ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលរួម​ត្រេកអរ​! លោក​ឆាំង យុ ទទួល​ពានរង្វាន់ «​ណូបែល​អាស៊ី​ឆ្នាំ​២០១៨»

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ពិតជា​មោទនភាព​ណាស់ លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​ ​កម្ពុជា និង​បេក្ខជន​៥​រូប​ផ្សេង​ទៀត បាន​ទទួល​ពានរង្វាន់​រ៉ា​ម៉ុ​ន ម៉ា​សាយ​សាយ…

រាជធានី​ភ្នំពេញ​៖ ពិតជា​មោទនភាព​ណាស់ លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​
​កម្ពុជា និង​បេក្ខជន​៥​រូប​ផ្សេង​ទៀត បាន​ទទួល​ពានរង្វាន់​រ៉ា​ម៉ុ​ន ម៉ា​សាយ​សាយ ឬ​ណូបែល​​អាស៊ី​ឆ្នាំ​២០១៨ លើក​ទី​៦០ នៅ​ល្ងាច​នេះ ម៉ោង ១៥ និង​៣០​នាទី (​ម៉ោង​នៅ​កម្ពុជា​) នៅ​ប្រទេស​ហ្វី​លី​ពី​ន​។ នេះ​បើ​យោង​តាម​ព័ត៌មាន​ពី​ទំព័រ​វិទ្យាស្ថាន​ស្លឹករឹត ។​

ព្រម​ជាមួយនឹង​ការ​ទទួល​ពានរង្វាន់​អាស៊ី​ណូបែល ២០១៨ នេះ​លោក ឆាំង យុ បាន​សេច​ក្តី​ថ្លែងអំណរគុណ លំឱនកាយ​ចំពោះ​ពានរង្វាន់​ដ៏​ខ្ពង់ខ្ពស់​និង​មា​នក​ត្តិ​យស​មួយ​នេះ​។​

​លោក ឆាង យុ ពោល​យ៉ាង​ដូច្នេះ​ថា «​ក្នុង​ពេល​ដែល​ទទួល​ពានរង្វាន់​មួយ​នេះ សភាវគតិ​របស់ខ្ញុំ បាន​ក្រើនរម្លឹក​ខ្ញុំ​នូវ​ទស្សនៈ​មួយ​ដែល​ថា ៖ «​ប្រសិនបើ​អ្នក​បាន​រស់រាន​មានជីវិត​ពី​របប​ប្រល័យពូជសាសន៍ អ្នក​គឺជា​មនុស្ស​ដែល​មានសំណាង​ខ្លាំង​ណាស់​។ អ្នក​អាច​ចាប់ផ្តើម​ជីវិត​សារ​ជា​ថ្មី​ម្តងទៀត​។ អ្នក​អាច​មាន​ទីជម្រក មានផ្ទះ​សម្បែង មានការ​ងារ​ធ្វើ មាន​មិត្ត​ភ័ក្ត្រ និង​ចាប់ផ្តើម​កសាង​គ្រួសារ​ថ្មី​មួយ​។

ប៉ុន្តែ​អ្នក​នឹង​មានការ​រំខាន​ដោយសារ​តែ​រឿងរ៉ាវ​ជា​ច្រើន​ដែល​បាន​កើតឡើង​មក​លើ​ខ្លួន​ឯង​។ ជីវិត​និង​ផ្លូវចិត្ត​របស់​អ្នក ទទួល​រង​ការ​បែកបាក់​។ បេះដូង​របស់​អ្នក​ទទួល​រង​ការ​ឈឺចាប់​ពី​ការ​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​។ អ្នក​ត្រូវ​បាន​រំខាន​ដោយ​ការ​ចង​ចាំ​របស់​អ្នក​។ អ្នកមាន​អារម្មណ៍​ថា​មាន​កំហុស​ដោយសារ​តែ​អ្នក​អាច​រស់រាន​មានជីវិត ខណៈ​ដែល​មនុស្ស​ជា​ច្រើន​នាក់​ផ្សេង​ទៀត​បាន​បាត់បង់​ជីវិត ហើយ​អ្វី​ដែល​អាក្រក់​ជាង​នេះ​ទៀត​នោះ គឺ​អ្នក​អាច​បាត់បង់​ក្តី​សង្ឃឹម​»​។​

លោក​មាន​ប្រសាសន៍​បន្ត​ថា «​តំណាង​ឲ្យ​ម្តាយ​ខ្ញុំ និង​ម្តាយ​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ដែល​បាន​រួច​រស់​ជីវិត​ពី​អំពើ​ប្រល័យពូជសាសន៍ ពានរង្វាន់​នេះ​គឺជា​ការ​រម្លឹក​មួយទៀត ដល់​ចិត្តមេត្តា​របស់​ប្រជាជន​ហ្វី​លី​ពី​ន​»​។ នា​អំឡុង​ឆ្នាំ​១៩៨០ បន្ទាប់​ពី​របប​ខ្មែរក្រហម​ដួល​រលំ​ទៅ ប្រទេស​ហ្វី​លី​ពី​ន​បាន​ស្វាគមន៍ ​និង​ទទួលយក​ជនភៀសខ្លួន​ពី​ប្រទេស​កម្ពុជា​។

រដ្ឋាភិបាល​និង​ប្រជាជន​ហ្វី​លី​ពី​ន រួម​ជាមួយ​និង​បណ្តា​ប្រទេស​ឯទៀត រួម​ទាំង​សហ​រដ្ឋអាមេរិក បាន​បំពេញ​កាតព្វកិច្ច​ដ៏​មាន​សារៈសំខាន់​បំផុត ក្នុង​ការ​ជួយ​យើង​ទាំងអស់​គ្នា​ឲ្យ​រួច​ផុត​ពី​ស្ថានភាព​យ៉ាង​លំបាក​។ នៅ​ពេល​កំពុង​ទទួល​ពាន់រង្វាន់​មួយ​នេះ ខ្ញុំ​សូម​ឆ្លៀត​ឱកាស​ថ្លែងអំណរគុណ​ដល់​ប្រទេស​ហ្វី​លី​ពី​ន ​និង​ប្រជាជន​ដែល​ប្រកបដោយ​សន្តាន​​​ចិត្តមេត្តា​កាល​គ្រានោះ​។ ការ​ជួយ​ជ្រោមជ្រែង​របស់​ប្រទេស​ហ្វី​លី​ពី​ន គឺជា​គម្រូ​មួយ​យ៉ាង​សំខាន់​ដល់​យើង​ទាំងអស់​គ្នា​គឺ កុំ​បោះបង់​ចោល​ក្តី​សង្ឃឹម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