា និយាយ​នូវ​ពាក្យពិត កាលណា​យើង​ទាំង​ពីរ​នាក់ ជា​មនុស្ស​ចាស់​កាន់​ឈើច្រត់​ហើយ យើង​នឹង​ទៅ​បួស​ទាំងអស់​គ្នា ដូច្នោះ​យើង​នឹង​កាន់​យក​បាន​នូវ​ជ័យជម្នះ​ក្នុង​លោក​ទាំង​ពីរ ។

គ្រានោះ​សេចក្តី​សង្វេគ​បាន​កើតឡើង​ដល់​ព្រះ​ថេរៈ ឱ​ហ្ន៎​! អំពើ​ដែល​យើង​ធ្វើ​ហើយដោយ​មិន​បាន​ពិចារណា​នេះ​ជា កម្ម​ដ៏​ធ្ងន់​ទេតើ ។

ក្នុង​ខណៈនោះ ព្រះ​បរម​សាស្តា ទ្រង់​គង់នៅ​ឯ​វត្ត​ព្រះ​ជេតពន​ដែល​មាន​ចម្ងាយ​៤៥​យោជន៍​ពី​ក្រុង​រាជគ្រឹះ ទ្រង់​ប្រារឰ​រឿង​នោះ ហើយ ទ្រង់​ព្រះ​ញញឹម​ឱ្យ​ប្រាកដ ។ កាលដែល​ព្រះ​អានន្ទ​ក្រាបទូល​សួរ ព្រះ​អង្គ​ទ្រង់​ត្រាស់​ថា សង្គ្រាម​កើត​មាន​ដល់​សុន្ទរ​សមុទ្ទ​ភិក្ខុ​ជាមួយ នឹង​នាង​សោភិនី នៅ​លើ​ប្រាសាទ​ជាន់​ទី ៧ នា​ក្រុង​រាជគ្រឹះ ។ ព្រះ​អានន្ទ​ក្រាបទូល​សួរ​បន្ត​ថា នរណា​ឈ្នះ​ព្រះ​អង្គ ? បុត្រ​របស់​តថាគត​ជា​អ្នក​ឈ្នះ ។

ព្រះ​ដ៏​មាន​ព្រះ​ភាគ ទ្រង់​គង់នៅ​នា​វត្ត​ជេតពន​មហាវិហារ​នោះ​ឯង ទ្រង់​ផ្សាយ​ព្រះ រស្មី​ទៅ ហើយ​ត្រាស់​ថា ម្នាល​ភិក្ខុ អ្នក​ចូរ​អស់​អាល័យ ចូរ​លះ​នូវ​កាម​ចេញ​ស្រឡះ រួច​ត្រាស់​នូវ​ព្រះ​គាថា យ៉ាងនេះ​ថា បុគ្គល​ណា​លះ​កាម​ទាំងឡាយ​ក្នុង​លោក​នេះ ហើយ​ជា​បុគ្គល​មិន​មានផ្ទះ គេច​ចេញ​ចាក​កាម​បាន តថាគត​ហៅ​បុគ្គល​ដែល​ជា​អ្នក​អស់​កាម​ហើយ ថា​ជា​ព្រាហ្មណ៍ ។

កាល​ចប់​ព្រះធម៌​ទេសនា ព្រះ​ថេរៈ​បាន​សម្រេច​ព្រះ​អរហត្ត ព្រម​ដោយ​ឫទ្ធិ ហើយ​លោក​ហោះ​ទម្លុះ​ជញ្ជាំង​ថ្ម​ចេញ​អំពី​ប្រាសាទ​នោះ មក​ថ្វាយបង្គំ​ព្រះ​បរម​សាស្តា រួចផុតពីកាមទេព ។