ខេត្តកំពង់ចាម ៖ ប្រាសាទនគរបាជ័យដែលមានទីតាំងស្ថិតនៅឃុំអំពិល ស្រុកកំពង់សៀម គឺជារមណីយដ្ឋានទេសចរណ៍មួយ បានទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្តលេងស្ទើររាល់ថ្ងៃ។ ជាមួយនោះ នៅច្រកចូលប្រាសាទ គឺមានកម្លាំងនគរបាលទេសចរណ៍យាមប្រចាំការ ដើម្បីពង្រឹងសន្តិសុខ និងសណ្ដាប់ធ្នាប់សម្រាប់ភ្ញៀវដែលមកកំសាន្តលេងផងដែរ ។

អ្នកស្រីចេង ស៊ីណេត អាយុ៥០ឆ្នាំ រស់នៅភូមិវាលស្បូវ ឃុំអំពិល បានរៀបរាប់ឲ្យដឹង កាលពីព្រឹកថ្ងៃទី១៤ មីនា ២០២៥ថា ជារៀងរាល់ថ្ងៃគាត់តែងតែជិះម៉ូតូមួយគ្រឿងសណ្ដោងរ៉ឺម៉ក ដោយមានលក់ទឹកបរិសុទ្ធ គ្រឿងភេសជ្ជៈ និងទឹកអំពៅ ដាក់លក់នៅក្រោមដើមស្វាយក្បែរមាត់ចូលប្រាសាទនគរបាជ័យ សម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅជុំវិញប្រាសាទ ដែលជិះម៉ូតូឆ្លងកាត់ ឬភ្ញៀវអាចទិញរបស់គាត់យកទៅពិសារបានមានតម្លៃសមរម្យ ។

អ្នកលក់រូបនេះបានរំលឹកថា កាលពីអំឡុងពេលមុនជំងឺកូវីដបានផ្ទុះឡើង ក្នុងមួយថ្ងៃគាត់អាចលក់ដូរបានជាង១០ម៉ឺនរៀល ហើយក្រោយពីកូវីដស្ងប់ស្ងាត់ក្នុងមួយថ្ងៃគាត់លក់ដូរបានយ៉ាងច្រើនចំនួន៥ម៉ឺនរៀល ទាំងដើមនិងចុងដោយចំនួនភ្ញៀវមានការថយចុះច្រើន ។

លុះពេលសួរនាំចុះឡើងគាត់ថា ការលក់មិនសូវដាច់នេះ ដោយសារការរងឥទ្ធិពលវិបត្តិសេដ្ឋកិច្ចសាកល ។ នៅមិនឆ្ងាយប៉ុន្មាន ពីកន្លែងលក់ដូររបស់គាត់មានរោងតែព្រហ្មមួយ ដែលប្រជាពលរដ្ឋក្នុងខេត្ត និងអ្នកនៅក្រៅខេត្តតែងតែមកបែបន់ សូមសេចក្តីសុខសាន្តនិងប៉ងប្រាថ្នាអ្វីផ្សេងៗ ។
ចូលមកដល់ឆ្នាំ២០២៥នេះ ការលក់ដូរចេះតែថមថយ ហើយអ្នកភូមិធ្វើដំណើរកាត់តាមផ្លូវបេតុងកន្លែងលក់របស់គាត់ទៅហួសមកហួសនិយាយរួមមនុស្ស១០នាក់ចូលទិញតែពីរនាក់ប៉ុណ្ណោះ។ ចំពោះរបរលក់ដូរនេះ គាត់បានផ្ដល់ថវិកាហើយកូនរៀនចប់សាកលវិទ្យាល័យចំនួនពីរនាក់ និងនៅសល់ម្នាក់កំពុងតែរៀនសព្វថ្ងៃ។ ចំណែកប្ដីរបស់គាត់វិញប្រកបរបរធ្វើស្រែចម្ការបន្តិចបន្តួចគ្រាន់ផ្គត់ផ្គង់ជីវភាពគ្រួសារ។

