ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទព្រំដែនយ៉ាងណាក្តី! នៅតែបង្ក្រាបបានមេ​ខ្យល់​៤​នាក់ ករណីនាំពលរដ្ឋជាង២០នាក់លួចឆ្លង​ទៅ​ថៃ

4 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖  បើ​ទោះជា​ប្រទេស​កម្ពុជា និង​ប្រទេសថៃ បាន​ប្រកាស​រួម​គ្នា​បិទ​ព្រំដែន​គោក​ដែល​មាន​ប្រវែង​ប្រមាណ​៨០០​គីឡូម៉ែត្រ មិនឱ្យឆ្លងកាត់ ​ឬ​ទំនាក់ទំនង​គ្នា​ទាល់​តែ​សោះអស់​រយៈពេល​ច្រើន​ខែ​កន្លង​មកនេះ​ក្ដី ក៏​នៅ​តែ​មាន​ចន្លោះ​ប្រហោងអាច​ឲ្យ​ពលរដ្ឋ​កម្ពុជា​មួយ​ចំនួន​លួច​ឆ្លង​ព្រំដែន​ចេញ​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេសថៃ​បាន​ដដែលតាម​រយៈ​​មេខ្យល់​ទុច្ចរិត​ ។ ​ប៉ុន្តែ​ពេល​ខ្លះ​​ក៏​ត្រូវ​ពួក​ទាហានថៃ​ចាប់​បាន…

ខេត្តបាត់ដំបង ​៖  បើ​ទោះជា​ប្រទេស​កម្ពុជា និង​ប្រទេសថៃ បាន​ប្រកាស​រួម​គ្នា​បិទ​ព្រំដែន​គោក​ដែល​មាន​ប្រវែង​ប្រមាណ​៨០០​គីឡូម៉ែត្រ មិនឱ្យឆ្លងកាត់ ​ឬ​ទំនាក់ទំនង​គ្នា​ទាល់​តែ​សោះអស់​រយៈពេល​ច្រើន​ខែ​កន្លង​មកនេះ​ក្ដី ក៏​នៅ​តែ​មាន​ចន្លោះ​ប្រហោងអាច​ឲ្យ​ពលរដ្ឋ​កម្ពុជា​មួយ​ចំនួន​លួច​ឆ្លង​ព្រំដែន​ចេញ​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេសថៃ​បាន​ដដែលតាម​រយៈ​​មេខ្យល់​ទុច្ចរិត​ ។

​ប៉ុន្តែ​ពេល​ខ្លះ​​ក៏​ត្រូវ​ពួក​ទាហានថៃ​ចាប់​បាន ហើយ​ពេល​ខ្លះ​ក៏​ត្រូវ​កម្លាំង​ការពារ​ព្រំដែន​កម្ពុជា​ទប់​ស្កាល់​ទាន់​ពេល ឬ​ចាប់​បាន​ទាំង​មេខ្យល់​ជា​បន្ត​បន្តា​ប់​ទៀត​ផង​ ។ ​ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​១៥ តុលា កម្លាំង​ចម្រុះ​ការពារ​ព្រំដែន​ជួរ​មុខ សហការ​ជាមួយ​មន្ត្រី​នគរបាល​មូលដ្ឋាន​ផងបាន​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​ក្រុម​មេខ្យល់​នាំ​មនុស្ស​ឆ្លង​ដែន​ខុសច្បាប់​ចំនួន​០២​ករណី និង​បាន​ចាប់ខ្លួន​មេខ្យល់​ចំនួន​០៤​នាក់​ជា​បន្តបន្ទាប់​នៅ​ស្រុក​សំពៅ​លូន ខណៈ​ប៉ុន្មាន​​នាក់​ទៀត​បាន​រត់គេច​ខ្លួន​ ។

