ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាថ៌កំបាំងសង្ក្រាន្តឆ្នាំថ្មីដែលពលរដ្ឋខ្មែរត្រូវដឹង

1 អាទិត្យ មុន
  • ភ្នំពេញ

នៅ​មុន​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​មក​ដល់ អ្នកជំនាញ​ផ្នែក​អរិយធម៌​ខ្មែរ​មួយ​រូប​បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ទូទៅ​ដឹង និង​យល់​អំពី​ពុទ្ធសករាជ និង​គ្រិស្តសករាជ ហើយ​ខ្លះ​ច្រឡំ​ថា ជា​របស់​ខ្មែរ ប៉ុន្តែ​តាម​ពិត​ទៅ​មិនមែន​នោះ​ទេ ។ ជនជាតិ​ខ្មែរ​មាន​ឆ្នាំ​របស់​ខ្លួន​សម្រាប់​ប្រើ​សម្គាល់​ក្នុង​ការ​រាប់​ផង​ដែរ…

នៅ​មុន​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​មក​ដល់ អ្នកជំនាញ​ផ្នែក​អរិយធម៌​ខ្មែរ​មួយ​រូប​បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ទូទៅ​ដឹង និង​យល់​អំពី​ពុទ្ធសករាជ និង​គ្រិស្តសករាជ ហើយ​ខ្លះ​ច្រឡំ​ថា ជា​របស់​ខ្មែរ ប៉ុន្តែ​តាម​ពិត​ទៅ​មិនមែន​នោះ​ទេ ។ ជនជាតិ​ខ្មែរ​មាន​ឆ្នាំ​របស់​ខ្លួន​សម្រាប់​ប្រើ​សម្គាល់​ក្នុង​ការ​រាប់​ផង​ដែរ ដោយ​គេ​ស្គាល់​ថា មហាសករាជ និង​ចុល្លសករាជ ។

លោក សឹង គា ម្ចាស់ផ្ទះ​ជ័យ​ភូមិ និង​ជា​អ្នកជំនាញ​ផ្នែក​អរិយធម៌​ខ្មែរ​មួយ​រូប បានអោយ​ដឹង​ថា ពុទ្ធសករាជ និង​គ្រិស្តសករាជ​មិនមែន​ជា​របស់​ខ្មែរ​ទេ ។ លោក​បាន​បន្ត​ទៀត​ថា សង្ក្រាន្ត​ឆ្នាំ​ថ្មី​ដែល​នឹង​មក​ដល់​នៅ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ខ្មែរ​យើង​មានការ​ប្រើប្រាស់​ឆ្នាំ​របស់​ខ្លួន​ក្នុង​នោះ គឺ​មហាសករាជ និង​ចុល្លសករាជ ដែល​ខ្មែរ​ខ្លួនឯង​ជា​អ្នក​បង្កើត​ឆ្នាំ​ទាំង​ពីរ​នេះ ហើយ​ក៏​ជាប់​ទាក់ទង និង​ព្រះរាជា​របស់​យើង​ផង​ដែរ ។

លោក សឹង គា បានអោយ​កម្មវិធី​លុយ នៃ​សារព័ត៌មាន​កោះសន្តិភាព ដឹង​ថា « នៅ​លើ ប្រតិទិន​មានការ​ដាក់​សម្គាល់​ពុទ្ធសករាជ គ្រិស្តសករាជ មាន​មហាសករាជ និង​ចុល្លសករាជ ។ ខ្ញុំ​បាន​ស្រាវជ្រាវ​ដឹង​បន្តិចបន្តួច​កន្លង​មក ។ ខ្ញុំ​ចែករំលែក​ទៅ​ថា មហាសករាជ គឺ​គិត​ឡើង​ចាប់ពី​មានរឿង​ដំណាល​ថា ព្រះរាជា​ខ្មែរ​មួយ​អង្គ​បាន​ឡើង​ទៅ​ស្ថាន​ព្រះ​ឥន្ទ គឺ​ព្រះ​នាម​បុ​ទុម​រាជា ហើយ​លោក​ចុះ​មក​វិញ ។ ឡើង​ទៅ​៧​ថ្ងៃ ដោយសារ​ព្រះ​ឥន្ទ ទេវតា​គេ​ធំ​ក្លិនស្អុយ​មនុស្សលោក ក៏​ព្រះ​អង្គ​ខ្មាស​គេ​រត់​មក​វិញ ។ ចាប់ពី​ថ្ងៃ​ពេល​ហ្នឹង​មក​ខ្មែរ​យើង​បុរាណ​ចាប់ផ្តើម​តាំង​កាល​មួយ ហៅ​ថា មហាសករាជ ។ ដូច្នេះ​តាំងពី​ខ្មែរ​យើង​បាន​ឡើង​ទៅ​ស្ថាន​ព្រះ​ឥន្ទ ស្តេច ព្រះរាជា​ខ្មែរ​យើង​បាន​ឡើង​ទៅ​ស្ថាន​ព្រះ​ឥន្ទ គឺ​១៩០០​ឆ្នាំ​ជាង​ហើយ » ។

