ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​វិភាគ​មាត់​ដាច​រូប​នេះ…នាំ​កូន​ស្រី​គេច​ខ្លួន​បាត់​

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លាង សំណាត់ បាន​ចេញ​ដីកា ​កាល​ពី​ថ្ងៃ​២៨ ខែសីហា តែ​សារព័ត៌មាន​ទើប​ដឹង​នៅ​ថ្ងៃ​៣…

​រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លាង សំណាត់ បាន​ចេញ​ដីកា ​កាល​ពី​ថ្ងៃ​២៨ ខែសីហា តែ​សារព័ត៌មាន​ទើប​ដឹង​នៅ​ថ្ងៃ​៣ ខែកញ្ញា ជា​ការ​បង្គាប់​ឲ្យ​លោក គឹ​ម សុខ ចូលខ្លួន​មក​កាន់​សាលាដំបូង នៅ​ថ្ងៃ​ទី​១៤ ខែកញ្ញា​ខាង​មុខ ដើម្បី​សាកសួរ​ពី​បទ​ «​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះ​ញង់​​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​» ។

ដីកា​បង្គាប់​ឱ្យ​ចូលខ្លួន​របស់​លោក​ចៅក្រម​ស៊ើបសួរ​បាន បង្គាប់​មក​ឈ្មោះ គឹ​ម សុខ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ កើត​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​១៩៨០ ជនជាតិ​ខ្មែរ មាន​អាសយដ្ឋាន​បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​(​អាសយដ្ឋាន​ចុង​ក្រោយ​) ឱ្យ​ចូលខ្លួន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទប់​«​ឈ​» ជាន់​ទី​៤ នៅ​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ដើម្បី មក​សាកសួរ​យក​ចម្លើយ​ពី​ដំណើររឿង​បរិហារកេរ្ដិ៍​ជា​សាធារណៈ ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ ។

ការ​ចេញ​ដីកា​របស់​លោក​ចៅក្រម​ស៊ើបសួរ​នេះ ខណៈ​លោក គឹ​ម សុខ អ្នកវិភាគ​នយោបាយនិង​សង្គម​ដែល​ទើប​រួច​ទោស​ពី​ពន្ធនាគារ​បាន​រត់គេច​ខ្លួន​បាត់​ទៅ​ហើយ ។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក​ឧត្តមសេនីយ៍ឯក អុ​ី សុខ​ឃី ប្រធាននាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដែល​ត្រូវ​បាន​ដកស្រង់​សម្តី​ដោយ​គេហទំព័រ​ក្នុងស្រុក​មួយ ។

គេហទំព័រ​ដដែល​បន្ត​ថា លោក​ឧត្តមសេនីយ៍ឯក អុ​ី សុខ​ឃី បាន​ប្រាប់​ថា លោក គឹ​ម សុខ ពិតជា​បាន​រត់​គេច​ខ្លួន​ទៅ​ដល់​ប្រទេស​ថៃ​ហើយ តាម​ច្រករបៀង ហើយ​នៅ​ពេល​នេះ សមត្ថកិច្ច​កម្ពុជា​កំពុង​សហការ​ជាមួយ​សមត្ថកិច្ច​ថៃ ដើម្បី​តាម​ស្វែងរក​លោក គឹ​ម សុខ ចាត់ការ​តាម​នីតិវិធី ។

សូម​បញ្ជាក់​ថា លោក គឹ​ម សុខ ត្រូវ​បាន​តុលាការ​ដោះ​លែងឱ្យ​មាន​សេរីភាព​វិញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៨ បន្ទាប់​ពី​លោក​អនុវត្ត​ទោស​ចប់​សព្វគ្រប់​ចំនួន​១៨​ខែ ។លោក គឹ​ម សុខ ត្រូវ​បាន​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គី ប្ញ​ទ្ធី សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន​១៨​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៨​លាន​រៀល រួម​នឹង​ប្រាក់​សងជំងឺចិត្ត​ដល់​ដើមបណ្តឹង​៨០០​លាន​រៀល ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​មាន​បទឧក្រិដ្ឋ​ជា​អាទិ៍ កាលពី​ថ្ងៃ​១០ ខែសីហា ឆ្នាំ​២០១៧​កន្លង​មក ។

ការ​ផ្តន្ទាទោស​នេះ ធ្វើ​ឡើង​តាម​បណ្តឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា បន្ទាប់​ពី​លោក គឹ​មសុខ បាន​ចោទ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ពីក្រោយ​ឃាតកម្ម​លើ​លោក កែម ឡី ។កាលពី​ថ្ងៃ​ទី​២៩ ខែសីហា ខែ​កន្លង​ទៅ​ថ្មី​ៗនេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ព្រមាន​ខ្លាំង​ៗ​ថា​នឹង​ប្ដឹង​អ្នកវិភាគ​សង្គម លោក គឹ​ម សុខ ដាក់​ពន្ធនាគារ​វិញ ប្រសិនបើ​មិន​សង​ប្រាក់​ចំនួន​៨០០​លាន​រៀល ស្មើនឹង​ប្រមាណ​២០​ម៉ឺន​ដុល្លារ មក​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​នោះ ។

