ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភរិយា នួន ភិ​រម្យ ថា​ ដល់​ពេល​បិទ​ក្លិប​ប្រដាល់​​​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​លោក នួន ភិ​រម្យជា​ស្វាមី​បាន​អះអាង​ថា នឹង​តស៊ូ​បន្ត​បើក​ក្លិប​ប្រដាល់​បើ​ទោះជា​មាន​សភាព​ត្រដាបត្រដួស​បន្តិច​ក្ដី​ធ្វើ​ឱ្យ​មានការ​កោតសរសើរ​ពី​ទឹក​ចិត្ត​​ប្រឹងប្រែង​លើក​ស្ទួយ​វិស័យ​ប្រដាល់​របស់​អតីត​កីឡាករ​ដ៏​ល្បី​ប្រចាំ​ទស​វត្ស​ឆ្នាំ​១៩៩០ ​រូប​នេះ ។ ប៉ុន្តែ​ក្រោយ​ការ​អះអាង​របស់​លោក​បាន​តែ​ប៉ុន្មាន​ថ្ងៃ​ស្រាប់តែ​ភរិយា​របស់​លោក គឺ​អ្នក​ស្រី…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​លោក នួន ភិ​រម្យជា​ស្វាមី​បាន​អះអាង​ថា នឹង​តស៊ូ​បន្ត​បើក​ក្លិប​ប្រដាល់​បើ​ទោះជា​មាន​សភាព​ត្រដាបត្រដួស​បន្តិច​ក្ដី​ធ្វើ​ឱ្យ​មានការ​កោតសរសើរ​ពី​ទឹក​ចិត្ត​​ប្រឹងប្រែង​លើក​ស្ទួយ​វិស័យ​ប្រដាល់​របស់​អតីត​កីឡាករ​ដ៏​ល្បី​ប្រចាំ​ទស​វត្ស​ឆ្នាំ​១៩៩០ ​រូប​នេះ ។

ប៉ុន្តែ​ក្រោយ​ការ​អះអាង​របស់​លោក​បាន​តែ​ប៉ុន្មាន​ថ្ងៃ​ស្រាប់តែ​ភរិយា​របស់​លោក គឺ​អ្នក​ស្រី ឌី ចាន់​ថុ​ន ដែល​ត្រូវ​គេ​ស្គាល់​ថា ​ជា​គណៈកម្មការ​ផ្ដល់​ពិន្ទុ និង​ជា​គ្រូបង្វឹក​ប្រចាំ​ក្លិប​ប្រដាល់​ភិ​រម្យ​គុន​ខ្មែរ​ម្នាក់​ដែរ បាន​ប្រាប់​វិញ​ថា អ្នកស្រី​នឹង​ឱ្យ​ស្វាមី​បិទ​ក្លិប​នោះ​ចោល​ក្នុង​ពេល​ដ៏​ខ្លី​ដោយសារ​តែ​ទប់​ការ​ចំណាយ​លែង​រួច ហើយ​បើ​នៅ​តែ​បន្ត​នឹង​ដាច់​បាយ​ទាំង​គ្រូ​ទាំង​សិស្ស បើ​ទោះជា​ក្លិប​មិន​បាន​ចំណាយ​លើ​ការ​ជួល​ទីតាំង ព្រោះ​ជា​ផ្ទះ​ផ្ទាល់​ខ្លួន​ក្ដី​។

អ្នកស្រី ឌី ចាន់​ថុ​ន បន្ត​ថា តាំងពី​បើក​ដំណើរការ​ក្លិប​ប្រដាល់​ភិ​រម្យ​គុន​ខ្មែរ​មក អ្នក​ស្រី និង​ស្វាមី មិន​ដែល​បាន​លុយ​បាន​កាក់​យក​មក​ស៊ីចាយ​ឱ្យ​សប្បាយចិត្ត​ក្នុង​នាម​ជា​ម្ចាស់​ក្លិប​ម្ដងណា​ទេ ដោយ​មាន​តែ​បញ្ហា​ខ្វះ​មុខ​ខ្វះ​ក្រោយ និង​រង​សម្ពាធ​រាប់​មិន​អស់​ក្នុង​ការ​រ៉ាប់រង​កូនសិស្ស ។

