ខេត្តសៀមរាប ៖ រទេះគោខ្មែរ និងដំណាំធម្មជាតិគ្មានជាតិគីមីនៅសហគមន៍ក្នុងសង្កាត់ជ្រាវក្រុង-ខេត្តសៀមរាបកំពុងទាក់ទាញភ្ញៀវទេសចរបរទេសមកតាមជនបទ ដើម្បីជិះរទេះគោ និង ដើរទស្សនាកម្សាន្តកសិទេសចរតាមជនបទជាផ្នែកមួយនៃទេសចរធម្មជាតិដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ផលិតផលកសិកម្ម ជាពិសេសប្រជាកសិករ ហើយបានផ្សារភ្ជាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងការបង្កើនចំណូលបន្ថែម ក្រៅពីប្រកបមុខរបរកសិកម្ម ។
ទេសចរណ៍ត្រូវបានគេចាត់ទុកថាជា«មាសប៉ៃតង» ដោយសារតែតួនាទីរបស់វិស័យនេះបានចូលរួមនៅក្នុងកំណើនសេដ្ឋកិច្ចជាតិតាមរយៈការបង្កើតឱកាសការងារ ការរកប្រាក់ចំណូល ការលើកកម្ពស់ជីវភាពរស់នៅ ការកាត់បន្ថយភាពក្រីក្រ ការអភិរក្សបេតិកភណ្ឌធម្មជាតិ វប្បធម៌ និងប្រវត្ដិសាស្ដ្រ និងការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុពិភពលោកផងដែរ ។
លោក គ្រួច លី ស្ថាបនិកភូមិកសិទេសចរធម្មជាតិនៅសង្កាត់ជ្រាវក្រុងសៀមរាប និងជាអ្នករៀបចំពលរដ្ឋក្នុងសង្កាត់ជ្រាវទាំងអស់ឱ្យយកចិត្តទុកដាក់លើវិស័យដឹកជញ្ជូនតាមរទះគោ បានឱ្យដឹងថា រទេះគោខ្មែរនាបច្ចុប្បន្ននេះកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ភ្ញៀវទេសចរបរទេសសម្រាប់ជិះទស្សនាទិដ្ឋភាពទេសចរបៃតងដែលជាប្រភេទដំណាំដាំដុះដោយមិនប្រើជាតិគីមី ដែលមាននៅក្នុងភូមិ និងនៅតំបន់ព្រៃលិចទឹកមួយចំនួនជាពិសេសការកម្សាន្តដោយសារ ជិះរទេះគោនេះមិនត្រឹមធ្វើឱ្យពួកគាត់មានអារម្មណ៍ភ្លឺថ្លា ប៉ុណ្ណោះនោះទេ គឺធ្វើឱ្យពួកគាត់បានស្គាល់ពីវប្បធម៌ អរិយធម៌ និងប្រពៃណីទំនៀមទម្លាប់ខ្មែរនៅក្នុងតំបន់ជនបទនេះដែលមានតាំងពីបុរាណមកម្ល៉េះ ។
លោក គ្រួច លី បានបន្ថែមទៀតថា សេវាកម្មដោយការប្រើរទេះគោនេះ គឺជាផ្នែកមួយដែលមិនត្រឹមតែធ្វើឱ្យពលរដ្ឋកាត់បន្ថយការធ្វើចំណាកស្រុក គឺធ្វើឱ្យពួកគាត់មានជីវភាពគ្រួសារធូរធាប៉ុណ្ណោះទេ ប៉ុន្ដែវាថែមទាំងបានជួយដល់ការអភិរក្សនូវរទេះគោខ្មែរសម្រាប់យុវជនជំនាន់ក្រោយបានស្គាល់ និងយល់ដឹងពីវប្បធម៌ដូនតារបស់ខ្មែរយើងពីជំនាន់មុនផងដែរ ដូច្នេះតាមរយៈនេះលោកសូមអំពាវនាដល់ស្ថាប័នពាក់ព័ន្ធរួមមានក្រសួងទេសចរក្រសួងវប្បធម៌ជួយដឹកនាំភ្ញៀវ និងជួយអភិរក្សរទេះគោខ្មែរនេះឱ្យបានគង់វង្សជាយូរអង្វែងផង ។
សូមបញ្ជាក់ថា ទេសចរត្រូវបានគេចាត់ទុកថា ជា«មាសប៉ៃតង» ដោយសារតែតួនាទីរបស់វិស័យនេះបានចូលរួមនៅក្នុងកំណើនសេដ្ឋកិច្ចជាតិតាមរយៈការបង្កើតឱកាសការងារ ការរកប្រាក់ចំណូល ការលើកកម្ពស់ជីវភាពរស់នៅ ការកាត់បន្ថយភាពក្រីក្រ ការអភិរក្សបេតិកភណ្ឌធម្មជាតិ វប្បធម៌ និងប្រវត្ដិសាស្ដ្រ និងការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុពិភពលោក ។
ហើយវិស័យអេកូទេសចរត្រូវបានរដ្ឋាភិបាលចាត់ទុកជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយភាពក្រីក្រនៅតាមជនបទ តាមរយៈការពង្រីកសកម្មភាពទេសចរណ៍ទៅកាន់តំបន់ដាច់ស្រយាល ដើម្បីបង្កើតការងារនៅនឹងកន្លែងចូលរួមកាត់បន្ថយការចំណាកស្រុកពីជនបទទៅទីក្រុង ឬទៅក្រៅប្រទេស និងធានាឱ្យបាននូវកំណើនប្រកបដោយសមធម៌ ផ្ទុយទៅវិញ ។
បើសិនជាគ្មានការចូលរួមគាំទ្រពីសហគមន៍ជាពិសេស គឺប្រជាជនក្នុងសហគមន៍តែម្តងក្នុងការជួយសម្រេចឱ្យបាននូវការអភិវឌ្ឍអេកូទេសចរ ហើយការអភិវឌ្ឍអេកូទេសចរនេះត្រូវតែបម្រើផលប្រយោជន៍សហគមន៍ជាមួយនឹងការបង្កើតប្រាក់ចំណូលដោយផ្ទាល់ និងមិនផ្ទាល់ទៅកាន់សហគមន៍ដូចជា ការផ្តល់ការងារ កាត់បន្ថយចំណាកស្រុក គឺបានន័យថា អភិវឌ្ឍន៍នៅនឹងកន្លែង ដើម្បីគាំទ្រដល់សហគមន៍ ហើយអត្ថប្រយោជន៍នៃវិស័យទេសចរក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចព្រោះ វិស័យនេះចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិរក្សសម្បត្តិវប្បធម៌ ការការពារបរិស្ថាន និងធនធានធម្មជាតិរបស់ខ្មែរផងដែរ ៕



ចែករំលែកព័តមាននេះ