រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ កម្មករ-កម្មការិនីនៃរោងចក្រ ហេន ៧ ហ្គាម៉ិន ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានចូលបម្រើការងារជាធម្មតាវិញហើយ បន្ទាប់ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដោះស្រាយបញ្ចប់ការទាមទាររបស់ពួកគាត់ចប់សព្វគ្រប់ កាលពីថ្ងៃម្សិលមិញ ។

លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យដឹងថា៖ «នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ បងប្អូនកម្មករ-កម្មការិនី នៃរោងចក្រ ហេន ៧ ហ្គាម៉ិន បានចូលបម្រើការងារជាធម្មតាវិញហើយ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់ក្រសួងការងារ បានដោះស្រាយករណីទាមទាររបស់ពួកគាត់ចប់សព្វគ្រប់ និងយ៉ាងលឿនរហ័ស ក្រោមការយកចិត្តទុកដាក់ខ្ពស់» ។

អ្នកនាំពាក្យដដែលរូបនេះ បានអះអាងថា រាល់បញ្ហានានារបស់បងប្អូនកម្មករ-និយោជិត មិនថាតែក្នុងវិស័យកាត់ដេរ ឬវិស័យផ្សេងទៀតនោះទេ គឺក្រសួងការងារ តែងតែយកចិត្តទុកដាក់ដោះស្រាយដោយលឿនរហ័ស និងប្រកបដោយប្រសិទ្ធភាពដោយមិនព្រងើយកន្តើយនោះឡើយ ។ បន្ថែមពីនេះ កម្មករនិយោជិតទាំងអស់អាចប្តឹង ឬផ្តល់ដំណឹងមកលេខHotline “១២៨៦” ដើម្បីឱ្យមន្ត្រីជំនាញរបស់ក្រសួង ដោះស្រាយបញ្ហាជូន ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