រាជធានីភ្នំពេញ ៖ បុរសម្នាក់បានទៅអង្គុយនៅមាត់ទន្លេរង់ចាំសង្សារចេញពីធ្វើការត្រូវក្មេងស្ទាវមួយក្រុម វាយទម្លាក់ចូលក្នុងទឹកទន្លេមេគង្គ លិចបាត់សូន្យឈឹង បង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង២និង២៥នាទីយប់អធ្រាត្រឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវលេខ១៣០ កែងផ្លូវស៊ីសុវត្ថិ នៅចំណុចមាត់ទន្លេ ក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ។
ជនរងគ្រោះមានឈ្មោះ គីម សានរ៉ាវុធ ហៅស ភេទប្រុស អាយុ២៦ឆ្នាំ មុខរបនៅផ្ទះស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ មានបងប្អូន៥នាក់ ប្រុស៤នាក់ ស្រីម្នាក់ ជាកូនទី៤ ។
តាមការរៀបរាប់របស់សាក្សីត្រូវជាមិត្តភក្តិជនរងគ្រោះបានប្រាប់អ្នកយកព័ត៌មានថា មុនពេលកើតហេតុជនរងតែងតែមកអង្គុយនៅមាត់ទន្លេចាំសង្សារចេញពីហាងបារាំងរៀងរាល់យប់ ខណៈពេលជនរងគ្រោះកំពុងតែអង្គុយចាំសង្សារដូចរាល់យប់ ស្រាប់តែលេចក្មេងស្ទាវ១ក្រុមមានគ្នា៧នាក់ បានដើរសម្តៅមកមានកាន់ដំបងគ្រប់ដៃ មិនបានសួរនាំអ្វីនោះក៏ព្រួតគ្នាវ៉ៃជនរងគ្រោះ រួចរុញទម្លាក់ចូលទៅក្នុងទឹកទន្លេលិចបាត់សូន្យឈឹង ហើយក្មេងស្ទាវទាំងនោះបានគេចខ្លួនបាត់ស្រមោល ។
ក្រោយពីក្មេងស្ទាវមួយក្រុមបានវាយជនរងគ្រោះរួច មានកូនក្មេងប្រុសស្រីបានរត់ទៅប្រាប់ថាពូមិត្តភក្តិរបស់ពូបានត្រូវក្មេងស្ទាវវាយនិងដំបងចូលទៅក្នុងទឹកទន្លេបាត់ហើយក៏នាំគ្នាគេចបាត់ស្រមោលអស់។
ក្រោយពេលកើតហេតុគេឃើញមានសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ បន្តិចក្រោយមកបាននាំនារីម្នាក់ដែលបានឃើញហេតុការណ៍នោះនាំយកទៅប៉ុស្តិ៍ ដើម្បីសាកសួរនៅប៉ុស្តិ៍ផ្សារកណ្តាលទី១ មកសាកសួរដំណើររឿង ។ រីឯសាច់ញាតិជនរងគ្រោះរង់ចាំព្រឹកឡើងទើបជួលខ្មែរអ៊ីស្លាមទៅរាវរកសពខាងលើ ៕
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅពេលក្រោយបន្តទៀត ។
ចែករំលែកព័តមាននេះ