ខេត្តមណ្ឌលគិរី ៖ ដើម្បីឈ្វេងយល់ច្បាស់ពីកិច្ចការពារដែនបួរណភាពទឹកដីខ្មែរតាមខ្សែបន្ទាត់ព្រំដែននៅតំបន់ភូមិភាគឦសាន បងប្អូនអនិកជនខ្មែររស់នៅប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់ បានធ្វើដំណើរជាច្រើនពាន់គីឡូម៉ែត្រ ឆ្លងមហាសាគរជាច្រើនថ្ងៃ ចុះពិនិត្យជាក់ស្តែងពីការអភិវឌ្ឍន៍ អំពីជីវភាពរបស់ប្រជាពលរដ្ឋដែលកំពុងអាស្រ័យផលយ៉ាងសុខដុមក្រោមម្លប់សន្តិ
ភាព។
រយៈពេលពីរថ្ងៃ(ថ្ងៃទី១៨-១៩ ខែមីនា ឆ្នាំ២០២៥) លោក ហ៊ាញ ប៉ុណ្ណា អភិបាលរងខេត្តនិងលោក សាយ ម៉េងគីម សមាជិកក្រុមប្រឹក្សាខេត្តមណ្ឌលគិរី បានទទួលស្វាគមន៍បងប្អូនខ្មែររស់នៅក្រៅប្រទេស ក្នុងការបំពេញដំណើរទស្សនកិច្ចតាមតំបន់ព្រំដែនកម្ពុជា-វៀតណាម ពីស្រុកកែវសីមា រហូតដល់ស្រុកពេជ្រាដា លើរយៈចម្ងាយផ្លូវប្រមាណជិត២០០គីឡូម៉ែត្រដើម្បីបានឃើញដោយផ្ទាល់ និងការស្ដាប់ព័ត៌មានពីសមត្ថកិច្ចជំនាញ ។
ក្រោយទស្សនានិងទទួលព័ត៌មានពីអាជ្ញាធរក៏ដូចជាសមត្ថកិច្ចដែលប្រចាំការផ្ទាល់នៅតាមបន្ទាត់ព្រំដែន បងប្អូនអនិកជនខ្មែររស់នៅប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់ បានអញ្ជើញទស្សនាកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តរួមមាន ទំនប់អូរតេធិបតី ដែលជាសំណង់ប្រវត្តិសាស្ត្រថ្មីលើទឹកដីស្រុកអូររាំង រង្វង់មូលគោព្រៃដែលជាតំណាងនិមិត្តសញ្ញាសម្គាល់ខេត្តមណ្ឌលគិរី រមណីយដ្ឋានភ្នំណាំលៀរ ជាភ្ណំថ្មមួយដុំយ៉ាងធំមហិមាមានទីតាំងកៀកព្រំដែនមិនឆ្ងាយប៉ុន្មានពីបង្គោលព្រំដែនលេខ ៤៨លើ២១(១) រួចក៏បន្តទៅកម្សាន្តនៅទឹកជ្រោះប៊ូស្រាដ៏ល្បីល្បាញ និងភ្នំដោះក្រមុំដែលជារមណីយដ្ឋាន និងជាបូជនីយដ្ឋានដ៏សាកសិទ្ឋបំផុតរបស់បងប្អូនជនជាតិដើមភាគតិច។
តំណាងសហគមន៍ខ្មែររស់នៅប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់ លោក សារ៉ា ណារីជេស៉ិន បានបង្ហាញអារម្មណ៏ដ៏រីករាយ ក្រោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពី អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ អំឡុងពេលចុះសិក្សាអំពីព្រំដែន តាមរយៈបទបង្ហាញនេះ បងប្អូនខ្មែរបានឃើញដោយផ្ទាល់ភ្នែកពីភាពត្រឹមត្រូវ និងភាពរឹងមាំនៃខ្សែបន្ទាត់ព្រំដែន ដែលបានកំណត់យ៉ាងច្បាស់លាស់។
លោក សារ៉ា ណារីជេស៊ិន និយាយថា ការមកឃើញដោយផ្ទាល់ និងការស្ដាប់ព័ត៌មានពីសមត្ថកិច្ចជំនាញ បានផ្តល់ទំនុកចិត្តដ៏ខ្លាំងដល់បងប្អូនខ្មែររស់នៅក្រៅប្រទេស។លោកក៏បានថ្លែងអំរគុណជាអនេកដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានជួយសម្រួលការធ្វើដំណើររបស់ងប្អូនខ្មែររស់នៅក្រៅប្រទេស មានឱកាសបានទស្សនាដោយផ្ទាល់ពីដែនបូរណភាពទឹកដីកម្ពុជាដ៏ស្រស់ស្អាត៕
ចែករំលែកព័តមាននេះ