ជាក់ស្ដែង អ្នកស្រី​ត្រូវ​ខំប្រឹងប្រែង​ធ្វើការ​ទាំង​យប់​ទាំង​ថ្ងៃ​ដោយ​ត្រូវ​រក​លុយ​មក​ចិញ្ចឹម​សិស្ស​ក្នុង​ក្លិប​យ៉ាង​​លំបាក ខណៈ​ដែល​ក្នុង​ពេល​ខ្លះ គឺ​គ្រាន់តែ​អាណិត​សិស្ស​មក​ពី​ខេត្ត​ដែល​ផ្លាស់​ផ្ទះ​ហើយ​សុំ​ហ្វឹកហាត់​មិន​បាន​លុយ​ផង ក៏​ត្រូវ​ម្ចាស់​ក្លិប​ផ្សេង​ទៀត​ចោទ​ថា​លួច​សិស្ស​របស់​គេ និង​បាន​ប្ដឹង​ក្លិប​អ្នកស្រី​ជាដើម ធ្វើ​ឱ្យ​តែ​អ្នកស្រី​ឈឺក្បាល ។ អ្នកស្រី​ថា បើ​តាម​ស្ថានភាព​លំបាក គឺ​ត្រូវ​បិទទ្វារ​យូរហើយ ប៉ុន្តែ​មក​ពី​ស្វាមី​ចេះ​តែ​អង្វរ និង​ចិត្ត​មិន​ទាន់​ដាច់ ទើប​ចេះ​តែ​បើកទ្វារ​ទទួល​កូនសិស្ស ដោយ​មិន​ហ៊ាន​ទាំង​ធ្វើការ​រក​ស៊ី​អ្វី​ផង ដើម្បី​រង់ចាំ​បង្វឹក​សិស្ស មើល​ខុស​ត្រូវ​ក្លិប និង​ត្រូវ​រ៉ាប់រង​ក្នុង​ក្លិប​ជាដើម ។

មក​ទល់​ពេល​នេះ អ្នកស្រី​ថា បើ​បន្ត​បើក​គឺ​មិន​ខុស​ពី​រក​អនាគត​មិនឃើញ​នោះ​ទេ​ដោយ​សារ​​តែ​ក្លិប​របស់​អ្នកស្រី មិន​មាន​អ្នក​ជួយ​ជ្រោមជ្រែង​ទាល់តែ​សោះ ដោយ​អ្នកស្រី និង​ស្វាមី​ត្រូវ​បង្ខំចិត្ត​បើកប្រាក់​ប្រចាំ​អាទិត្យ​ពី​ទូរទស្សន៍​បាយ័ន យក​មក​ទិញ​អង្ករ ទិញ​ម្ហូប មិន​ខុស​ពី​ចិញ្ចឹម​កូនចៅ​ច្រើន​នាក់​ក្នុងផ្ទះ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ កូនសិស្ស​ដែល​ប្រឹងប្រែង​បណ្ដុះ​នោះ គឺ​ក្រៅពី​ប៉ុស្ដិ៍​បាយ័ន​មិន​មាន​អ្នក​ផ្ដល់​ឱកាស​ឱ្យ​ឡើង​ប្រកួត ដែល​អ្នកស្រី​ប្រៀបធៀប​សភាព​នេះ​ថា មិន​ខុស​ពី​ចិញ្ចឹម​អ្នក​អត់​ការងារ​ធ្វើ​ឱ្យ​ដេកស៊ី ។