​ក្រុម​នេះ​​ធ្លាប់​មាន​ប្រវត្តិ​រកស៊ី​រត់ពន្ធ​មនុស្ស​ឆ្លង​ដែន​ចេញ​ទៅ​ប្រទេស​ថៃ តាំងពី​បន្ទាត់​ព្រំដែន​បើកចំហរ​រហូត​មក​ដល់​ពេល​នេះ​ បន្ទាត់​ព្រំដែន​ត្រូវ​បិទ​ខ្ទប់​ទាំងស្រុង​ ។  នេះ​បើ​តាម​ការ​កំណត់​មុខសញ្ញា​របស់​សមត្ថកិច្ច​ ។ ​តាម​រយៈ​របាយ​ការ​ណ៍ អធិការ​ស្រុក​សំពៅ​លូន លោក ទឹម វិ​ឆ័​យ  បាន​ឲ្យ​ដឹង​ថា  មេខ្យល់​នាំ​មនុស្ស​ឆ្លង​ដែន​ខុសច្បាប់​ទាំង​០៤​នាក់​នោះ ត្រូវ​បាន​កម្លាំង​ចម្រុះ​ឃាត់ខ្លួន​ក្នុង​ករណី​ផ្សេង​គ្នា តែ​ក្នុង​ថ្ងៃ​តែ​មួយ​ ។ ​លោក​បាន​ប្រាប់​ថា  ករណី​ទី​១​-ឃាត់ខ្លួន​មេខ្យល់​០២​នាក់ គឺឈ្មោះឌឿ​ន ឡៃ​ហ៊ា​ង ហៅខ្មៅ ភេទប្រុស​ អាយុ​៣៥​ឆ្នាំ  និងឈ្មោះចឹក ប៉ក់ ភេទប្រុស ​អាយុ​២៨​ឆ្នាំ  តែ​នៅ​មាន​បក្សពួក​០២​នាក់​ទៀត​កំពុង​គេចខ្លួន​ ។

​បើ​តាម​ចម្លើយ​សារភាព ក្រុម​នេះ​បាន​នាំ​ពលរដ្ឋ​ខ្មែរ​ចំនួន​០៥​នាក់ លួច​ឆ្លង​ព្រំដែន​ចំនួន​០២​លើក គឺ​នៅ​ថ្ងៃ​ទី​១៣ និង​១៤ តុលា លួច​ឆ្លង​អូរ​ព្រំដែន​តាម​ច្រ​ក​របៀង ក្នុង​ទឹកដី​ឃុំ​សន្តិភាព ស្រុក​សំ​ពៅ​លូន  ដោយ​បញ្ជូន​ទៅ​ប្រគល់​ឲ្យ​ស្ត្រីជន​ជាតិខ្មែរ​ម្នាក់​ឈ្មោះ ប៊ុ​ន មុំ ហៅ ចែ​មុំ បាន​ប្ដី​ថៃ  ដែល​រង់ចាំ​ទ​ទួល​នៅ​ខាង​ទឹកដីថៃ​ ។ ហើយ​ពួក​គេ​ទ​ទួល​បានកំរៃជើង​សារ​ពី​មនុស្ស​ម្នាក់​ត្រឹម​១០០០​បាត​ប៉ុណ្ណោះ​ ។

​ដោយឡែក ​ករណី​ទី​២-វិញ ​បើ​តាម​របាយ​ការ​ណ៍ លោក ទឹម វិ​ឆ័​យ បាន​និយាយ​ថា  មាន​មនុស្ស​ចំនួន​០៥​នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ការ​រត់ពន្ធ​មនុស្ស​ឆ្លង​ដែន​ខុសច្បាប់​នេះ តែ​កម្លាំង​ជួរ​មុខនិងមន្ត្រី​ជំនាញ​របស់​លោកធ្វើការ​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​បាន​តែ​ចំនួន​០២​នាក់​ប៉ុណ្ណោះ​​ជា​មេខ្យល់​ ។​ មេខ្យល់​ទាំង​០២​នាក់​នោះ មាន​ម្នាក់​ឈ្មោះ អ៊ឹ​ម ជាលី ហៅ​លី ភេទប្រុស​អាយុ​៣៩​ឆ្នាំ និង​ឈ្មោះ ថុ​ល ធឿ​ន ហៅ ទូ​ន ភេទប្រុស​ អាយុ​៤២​ឆ្នាំ  រីឯ​ចំនួន​០៣​នាក់​ទៀត​រត់គេច​ខ្លួន  ប៉ុន្តែ​ក្នុង​ចំណោម​នោះ មាន​ម្នាក់​ជា​ស្ត្រី​ឈ្មោះ​លឹ​ម រ៉េ​ម ហៅ​ចែ​រ៉េ​ម អាយុ​៤៤​ឆ្នាំ ជនជាតិ​ខ្មែរ ​បាន​ប្ដី​សៀម កំពុង​រស់នៅ​ប្រទេសថៃ  ហើយ​ក៏​ជា​មេខ្យល់​រង់ចាំ​ទ​ទូល​ពលរដ្ឋ​ខ្មែរ​នៅ​ខាង​ទឹកដី​សៀម​ដែរ​ ។​