មុន​នេះ មាន​សេចក្តីរាយការណ៍​ថា លោក​គឹ​ម សុខ និង​កូនស្រី​អាយុ​៦​ឆ្នាំ បាន​ភៀសខ្លួន​ទៅក្រៅប្រទេស​កាលពី​ថ្ងៃ​ទី​៣០ ខែសីហា ។ ការ​ភៀសខ្លួន​របស់​អ្នក​អធិប្បាយ​មាត់ដាច​រូប​នេះ​គឺ​កើតឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពេល​សម្តេច​តេ​ជោ ហ៊ុន សែន ព្រមាន​ចាប់ខ្លួន​វិញ ប្រសិនបើ​អ្នកវិភាគ​រូប​នេះ មិន​មាន​លុយ​សងជំងឺចិត្ត​ក្នុង​សំណុំរឿង​បរិហារកេរ្តិ៍ ។ លោក ជួង ជូ​ងី ដែល​ធ្លាប់​ការពារ​ក្តី​ឱ្យ​លោក គឹ​ម សុខ បាន​បញ្ជាក់​ថា លោក​មិនដឹង​ថា​អតីត​កូនក្តី​របស់​លោក​បាន​ភៀសខ្លួន​ទៅ​ដល់ទីណា​នោះ​ទេ ។ ប៉ុន្តែ​លោក​មេធាវី​រូប​នេះ​គ្រាន់តែ​ដឹង​ថា លោក​បានឃើញ​ព័ត៌មាន​មួយ​ចំនួន​រាយការណ៍​ថា លោក គឹ​ម សុខ បាន​ភៀសខ្លួន​ទៅ​ក្រៅប្រទេស​ហើយ ។

តាម​កាសែត​អន​ឡាញ​មួយ​បាន​រាយការណ៍​ថា លោក គឹ​ម សុខ និង​កូនស្រី​របស់​គាត់​បាន​ភៀសខ្លួន​ដល់​កន្លែង​មាន​សុវត្ថិភាព​ហើយ កាលពី​ថ្ងៃ​ទី​៣០ ខែសីហា ។មុន​នេះ​ផង​ដែរ តាម​ការ​ផ្សាយ​របស់​វិទ្យុបារាំង​អន្តរជាតិ លោក គឹ​ម សុខ បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ទារ​សំណង​៨០០​លាន​រៀល​នោះ​ថា ប្រសិនបើ​លោក​មាន​លុយ​ប៉ុនណេះ​នៅ​ក្នុង​ដៃ លោក​នឹង​ជួយ​អ្នកក្រ​លំបាក និង​កុមារ​កំព្រា ។

ដូច្នេះ ពុំ​មាន​ហេតុផល​អ្វី​ដែល​លោក​ត្រូវ​ខំ​រក​លុយ​មក​សងជំងឺចិត្ត​ក្នុង​សំណុំរឿង​មួយ​ដែល​លោក​យល់​ថា ជា​ការ​កាត់សេចក្ដី​ដោយ​អយុត្តិធម៌​នោះ​ឡើយ ។អ្នក​តាមដាន​និយាយ​ថា ភ្លើង​បាន​ចាប់ផ្តើម​ឆេះ​សា​ជា​ថ្មី​ជុំវិញ​ករណី​លោក គឹ​ម សុខ នេះ​មក​ពី​លោក​នៅ​តែ​និយាយ​មិន​សំចៃមាត់​តាម​រយៈ​បណ្តាញ​ផ្សព្វផ្សាយ​ដូច​ជា ការ​ហៅ​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ដែល​ជា​ការ​ផ្តួចផ្តើម​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​អាណត្តិ​ទី​៦ ក្នុង​ការ​ប្រមូលគណបក្ស​ដែល​ចូលរួម​បោះ​ឆ្នោត តែ​មិន​បានទទួល​អាសនៈ​ណាមួយ​នៅ​ក្នុង​សភា ត្រូវ​បានលោក គឹ​ម សុខ ហៅ​ក្រុម​នេះ​ថា​ក្រុម​«​គោក្រោល​»​និង​ក្រោយមក​កែ​ថា​«​ក្រុម​កូន​ក្រោល​»​។

ចំណុច​មួយទៀត បាន​ហៅ​នយោបាយ​សន្តោសប្រណី​ក្នុង​ការ​លើកលែងទោស​ទ្រង់ទ្រាយ​ធំ​មួយ​ឈុត​កាល​ពី​ចុងខែ​សីហា កន្លង​ទៅ​លោក គឹ​ម សុខ បាន​ហៅ​កាយវិការ​នេះ​ថា​ជា​«​នីតិ​មាត់​»​មិនមែន​«​នីតិរដ្ឋ​»​ទេ ។ ពាក្យ​សម្តី​ទាំងនេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​ការ​បញ្ឆេះមួ​ួ​យ​ឱ្យ​មាន​កំហឹង ដោយសារ​តែ​ការ​ខិតខំ​ធ្វើ​ឱ្យ​មានការ​ធូរស្រាល​ពី​សភាពការណ៍​នយោបាយ ក្រោយ​ការ​បោះ​ឆ្នោត​និង​ការ​បង្កើត​រាជរ​ដ្ឋា​ភិបាល​ថ្មី ៕ ​

អត្ថបទសរសេរ ដោយ