អ្នកស្រី​ថា កីឡាករ​ដែល​បាន​ទទួល​ការ​បណ្ដុះបណ្ដាល មាន​កីឡាករ​ល្អ​ៗ​ច្រើន​ណាស់ ប៉ុន្តែ​បណ្ដាល​មក​ពី​ចេះ​ហើយ​អត់​មាន​កន្លែង​វាយ ទើប​កូនសិស្ស​ខ្លះរ​ត់ទៅ​ធ្វើការ​ផ្សេង​អស់ ហើយ​អ្នក​នៅ​ត្រាំត្រែង​កន្លង​មក ក៏​សុទ្ធតែ​អ្នក​អត់​ការងារ​ធ្វើ​ដែល​តម្រូវ​ឱ្យ​អ្នកស្រី​រក​លុយ​មក​ចិញ្ចឹម​ទៅ​វិញ ក្រៅពី​ខំប្រឹង​ប្រែង​បង្ហាត់​មិន​យក​លុយ ។ អ្វី​ដែល​កាន់តែ​ធ្វើ​ឱ្យ​អ្នកស្រី​ត្រូវ​តែ​បង្ខំ​ស្វាមី​ឱ្យ​បិទ​ក្លិប​នេះ​ឱ្យ​បាន​ឆាប់​ក្នុង​ពេល​ដ៏​ខ្លី​នោះ គឺ​ភាព​ចម្រូង​ចម្រាស​​ក្នុង​ការ​កាច់​កុង​ពី​បណ្ដា​ក្លិប​មួយ​ចំនួន ដែល​ធ្វើ​ឱ្យ​អ្នកស្រី​ឈឺក្បាល​រាល់ថ្ងៃ​។

អ្នកស្រី​ថា ក្លិប​របស់​ខ្លួន​ចាប់ផ្ដើម​បិទទ្វារ​ចាប់ពី​ការ​ប្រកាស​នេះ​ជា​បណ្ដើរ​ៗ​ហើយ ដោយ​មិន​បាន​ទទួល​កូនសិស្ស​ថ្មី​ឱ្យ​ស្នាក់​នៅ និង​ហ្វឹកហាត់​ទៀត​ឡើយ គឺ​បង្វឹក​តែ​កូនសិស្ស​ដែល​មាន​ស្រាប់​ប៉ុណ្ណោះ ដោយ​កូនសិស្ស​ខ្លះ​ដែល​ចេញពី​ក្លិប​រួច​ហើយ ក៏​អត់​ទទួល​ឱ្យ​ស្នាក់​នៅ​ជា​ថ្មី ដើម្បី​ស្វែងរក​លុយកាក់​សម្រាប់​ទុកដាក់​ខ្លួនឯង​វិញ​ម្ដង​។ អ្នកស្រី​ថា មនុស្ស​​ទូទៅ​បើក​ក្លិប​បាន​លុយ​បាន​កាក់ ប៉ុន្តែ​អ្នកស្រី​ចង់​អស់ពី​ខ្លួន​ហើយ​បើ​មក​ទទួល​រឿងរ៉ាវ​ឈឺក្បាល​ទៀត តើ​នៅ​បន្ត​ទៀត​ទេ បើ​ប្រឹង​ធ្វើការ​១០​ម៉ឺន​រៀល​អស់​២០​ម៉ឺន​រៀល​អស់ ស្ទើរតែ​រក​លទ្ធភាព​សម្រាប់​ខ្លួនឯង​មិនឃើញ​នោះ ។

ទោះបី​យ៉ាងណា អ្នកស្រី​នឹង​អាច​ដំណើរការ​ក្លិប​វិញ នៅ​ពេល​មានការ​ឧបត្ថម្ភ ឬ​មាន​អ្នក​ជ្រោមជ្រែង​លុយ ដែល​ធ្វើ​ឱ្យ​អ្នកស្រី​យល់​ថា មិន​មាន​ផលវិបាក​ដូច​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ។ អ្នកស្រី​មិនដឹង​ថា ក្រោយ​ការ​សម្រេចចិត្ត​បិទទ្វារ តើ​នឹង​អាច​មានឱកាស​បើក​វិញ​ឬ​យ៉ាង​ណា​នោះ​ទេ ក្នុង​ពេល​ដែល​ក្លិប​ដំណើរការ​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​បាន​ទាំង​ចេញ​មុខ​ស្នើ​សុំ​អង្ករ និង​ថវិកា​ដើម្បី​ឱ្យ​រស់​សម្រាប់​សិស្ស​ផង​ក៏​មិន​មានការ​ចាប់អារម្មណ៍​ផ្ដល់​ជំនួយ ស្រប​ពេល​ដែល​អ្នកស្រី និង​ស្វាមី ក៏​កាន់តែ​ចាស់​ខ្សោយកម្លាំង មិន​អាច​រក​លុយ​មក​ផ្គត់ផ្គង់​តម្រូវការ​ប្រចាំ​ក្លិប​បាន​។

