រាជធានីភ្នំពេញ ៖ នៅទីបំផុត ជំនួបរវាងកីឡាករជើងខ្លាំងវ័យក្មេងរបស់កម្ពុជានិងថៃត្រូវ
បានកំណត់ហើយ គឺល្ងាចថ្ងៃសៅរ៍ទី៨ ខែកញ្ញា នៅសង្វៀនស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ដោយកីឡាករកម្ពុជា ទេស ជីវ៉ា ប្រកួតជាមួយកីឡាករថៃ Pich Srakkeo ដែលគេស្គាល់ថាជាជើងខ្លាំងនិងកំពុងមានសន្ទុះខ្លាំង ។
ជំនួបប្រកួតរវាងកីឡាករជើងខ្លាំងប្រទេសទាំងពីរនេះ នឹងត្រូវធ្វើឡើងនៅសង្វៀនស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ស្ថិតនៅព្រែកកំពឹសជាយរាជធានីភ្នំពេញ ដែលការប្រកួតនោះគឺក្នុងព្រឹត្តិការណ៍ប្រកួតជើងឯក TV5 Boxing Knock Out Series By K-Cement ដែលមានកីឡាករប្រកួតគ្នាចាញ់ធ្លាក់ៗ ដើម្បីយកកៅអី៤នាក់ទៅកាន់វគ្គបន្ត ។
ការប្រកួតដែលចាប់ផ្ដើមពីម៉ោង៦ល្ងាចទៅ ត្រូវគេមើលឃើញថា មានការរំពឹងខ្ពស់មិនខុសពីការប្រកួតអន្តរជាតិមុនៗនោះទេ ដោយសារតែភាពជាក់ស្ដែងគឺព្រឹត្តិការណ៍ដំណើរការចំពេលល្ងាចថ្ងៃសម្រាក ដែលជាថ្ងៃមនុស្សម្នានៅតំបន់ព្រែកកំពឹសនិយមមកទស្សនាកកកុញ ស្របពេលដែលនៅតំបន់ប៉ុស្ដិ៍លេខ៥ក៏មានកំណើនអ្នករស់នៅច្រើនឡើង ក្រោយពីមានវត្តមានសំណង់បុរីព្រោងព្រាត ។
កីឡាករកម្ពុជាត្រូវបានគេចាប់អារម្មណ៍ហួសប្រមាណ ក្រោយពីមានការប្រកាសថាតម្រូវឲ្យស្វាគមន៍ជើងខ្លាំងមកពីប្រទេសថៃ កង កែវវ៉ាន ដែលអ្នកណាៗក៏ស្គាល់ថាជាជើងខ្លាំងម្នាក់ ទើបទទួលបានខ្សែក្រវាត់ជើងឯក និងមានប្រវត្តិវាយឈ្នះគូប្រកួតរាប់មិនអស់ ដោយឈ្នះទាំងគូប្រកួតជើងខ្លាំងៗផងមិនធម្មតា ។
វត្តមានកីឡាករកម្ពុជានិងថៃក្នុងសប្ដាហ៍នេះ មិនថាការប្រកួតជាលក្ខណៈអន្តរជាតិ ឬការប្រកួតជាលក្ខណៈមិត្តភាពក្នុងស្រុកទេ ពិតជាធ្វើឲ្យអ្នកស្នេហាវិស័យប្រដាល់មានការចាប់អារម្មណ៍ ។ ជាពិសេសគឺវត្តមានរបស់កីឡាករ ទេស ជីវ៉ា ដោយសារតែកីឡាកររូបនេះ ត្រូវគេដឹងថាជាជើងខ្លាំង ហើយម្នាក់ៗកំពុងចាំតាមដានថា តើគេនឹងកាន់តែបង្កើនសន្ទុះនៅពេលប៉ះជាមួយជើងខ្លាំងមកពីប្រទេសថៃ ឬក៏អត់សម្រាប់ជំនួបនេះ ។
វត្តមានរបស់សមាសភាពគូអន្តរជាតិនេះ ត្រូវបានគេអះអាងថា មានការសម្រាំងយ៉ាងពិសេស ដើម្បីឲ្យអ្នកទស្សនាកាន់តែកន្ត្រាក់អារម្មណ៍ ក្នុងពេលដែលសប្ដាហ៍នេះគឺជាការប្រកួតរវាងអ្នកឈ្នះ៨នាក់ក្នុងព្រឹត្តិការណ៍ដណ្ដើមជើងឯកនៅសង្វៀនប៉ុស្ដិ៍លេខ៥ ដើម្បីជម្រុះយកតែ៤នាក់សម្រាប់ជុំថ្មីផង ។
