ខេត្តព្រះវិហារ ៖ បុរសម្នាក់ផឹកស្រវឹង រួចបែកគំនិតយកក្បាលគ្រាប់ប្រភេទបេសែសិប មកកែច្នៃ បណ្តាលអោយផ្ទុះរងរបួសធ្ងន់ ។ ហេតុការណ៍ផ្ទុះនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជាង១រសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចក្រោមផ្ទះបុរសរងគ្រោះ ស្ថិតក្នុងភូមិទឹកក្រហម ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រវិហារ។
ជនរងគ្រោះខាងលើឈ្មោះ លេង បូណា ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិទឹកក្រហម ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានរងរបួសធ្ងន់។
តាមការបញ្ជាក់ពីលោកមេឃុំទឹកក្រហមបានឱ្យដឹងថា នៅមុនពេលកើតហេតុ បុរសរងគ្រោះ ខាងលើបានយកក្បាលគ្រាប់ដែលខ្លួនរើសបាននាពេលកន្លងមក យកមកកែច្នៃនៅក្រោមផ្ទះរបស់ខ្លួនទាំងស្ថានភាពកំពុងស្រវឹងផង មិនតែប៉ុណ្ណោះបានហៅប្រពន្ធឲ្យមកអង្គុយមើលថែមទៀត ប៉ុន្តែប្រពន្ធឃើញហេតុការណ៍មិនស្រួល ក៍ចុះពីលើផ្ទះរត់ទៅរកអ្នកជិតខាងមកជួយហាមឃាត់ដែរ តែមិនទាន់ ព្រោះថាបុរសរងគ្រោះបានធ្វើឲ្យគ្រាប់នោះផ្ទុះ បណ្តាលឱ្យរងរបួសធ្ងន់បាត់ទៅហើយ ។
លោកមេឃុំបញ្ជាក់ថា កន្លងមកបុរសរងគ្រោះខាងលើនេះតែងតែរករឿងឈ្លោះប្រកែកក្នុងគ្រួសារ ថែមទាំងយកគ្រាប់ចាស់ៗដែលរើសបានយកមកគប់ប្រពន្ធរត់ពេញផ្ទះ តែគ្រាប់មិនបានផ្ទុះ និងប្រើអំពើហិង្សាធ្វើអោយខូចខាតទ្រព្យសម្បត្តិក្នុងផ្ទះអស់មួយចំនួនថែមទៀត រហូតដល់កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចបានដកហូតគ្រាប់ចាស់ៗចំនួន៣គ្រាប់រួចមកហើយ ពីបុរសរងគ្រោះខាងលើ និងឃាត់ខ្លួនបញ្ជូនទៅធ្វើកិច្ចសន្យានៅអធិការរដ្ឋាននគរបាលស្រុករួចម្តងហើយ តាមបណ្តឹងរបស់ប្រពន្ធ តែបុរសរូបនេះនៅតែមិនរាងចាលឡើយ ។
សូមបញ្ជាក់ថា ដោយសារតែស្ថានភាពធ្ងន់ធ្ងរ បុរសរងគ្រោះត្រូវបានក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្តបញ្ជូនទៅកាន់មន្ទីពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ ដើម្បីជួយសង្គ្រោះ ៕
ចែករំលែកព័តមាននេះ