នៅ​ក្នុង​របាយ​ការ​ណ៍ក្រុម​នេះ​ ក៏​ធ្លាប់​បាន​នាំ​មនុស្ស​ឆ្លង​ដែន​ចំនួន​០២​លើក​ចុង​ក្រោយ​ដូច​គ្នា​ដែរ គឺ​នៅ​ថ្ងៃ​ទី​១៣ តុលា ពួក​គេ​បាន​នាំ​ពលរដ្ឋ​ខ្មែរ​ចំនួន​១៨​នាក់​លួច​ចេញ​តាម​ច្រករបៀង​ក្បែរ​ «​ទឹកធ្លាក​៣២» ក្នុង​ឃុំ​តា​ស្ដា ស្រុក​សំពៅ​លូន  និង​​នៅ​ថ្ងៃ​ទី​១៤ តុលា បាន​នាំ​ពលរដ្ឋ​ខ្មែរ​ចំនួន​០៣​នាក់​ទៀត លួច​ដើរ​កាត់​ព្រៃ និង​ឆ្លង​អូរ​ព្រំដែន​កម្ពុជា-ថៃ ត្រង់​ចំណុច​ភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន​ ។ សរុប​ទាំង​០២​លើក ​មាន​ពលរដ្ឋ​ខ្មែរ​ចំនួន​២១​នាក់ ដែល​ចាញ់បោក​ ។

របាយ​ការ​ណ៍បាន​បញ្ជាក់​ថា  ក្រុម​មេខ្យល់​ទាំង​អស់នេះ ​សុទ្ធតែ​ទ​ទួល​បាន​ប្រាក់​កំ​រ៉ៃ​ជើងសារ​ប្រហាក់ប្រហែល​គ្នា គឺ​ក្នុង​មនុស្ស​ម្នាក់​ទ​ទូល​បាន​កំរៃ​ចំនួន​១០០០​បាត​ ។  នេះ​បើ​តាម​ចម្លើយ​សារភាព​របស់​ពួក​គេដែល​បាន​ប្រាប់​សមត្ថកិច្ចក្រោយ​ត្រូវ​ចាប់ខ្លួន​ ។  

​លោក ទឹម វិ​ឆ័​យ ដែល​ទ​ទូល​ចាត់ការ​លើ​សំណុំរឿង​នេះ ក្រោយ​កម្លាំង​ចម្រុះ​ការពារ​ព្រំដែន​ជួរ​មុខ​ឃាត់ខ្លួន​បាន​ក្រុម​មេខ្យល់បាន​និយាយ​ថា  ការ​ឈាន​ដល់​ការ​តាម​ចាប់ខ្លួន​មុខសញ្ញាក្រុម​មេខ្យល់​ទាំងនេះ​បានជា​បន្តបន្ទាប់ដោយ​យោង​តាម​ចម្លើយ​សារភាព​របស់​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ដែល​លួច​ឆ្លង​ដែន​ខុសច្បាប់​ចូល​ដល់​ទឹកដីថៃ ហើយ​ត្រូវ​កម្លាំង​ទាហាន​សៀម​ចាប់​បាន ​។ 

ពលរដ្ឋ​ខ្មែរ​ទាំងនោះ បាន​ចង្អុល​ប្រាប់​ពួក​ទាហាន​ថៃ​ចំ​ៗ  អំពី​អត្តសញ្ញាណ​ក្រុម​មេខ្យល់​ខ្មែរ ដែល​ពូកែ​នាំ​មនុស្ស​ឆ្លង​ដែន​ខុសច្បាប់  ទើប​មន្ត្រី​ជំនាញ​យើង​ធ្វើការ​ស្រាវជ្រាវរហូត​តាម​ចាប់​មុខសញ្ញា​មេខ្យល់​រត់ពន្ធ​មនុស្ស​ឆ្លង​ដែន​ខុសច្បាប់​នេះ បាន​ជា​បន្តបន្ទាប់ ​។   ប៉ុន្តែ​នៅ​មួយ​ចំនួន​ទៀត​កំពុង​សំងំ​លាក់ខ្លួន ដែល​កម្លាំង​យើង​កំពុង​តាម​រុករក​ ។  ក្រុម​មេខ្យល់​ដែល​ចាប់ខ្លួន​បាន​ចំនួន​០៤​នាក់​នេះ  មន្ត្រី​ជំនាញបាន​កសាង​សំណុំរឿង បញ្ជូន​ទ​កាន់​ស្នងការ​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​
ហើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