លោក សេង កដិកា បញ្ជាក់ថា សមាសភាពខាងកម្ពុជាសម្រាប់ការប្រកួតជាមួយថៃ លោកជឿជាក់ខ្លាំងលើកីឡាករ ទេស ជីវ៉ា ដោយសារតែកីឡាកររូបនេះ ធ្លាប់មានស្នាដៃរាប់មិនអស់ ហើយលោកជឿថា កណ្ដាប់ដៃនិងភាពខ្លាំងរបស់គេនឹងល្អ ទើបលោកសម្រេចដាក់ឲ្យប្រកួតជាលក្ខណៈអន្តរជាតិ ក្នុងសប្ដាហ៍ប្រកួតជម្រុះរវាងកីឡាករខ្លាំងៗលើកនេះ ។ លោកប្រកាសថា វត្តមានរបស់កីឡាករថៃ ហាឆ្លាម លោកទុកចិត្តកីឡាករកម្ពុជារូបនេះ ទើបលោកហ៊ានសម្រេចផ្គូផ្គង បើទោះជាមានអ្នកគាំទ្រភាគច្រើនថាកីឡាករកម្ពុជាអាចនឹងពិបាកទប់ជាមួយកីឡាករថៃក៏ដោយ ។
លោកបានកំណត់ឲ្យកីឡាករកម្ពុជារូបនេះ ហ្វឹកហាត់ជាប់លាប់មិនតិចជាង១សប្ដាហ៍ឡើយ មុនពេលផ្គូផ្គង ទើបលោកយល់ពីកីឡាករកម្ពុជារូបនេះគ្រប់គ្រាន់សម្រាប់ឲ្យប៉ុស្តិ៍លេខ៥ដាក់ឲ្យប្រកួតជាលក្ខណៈអន្តរជាតិ នៅថ្ងៃសៅរ៍ទី៨ ខែកញ្ញា ។ កីឡាករកម្ពុជានិងថៃ សុទ្ធតែត្រូវបានអះអាងថាមានការត្រៀមខ្លួនច្បាស់លាស់ ដោយសារតែភាគីម្ខាងៗចង់ឈ្នះការប្រកួតរៀងៗខ្លួន និងមិនចង់បាត់បង់ក្រេឌីតក្រោយពេលប៉ះគ្នា ។
មួយគូនេះ មានការចាប់អារម្មណ៍ភាគច្រើន ថានឹងមានអ្នកស្នេហាវិស័យប្រដាល់ជក់ចិត្ត ដោយសារជាបទពិសោធន៍ កីឡាករកម្ពុជា ទេសជីវ៉ា មិនសូវមានទម្លាប់ឡើងវ៉ៃលាក់ដៃស្រាប់ទៅហើយ ហើយបើនិយាយពីភាពក្លាហាន និង វាយស៊ូ គឺលោកពេញចិត្ត ។ ជំនួបអន្តរជាតិដែលបានធ្វើឡើងនៅសង្វៀនស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ មិនមែនសុទ្ធតែរន្ថាន់ព្រឹត្តិការណ៍ជើងឯកឲ្យអ្នកទស្សនាកាន់តែមានអារម្មណ៍កញ្ជ្រោលនោះទេ ប៉ុន្តែសម្រាប់ជំនួបរវាងកីឡាករទាំង២រូបនេះ លោកជឿជាក់ថានឹងកក្រើក ដោយសារកី
ឡាករថៃ លោកស្គាល់ថ្វីដៃច្បាស់ហើយថា មិនធម្មតា ហើយសម្រាប់កីឡាករកម្ពុជាវិញ ក៏ល្អស្ថិតក្នុងទំនុកចិត្តលោកតាំងពីមុនផ្គូផ្គង ។
ទោះជាយ៉ាងណា សម្រាប់កីឡាករកម្ពុជាថ្វីដ្បិតថារូបលោកនិងអ្នកគាំទ្រទុកចិត្តពីសមត្ថភាព តែបើគេប្រកួតមិនល្អ ឬមិនអស់ពីសមត្ថភាពក៏ពិតជារងការរិះគន់មិនតិចដែរ ។ ដោយឡែកសម្រាប់គូប្រកួតដែលប្រកួតជម្រុះដណ្ដើមយកកៅអី៤នាក់ ក្នុងចំណោមអ្នកឈ្នះ៨នាក់សម្រាប់ព្រឹត្តិការណ៍ដណ្ដើមជើងឯកនៅសប្ដាហ៍នេះ ក៏មានការអះអាងថា ត្រៀមខ្លួនមិនធម្មតាដែរ ដើម្បីកុំឲ្យបាត់បង់ឱកាសទៅកាន់វគ្គបន្ត ៕
ចែករំលែកព័តមាននេះ