ចូលឆ្នាំថ្មី ! តើយើងត្រូវទទួលទេវតាយ៉ាងម៉េចបានត្រឹមត្រូវ?
- ភ្នំពេញ
តាមជំនឿ និងទំនៀមទម្លាប់ខ្មែរឲ្យតែដល់ពេលចូលឆ្នាំថ្មីប្រពៃណីជាតិរាល់ឆ្នាំ ប្រជាជនខ្មែរ ទាំងអស់តែងតែចូលរួមពិធីទទួលទេវតាឆ្នាំថ្មី នៅតាមផ្ទះរៀងៗខ្លួន តាមទីអារ៉ាម និងពិធីផ្លូវការនានាមិនដែលខកខាន ដើម្បីសុំពរជ័យសុំសេចក្តីសុខសប្បាយ ប៉ុន្តែសួរថា តើយើងបានដឹងអំពីវិធីទទួលទេវតាឆ្នាំថ្មីយ៉ាងណាបានត្រឹមត្រូវតាមក្បូនតាមខ្នាត និងតម្រាបុរាណទេ?
លោក សឹង គា ម្ចាស់ផ្ទះជ័យភូមិ និងជាអ្នកជំនាញផ្នែកអរិយធម៌ បានអោយដឹងថា ជារឿង ធម្មតាមិនចាំបាច់តែ ពិធីសែនទទួលទេវតាឆ្នាំថ្មីនោះទេ សូម្បីតែពិធីរៀបអាពាហ៍ពិពាហ៍ ឬក៏ពិធីបុណ្យទានផ្សេងៗក៏គេត្រូវរៀបចំសែនថ្វាយទៅកាន់ទេវតា ដែលតែងតែចាំតាមថែរក្សាមនុស្សម្នានៅក្នុងក្រុមគ្រួសារនីមួយៗដែរ ។ លោក សឹង គា បានអោយកម្មវិធីលុយនៃសារព័ត៌មានកោះសន្តិភាពដឹងថា «នៅពេលបុណ្យចូលឆ្នាំថ្មី! ពិធីទទួលទេវតាជាភ្ញៀវធំ (ភ្ញៀវរបស់ម្ចាស់ផ្ទះនីមួយៗ) យើងត្រូវតែស្វាគមន៍ឲ្យបានត្រឹមត្រូវ ។ ទេវតាដែលមកនេះ គឺមានច្រើនណាស់» ។

លោក សឹង គា បន្តថា ការសែនព្រេនទទួលទេវតាឆ្នាំថ្មី ត្រូវសែនព្រេន រួមទាំងព្រះភូមិទេវតា រក្សាផ្ទះនីមួយៗ ជំនាងផ្ទះនៃផ្ទះនីមួយៗ គ្រូបាធ្យាយជាដើម ទើបមានរៀបចំតុមួយដោយឡែកសម្រាប់ទទួលទេវតាឆ្នាំថ្មី ដែលតុនោះរៀបចំតុបតែងលម្អទៅតាមទេវតានៃឆ្នាំ នីមួយៗដែលនឹងត្រូវយាងចុះមកកាន់គេហដ្ឋានរបស់ប្រជាជនយើងនីមួយៗ ។
លោក សឹង គា បន្តថា «ការសែនព្រេនសម្រាប់ផ្ទះនីមួយៗដោយរាប់តាំងពីព្រះភូមិ ជំនាងផ្ទះ គ្រូបាធ្យាយ ជីដូនជីតាជាដើមនោះ ជាការប្រាប់ទៅកាន់ពួកគាត់ អោយដឹងអោយលឺថា ថ្ងៃនេះជាថ្ងៃចូលឆ្នាំថ្មី ហើយនឹងមានទេវតាឆ្នាំថ្មីជាភ្ញៀវរបស់យើងប្រោះព្រំអោយពរ អោយជ័យមកដល់យើង សូមអស់លោកចាំទទួលផង ហើយក៏ជាការបើកផ្លូវសម្រាប់ការយាងចុះមករបស់ទេវតាឆ្នាំថ្មី ។ បើយើងមិនបានប្រកាសទេ ព្រះភូមិនឹងមិនបើកផ្លូវដែរ ត្បិតថា ទេវតាមានសក្តិធំមែន តែច្បាប់គេទឹកដីគេ គេមានច្បាប់ទម្លាប់ដូច្នេះ» ។

ដោយក្នុងឆ្នាំនេះ ពេលវេលាសែនទទួលទេវតាឆ្នាំថ្មី យាងចុះមកភពផែនដី គឺនៅថ្ងៃមហាសង្ក្រាន្តនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំនេះ ចំថ្ងៃសៅរ៍ ទី១៣ ខែមេសា ឆ្នាំ២០២៤ ឬថ្ងៃទី៥ កើតខែចេត្រ ព.ស.២៥៦៧ នៅវេលាម៉ោង២២និង២៤នាទី ។ ឯគ្រឿងរណ្តាប់ទទួលទេវតាឆ្នាំថ្មីទៀតសោត ជាទូទៅគេមានបែងចែកជា៣ គឺមានគ្រឿងរណ្តាប់សម្រាប់ព្រះរាជា សម្រាបអ្នកមុខ អ្នកការ និងសម្រាប់ប្រជារាស្ត្រសាមញ្ញ ។
លោក សឹង គា បន្ថែមថា «នេះ (គ្រឿងរណ្តាប់ទទួលទេវតា)យើងដាក់ដំណើរល្អដាក់កន្លែងទំនងល្អ ដំណើរស្រួល ទំនងស្រួលដល់យើងអ្នកចេញចូលក្នុងផ្ទះមិនដែល (ទេវតាឆ្នាំថ្មី) ប្រកាន់ទៅទិសខាងណានោះទេ ។ ដាក់ទៅខាងមុខផ្ទះ ឬក៏នៅជាន់លើនៅរានហាលជាន់លើអី ធ្វើម៉េចកុំអោយតែភ្លៀងខ្យល់មកវាប៉ះពារយើងមិននៅផ្ទះបានហើយ យើងទុកចោលឆេះក្រណាត់ឆេះអីជាដើម ។ យើងរៀបចំអោយវាសុវត្ថិភាព ដំណើរទំនង ស្រួល មិនប្រកាន់ថា នៅទិសខាងណានោះទេ ចំពោះទេវតាអោយពរអោយជ័យយើងនោះ»។

លោក សឹង គា បន្ថែមថា ក្នុងថ្ងៃមហាសង្ក្រាន្តមកដល់ នៅវេលាម៉ោងដែលទេវតាចុះមក គ្រួសារនីមួយៗត្រូវជួបប្រជុំគ្នា ដើម្បីថ្វាយបង្គំព្រះនមស្សការព្រះរតនត្រ័យសមាទានសីល ហើយតាំងចិត្តឱ្យបានស្អាតបរិសុទ្ធ ជ្រះស្រឡះនូវមន្ទិលទាំងពួង ចិត្តរំពឹងគិតទៅលើព្រះពុទ្ធ ព្រះធម៌ព្រះសង្ឃជាទីពឹងទីរឭក លុះចប់ពិធីទទួលទេវតា ទើបទទួលបាននូវសេចក្ដីសុខ សុភមង្គល៕

ចែករំលែកព័តមាននេះ