លោក សឹង គា បន្ត​ថា ការ​រាប់​ថ្ងៃខែ​ឆ្នាំ ឬ​ការ​រាប់​ត្រឹមតែ​ឆ្នាំ តាម​កាលកំណត់​ដែល​តាំង​ទុក​ពី​មួយ​រៀង​មក​ដោយ​មាន​បុគ្គល​អស្ចារ្យ ឬ​ដោយ​មាន​ហេតុ​អស្ចារ្យ​ណាមួយ​ដែល​ពួក​ជនានុជន​អ្នក​គោរព​ត្រូវ​កត់ត្រា​ទុក​មិន​ឲ្យ​បាត់​, ត្រូវ​ប្រើ​ក្នុង​សំបុត្រ​ចុ​ត​ជាដើម បង្កើន​មួយ​លេខ​រៀង​រាល់​ឆ្នាំ ហៅ​ថា «​សករាជ​»ៗ ។ ដោយឡែក​ចុល្លសករាជ គឺ​ចាប់​រាប់​ពី​ថ្ងៃ​ដែល​គម្ពី​ព្រះ​ត្រៃ បិដក​អ​ណ្តែ​ពី​សមុទ្រ​មក​ទើ​នៅ​លើ​ទឹកដី​ខេត្តកំពត​ប្រទេស​កម្ពុជា ។

លោក សឹង គា បន្ថែម​ថា «​គម្ពី​ព្រះ​ត្រៃ​បិដក​បាន​ទើ​ហើយ​ខ្មែរ​យើង បាន​លើក​ព្រះ​ត្រៃ​បិដក មក​គោរព​បូជា ហើយ​បាន​តាំង​ពេល​មួយ​នោះ​ថា​ចុល្លសករាជ នេះ​ជា​ប្រវត្តិ​សករាជ​របស់ ចុល្លសករាជ និង​មហាសករាជ​នេះ ។ ទាំងនេះ​ជា​ព្រឹត្តិការណ៍​មានការ​រសាត់​ព្រះ​ត្រៃ​បិដក មក​ស្រុក​ខ្មែរ​តាម​សមុទ្រ​ច្រក​សមុទ្រ​ខេត្តកំពត »​។ លោក សឹង គា បន្ត​ថា ការ​រំកិល​សករាជ​របស់​ខ្មែរ​នៃ​ចុល្លសករាជ និង​មហាសករាជ​នេះ មិនឃើញ​មានការ​កំណត់​ច្បាស់លាស់​ដូច​ពុទ្ធសករាជ និង​គ្រិស្តសករាជ​នោះ​ទេ ដោយសារ​តែ​ការ​មិនសូវ​យកចិត្តទុកដាក់ ហើយ​មិនសូវ​ដឹង​អត្ថន័យ ហើយ​ការ​ដែល​សំខាន់ គឺ​ខ្មែរ​ទូទៅ​មិន​យក​ជា​គោល ។ លោក សឹង គា បន្ថែម​ថា «​ឃើញ​ថា ការ​ដូរ​គ្នា​នៅ​ពេល​នៅ​ក្នុង​ពេល​ឆ្លង​ឆ្នាំ ប៉ុន្តែ​បើ​ពុទ្ធសករាជ គឺ​រាប់​នៅ​ថ្ងៃ​ចាប់ផ្តើម​ប្តូរ​នៅ​ថ្ងៃ​ពិសាខបូជា ជា​ថ្ងៃ​ដែល​ព្រះពុទ្ធ​បាន​ត្រាស់​ដឹង និង​បរិ​និ​ពាន្ធ ។ ខ្ញុំ​គិត​ថា អាច​គេ​ដូរ (​ចុល្លសករាជ និង​មហាសករាជ​) នៅ​ពេល​នោះ​ដែរ​» ។