លោកសឿន យុទ្ធាវ័យ នគរបាលទេសចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តបានប្រាប់ឲ្យដឹងថា គាត់បានមុខយាមនៅបរិវេណមុខប្រសាទនគរបាជ័យនេះ តាំងពីអំឡុងឆ្នាំ២០០៨ បន្តរហូតមកដល់សព្វថ្ងៃនេះ ដោយមានការបែងចែកវេនយាមប្រចាំការ ក្នុងនោះ មាននៅតាមគោលដៅចំនួន៤ដូចជានៅប្រាសាទនគរបាជ័យ ភ្នំប្រុសភ្នំស្រី ភ្នំហាន់ជ័យ និងភ្នំជើងព្រៃ ស្រុកជើងព្រៃ។
លោកបន្តថា សព្វថ្ងៃអ្នកថតរូបកំពុងតែមានការចាប់អារម្មណ៍នឹងចម្លាក់ថ្មបុរាណដោយមានថ្ងៃខ្លះក្នុងមួយថ្ងៃមានកូនក្រមុំកូនកំលោះមកថតរហូតដល់ជាង១០គូក៏មាន។នៅបរិវេណវាលស្មៅមុខប្រាសាទមានរៀបចំដាក់ធុងសំរាមដោយមន្ទីរទេសចរណ៍ខេត្ត បានឲ្យមានអ្នកអនាម័យរបស់សំអាតជាប្រចាំឃើញថាមិនមានសំរាមចោលពាសវាលនោះទេ។

ពេលណាដែលមានភ្ញៀវអន្តរជាតិចូលមកមើលប្រាសាទនគរបាលទេសចរណ៍ត្រូវតែដែលជួយការពារពង្រឹងសន្តិសុខ និងសណ្ដាប់ធ្នាប់ជូនដល់ពួកគាត់ទៀតផង ។ ចំពោះនៅច្រកចូលគឺមានរោងលក់សំបុត្រមួយសម្រាប់ភ្ញៀវបរទេសដែលចូលមកមើលប្រាសាទដោយក្នុងម្នាក់តម្លៃ១០ដុល្លារ ក្នុងថ្ងៃពេលខ្លះ ភ្ញៀវបរទេសជិះរថយន្តក្រុង៣ទៅ៤រថយន្ត ភ្ញៀវខ្លះទៀតជិះម៉ូតូកង់បីឬក៏ម៉ូតូជាមធ្យោបាយផ្ទាល់ខ្លួនក៏មានដែរ។ ភ្ញៀវបរទេសដែលអញ្ជើញមកមើលប្រាសាទនេះបានលើកឡើងថា ប្រាសាទនគរបាជ័យមានអាយុកាលដំណាល និងប្រាសាទអង្គរវត្តដែរ ។

យោងតាមឯកសាររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឲ្យដឹងថា ប្រាសាទនគរបាជ័យ បានកសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ឧទិ្ទសចំពោះព្រះពុទ្ធសាសនាមហាយាន។លក្ខណៈពិសេស ដែលសម្គាល់ក្នុងព្រះរាជព្រះអង្គ គឺនៅតាមជញ្ជាំងគេឆ្លាក់ជាបង្អួចបញ្ឆោតដែលមានវាំងនននៅពីលើ ហើយគេធ្វើរូបគ្រុឌជិះនាគនៅអមសង្ខាងផ្លូវចូលប្រាសាទនិងនៅលើព្រំដំបូលគេឆ្លាក់ជារូបព្រះពុទ្ធសមាធិ។

ក្នុងរាជ្យស្ដេចបន្ទាប់ មានការដាប់បំផ្លាញរូបព្រះពុទ្ធចេញ ដើម្បីកែប្រែប្រាសាទនេះឧទ្ទិសចំពោះព្រហ្មញ្ញសាសនាវិញ។ ក្រោយមក នៅសម័យកណ្ដាលចន្លោះសតវត្សទី១៦-១៧មានព្រះរាជាមួយអង្គទៀតបានត្រឡប់មករៀបចំបុរាណដ្ឋាននេះ ឲ្យក្លាយទៅជាវត្តអារាមនៃព្រះពុទ្ធសាសនាហិនយានវិញ ដោយបានដាប់ប្រាណកណ្ដាលជាចេតិយថ្មីបន្ថែមពីលើរចនាសម្ព័ន្ធចាស់ ដូចដែលយើងបានឃើញសព្វថ្ងៃនេះ។ ប្រាសាទនេះ គេនៅតែបន្តគោរពបូជាផ្នែកព្រះពុទ្ធសាសនាពីសំណាក់ពុទ្ធសាសនិកនៅជុំវិញប្រាសាទ និងអ្នកធ្វើដំណើរមកកាន់ទីនេះជាហូរហែ ។






ចែករំលែកព័តមាននេះ