ខេត្តបាត់ដំបង ៖ គ្រប់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបាត់ដំបង ពោធិសាត់ ប៉ៃលិន និងបន្ទាយមានជ័យ កងពលតូចថ្មើរជើងលេខ ៥១,៥២,និង៥៣ បណ្តាកងការពារព្រំដែនលេខ៥០១,៥០២,៥០៣,និង៥០៤ ព្រមទាំងនាយការិយាល័យចំណុះយោធភូមិភាគទី៥ នៅវេលាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នា២០១៨ បានរួមប្រជុំបូកសរុបការងារប្រចាំខែសីហា ឆ្នាំ២០១៨ នៅក្នុងទីបញ្ជាការដ្ឋានយោធភូមិភាគទី៥ ។
ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ឯក ផាន់ សាមន្ថា នាយរងសេនាធិការចម្រុះអគ្គបញ្ចាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងមេបញ្ជាការរងយោធភូមិភាគទី៥ ចំនួន៨៦នាក់បានចូលរួម ។
លោកឧត្តមសេនីយ៍ត្រី មូល សុភី នាយរងសេនាធិការយោធភូមិភាគទី៥ បានអានរបាយការណ៍ប្រចាំខែសីហាកន្លងទៅនេះ ដោយបានផ្តោតលើសភាពការណ៍រួមព្រឹត្តការណ៍អន្តរជាតិ សភាពការណ៍ក្នុងប្រទេស ក្នុងភូមិសាស្ត្រ សន្តិសុខព្រំដែន ការងារដឹកនាំ ពង្រឹងប្រៀបការពារជាតិ ការហ្វឹកហ្វឺន អប់រំចិត្តសាស្ត្រ ទស្សនៈកិច្ចពង្រឹងតាមអង្គភាពរឹងមាំ លើគ្រប់វិស័យ កិច្ចសហប្រតិបត្តិការ ភូមិឃុំមានសុវត្ថិភាព ទប់ស្កាត់រាល់បទល្មើស និងអំពើល្មើសច្បាប់នានា ដែលកើតមានឡើងក្នុងសង្គម ជាដើម ។
បន្ទាប់មកលោកឧត្តមសេនីយ៍ឯក ប៊ុន សេង បានបញ្ជាក់ថា ក្នុងថ្ងៃនេះជាថ្ងៃដែលរាជរដ្ឋាភិបាលបានបើកកិច្ចប្រជុំលើកទី១ នីតិកាលទី៦ ក្រោមអធិបតីភាពព្រះមហាក្សត្រនរោត្តមសីហមុនី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទទួលស្គាល់រាជរដ្ឋាភិបាលថ្មី ដែលកើតឡើងពីការបោះឆ្នោត ពេញចិត្តតាមសម្លេងគាំទ្រ របស់ប្រជាជនកម្ពុជា តាមបែបប្រជាធិបតេយ្យ ។
លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់បន្ថែម អំពីសភាពការណ៍តាមព្រំដែនជាមួយភាគីថៃកន្លងមក មានភាពល្អប្រសើរក្នុងកិច្ចសហប្រតិបត្តិការរួមគ្នារក្សាសុខ សន្តិភាព និងការអភិវឌ្ឍរួមគ្នា ដើម្បីផ្តល់ជាប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិនៃប្រទេសយើងទាំងពីរ ។
ចុងក្រោយលោកឧត្តមសេនីយ៍បានផ្តាំផ្ញើថា សូមយុវជនទាំងអស់ដែលជាកងកម្លាំងបន្តវេណ ប្រឹងប្រែងខិតខំហ្វឹកហាត់សិក្សារៀនសូត្របន្តទៅទៀត ដើម្បីយកចំណេះដឹង ចំណេះធ្វើបម្រើប្រទេសជាតិឲ្យមានគុណភាព ហើយចំពោះលទ្ធផលក្នុងខែសីហាកន្លងមកនេះ គឺសកម្មភាពរបស់គ្រប់តាមបណ្តាអង្គភាព ចំណុះយោធភូមិភាគទី៥ ឃើញថា មានសន្ទុះខ្លាំងក្នុងការហ្វឹកហ្វឺន គ្រប់គ្រងការដឹកនាំ និងកសាងអង្គភាពរឹងមាំ ដែលកំពុងតែនាំមុខគេនៅក្នុងព្រះរាជានាចក្រកម្ពុជាយើង ដើម្បីរក្សាសុខសន្តិភាព និងការអភិវឌ្ឍជាបន្តទៅទៀត ៕

ចែករំលែកព័តមាននេះ