លោក នួន ភិ​រម្យ បន្ត​សម្ដី​ភរិយា​ថា បើ​បណ្ដា​ប៉ុស្ដិ៍​ទូរទស្សន៍​ផ្ដល់​ឱកាស​ឱ្យ​កីឡាករ​ថ្មី​ៗ​របស់​លោក​បាន​ឡើង​រេញ​ខ្លះ នោះ​កីឡាករ​ទាំងនោះ​នឹង​ក្លាយជា​កីឡាករ​កាន់តែ​មាន​បទពិសោធន៍ និង​ជើង​ចាស់​បន្តិច​ម្ដង​ៗ​ដែល​អាច​ឈរជើង​ក្នុង​ពិភព​ប្រដាល់​បាន​ហើយ។ ប៉ុន្តែ​បណ្ដាល​មក​ពី​ចេះ​តែ​គិត​ថា​ក្មេង​ពេក​ៗ ហើយ​អាង​ថា​គ្នា​មិនសូវ​មាន​បទ​ពិសោធន៍ ទើប​កីឡាករ​ថ្មី​ៗ​របស់​លោក​នៅ​តែ​ថ្មី​ធ្វើ​ឱ្យ​កូនសិស្ស​របស់​លោក​ក៏​គ្មាន​ការងារ​ឡើង​រេញ​ដែរ ក្រោយ​ពេល​ហាត់​ចេះ ។

លោក​ថា ខ្លួន​ខាតបង់​មិន​តិច​នោះ​ទេ​ចាប់តាំងពី​បាន​ដំណើរការ​បើក​ក្លិប​ប្រដាល់​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ជា​ពិសេស​ក្នុង​ពេល​ដែល​ត្រូវ​ប្រឹងរក​លុយ​យក​មក​ផ្គត់ផ្គង់​ការ​ចំណាយ​​ប្រចាំ​ក្លិប​រហូត​មក ក្នុង​ពេល​កីឡាករ​ដែល​មក​ហ្វឹកហាត់​តម្រូវ​ឱ្យ​លោក​ផ្គត់​ផ្គង់។ លោក​បាន​ទាំង​ហៅ​ទូរទស្សន៍​ប៉ុស្ដិ៍​បាយ័ន​ថា គឺជា​អ្នក​នៅ​ពីក្រោយ​ដ៏​សំខាន់​ដែល​អាច​ឱ្យ​លោក​មាន​លទ្ធភាព​បន្ត​ការ​ប្រដាល់​នោះ​ផង ដោយសារ​តែ​ប៉ុស្ដិ៍​នេះ​បាន​ផ្ដល់​ការងារ​ឱ្យ​លោក​ទាំង​ប្ដី​ទាំង​ប្រពន្ធ ដែល​នាំ​ឱ្យ​លោក និង​ភរិយា មាន​លទ្ធភាព​ទិញ​អង្ករ និង​ម្ហូប មក​ផ្គត់ផ្គង់​ក្នុង​ក្លិប​នៅ​ពេល​បើក​លុយ​ការងារ​ប្រចាំ​ស​ប្ដា​ហ៍​ម្ដង​ៗ​។

យ៉ាង​ណាមិញ លោក​ថា ខ្លួន​នឹង​រក​ឱកាស​បើក​ក្លិប​ជា​ថ្មី បើ​បណ្ដា​ទូរទស្សន៍​ផ្ដល់​ឱកាស​ឱ្យ​ក្លិប​លោក​រៀបចំ​សិស្ស​ឡើង​វ៉ៃ ស្របគ្នា​លោក​មាន​អ្នកមាន​ទឹកចិត្ត​ណា​ម្នាក់​ចង់​ជួយ​បោះទុន​ខ្លះ​ៗ​ឱ្យ​ដំណើរការ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