រាជធានីភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធសហការអភិរក្ស និងថែរក្សាតំបន់ទេសចរណ៍ខ្នងផ្សារខ្នងសំពៅនៃឧទ្យានជាតិភ្នំក្រវ៉ាញឲ្យបានល្អ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសរសេរលើបណ្តាញសង្គមនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ យ៉ាងដូច្នេះថា មុននឹងចាកចេញពីតំបន់ទេសចរណ៍ខ្នងផ្សារ កាលពីថ្ងៃសៅរ៍ ទី៨ មីនា កន្លងទៅនេះខ្ញុំបានជួបជជែកលេងជាមួយប្អូនប្រុស ដែលជាប្រធានសហគមន៍ទេសចរណ៍ធម្មជាតិតាំងបំពង់ និងអនុប្រធានរបស់គាត់ ដើម្បីស្តាប់ពីស្ថានភាពជីវភាពរបស់ប្រជាជន នៅក្នុងសហគមន៍ក៏ដូចជា សំណូមពរជាក់ស្តែង ដើម្បីជួយដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ។

សម្តេចមហាបវរធិបតី បានលើកឡើងថា ក្រោយពីពិនិត្យនូវទិដ្ឋភាពជាក់ស្តែង និងស្តាប់តំណាងសហគមន៍ខ្ញុំបានសម្រេចប្រគល់ភារកិច្ចជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តមអភិបាលនៃអភិបាលខេត្តកំពង់ស្ពឺ ៖
-សហការអភិរក្ស និងថែរក្សា តំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅនៃឧទ្យានជាតិភ្នំក្រវ៉ាញឲ្យបានល្អសម្រាប់ផលប្រយោជន៍សាធារណៈ និងសហគមន៍នៅតំបន់នេះ ។

-សិក្សារៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងសេវាកម្មគាំទ្រ ដូចជា ផ្លូវ បន្ទប់ទឹក កន្លែងលក់អាហារ កន្លែងសង្គ្រោះបន្ទាន់ ។ល។ ទៅតាមស្តង់ដារ និងទុកជាប្រយោជន៍ជូនសហគមន៍ ដើម្បីធ្វើអោយប្រសើរឡើងនូវការផ្តល់សេវាជូនទេសចរណ៍ដែលមកកម្សាន្តនៅទីនេះ ។
-សិក្សាធ្វើអោយប្រសើរឡើងនូវប្រព័ន្ធផ្គត់ផ្គង់ទឹក នៅលើតំបន់ភ្នំខ្នងផ្សារក៏ដូចជា សម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់ជើងភ្នំផងដែរ ។

ជាមួយគ្នានោះដែរ សម្តេចមហាបវរធិបតី បានក៏ប្រគល់ភារកិច្ចជូនឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សហការណ៍ សម្របសម្រួល ជាមួយក្រសួងបរិស្ថាន គណៈអភិបាលខេត្ត ប្រតិបត្តិករទេសចរណ៍ និងសហគមន៍ ដើម្បីជំរុញទេសចរណ៍ធម្មជាតិនៅតំបន់នោះឱ្យកាន់តែប្រសើរឡើងក៏ដូចជា ការជួយបង្កើនសមត្ថភាពរបស់សហគមន៍ក្នុងការផ្ដល់សេវាទេសចរណ៍ផងដែរ ។ ទាំងនេះនឹងអាចចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ៕

ចែករំលែកព័តមាននេះ