តាម​ឯកសារ​មួយ​បាន​បង្ហាញ​ថា មហាសករាជ (​ម​.​ស​.) មាន​បញ្ហា​ប្រឈម​ថា តើ​ឥណ្ឌា ឬ​ខ្មែរ​ជា​អ្នក​បង្កើត​វា​ឡើង? ព្រោះ​មាន​គេ​និយម​ថា ព្រះ​កេតុមាលា​ផ្ដើម​បង្កើត​មហាសករាជ ។ ឆ្លើយ​តប​នឹង​បញ្ហា​នេះ វចនានុក្រម​ខ្មែរ​ភាគ​ទី​១ ទំព័រ​៧២២ និង​ភាគ​ទី​២ ទំព័រ​១០៨១ បាន​សរសេរ​ថា មហាសករាជ​កើតឡើង​ក្នុង​ប្រទេស​ឥណ្ឌា​ក្នុង ព​.​ស ៦២១​ឆ្នាំ ដោយ​ពួក​តា​ត៌ គឺ​ស្រប​ជាមួយនឹង​ឆ្នាំ​ដែល​ព្រះ​កេតុមាលា​ស្ដេច​ឡើង​គ្រង​រាជសម្បត្តិ ប៉ុន្តែ​ទ្រង់​ពុំ​ទាន់​បង្កើត​បញ្ញត្តិ​ឱ្យ​ប្រើ​មហាសករាជ​ក្នុង​ឆ្នាំ​នោះ​នៅឡើយ​ទេ ។ លុះដល់ ព​. ស​. ៦២៣ ព្រះ​កេតុមាលា​ទ្រង់​បាន​ទទួល​ឥន្ទ្រា​ភិ​សេក​ជា​ថ្មី ហើយ​ក៏​បាន​តាំង​ជា​មហាសករាជ​ពី​ពេល​នោះ​មក ។

ក្នុង​ព្រះរាជ​ពង្សាវតារ​ខ្មែរ ភាគ​ទី ២ ថា ព្រះ​កេតុមាលា​កាល​ស្ដេច​ឡើង​គ្រង​រាជសម្បត្តិ​ក្នុង ព​. ស​. ៦២១ ឆ្នាំ​មែន ជាមួយនឹង​ឆ្នាំ​ដែល​ប្រទេស​ឥណ្ឌា​បង្កើត​ឲ្យ​ប្រើ​មហាសករាជ​, ប៉ុន្តែ​ទ្រង់​ពុំ​ទាន់​បញ្ញត្ត​ឲ្យ​ប្រើ​មហាសករាជ ក្នុង​ឆ្នាំ​នោះ​នៅឡើយ​ទេ ។ លុះដល់​មក ព​. ស​. ៦២៣ ឆ្នាំ ព្រះ​កេតុមាលា​ទ្រង់​បាន​ទទួល​ឥន្ទ្រា​ភិ​សេក​ជា​ថ្មី ក៏​តាំង​ជា​មហាសករាជ​ដរាប​មក ។ (​ត្រង់នេះ​ហើយ​ប្រហែលជា​ព្រះ​កេតុមាលា​បញ្ញត្ត​ឲ្យ​ប្រើ​មហាសករាជ តាម​ប្រទេស​ឥណ្ឌា ហើយ​គេ​និយម​ថា ព្រះ​កេតុមាលា​ផ្ដើម​បង្កើត​មហាសករាជ​ជាបឋម​នៅ​ប្រទេស​ខ្មែរ ។

ចំណែក​ចុល្លសករាជ (​ច​.​ស​.) គឺជា «​សករាជ​តូច​» ដែល​កើតឡើង​នៅ​ថ្ងៃ​ចន្ទ​១២​កើត ខែ​ចែ​ត្រ ឆ្នាំកុរ ឯកស័ក ព​. ស​. ១១៨១ ។ នេះ​បើ​យោង​តាម​វចនានុក្រម​ខ្មែរ ភាគ​១ ទំព័រ​១៥២ ។ រីឯ​ព្រះរាជ​ពង្សាវតារ​ខ្មែរ​ក៏​បាន​ពន្យល់​បង្ហាញ​ផង​ដែរ​ថា ព្រះបាទ​សម្ដេច​សិន្ធពអមរិន្ទ​បរម​ព្រហ្ម​កិល (​ពញាក្រែក​) បាន​តាំង​ចុល្លសករាជ​១ ក្នុង​ព​.​ស​.១១៨១ គឺ​ក្នុង​ឆ្នាំ​ដែល​ទ្រង់​បាន​សោយរាជ្យ​នៅ​នគរធំ ៕ ដោយៈ ស នី​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