ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការ​ខេត្ត​ព្រះ​សីហ​នុ ប្រតិកម្ម​អំពី​ហ្វេ​ស​ប៊ុ​ក​ម្ចាស់​ឈ្មោះ ចំរើន ច័ន្ទ​លី​ដា

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នា​រសៀល​ថ្ងៃ​ទី​២៩ សីហា នេះ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល ខេត្ត​ព្រះ​សីហ​នុ…

ខេត្ត​ព្រះ​សីហ​នុ ៖ នា​រសៀល​ថ្ងៃ​ទី​២៩ សីហា នេះ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល ខេត្ត​ព្រះ​សីហ​នុ បាន​មាន​ប្រតិកម្ម​ជុំវិញ​ទៅ​លើ​ព័ត៌មាន​ដែល​ថា កន្លង​មក​មាន​ព័ត៌មាន​ត្រូវ​បាន​គេ​បង្ហោះ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​ម្ចាស់​ឈ្មោះ ចំរើន ច័ន្ទ​លី​ដា បាន​រៀបរាប់​ថា តូប​របស់​គាត់​ត្រូវ​ចោរ​គាស់​១​ខែ​២​ដង សរុប​១​ឆ្នាំ គាស់​ជិត​១០​ដង មាន​ភស្តុ​តាង​ក៏​នៅ​មិន​ខ្ចី​ធ្វើការ​ឲ្យ​ខ្ញុំ​ហត់​នឹង​ប្តឹង​ជាង​ហត់​ជួសជុល​ទៅ​ទៀត មាន​តែ​ទ្រាំ​រហូត​បិទទ្វារ​ចោល ព្រោះ​អស់ជំនឿ​..​។​ល​។

លោកស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជាក់​ទៀត​ថា សារ​ខាងលើ​នេះ ជា​ការ​មាក់ងាយ​មក​លើ​កងកម្លាំង​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដែល​ថ្នាក់ដឹកនាំ នៃ​គណៈ​ស្នងការ​ក៏​ដូច​មន្ត្រី​ថ្នាក់​ក្រោម​មិន​អាច​ទទួលយក​បាន​។ យោង​តាម​របាយការណ៍​ថ្នាក់​មូលដ្ឋាន លោក​អនុសេនីយ៍ឯក សំ ប្រាក់ នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​៤ បាន​ឲ្យ​ដឹង​ថា កន្លង​មក​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ បាន​ទទួល​ពាក្យបណ្ដឹង​រាយការណ៍ អំពី​បញ្ហា​ចោរ​គាស់​តូប​របស់​អ្នកស្រី ចំរើន ច័ន្ទ​លី​ដា ចំនួន​៣​លើក ។

ពេល​សមត្ថកិច្ច​ទទួល​បាន​ពាក្យបណ្តឹង ហើយ​រាយការណ៍​មក​លោក ក្នុង​នាម​លោក​ជា​ស្នងការ​នគរបាល​ខេត្ត មិន​ដែល​បាន​ព្រងើយកន្តើយ​រាល់​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​នោះ​ទេ ហើយ​តែងតែ​បញ្ជា​កម្លាំង​ឲ្យ​ចុះ​ធ្វើការ​ស្រាវជ្រាវ និង​បង្ក្រាប​។ ជាក់ស្តែង​ដូច​ករណី​ដែល​ថា​ចោរ​គាស់​តូប​ឈ្មោះ ចំរើន ច័ន្ទ​លី​ដា សមត្ថកិច្ច​មូលដ្ឋាន​យើង បង្ក្រាប​បាន​ចំនួន​២​លើក​រួច​មក​ហើយ ដែល​លើក​ទី​១ ចាប់​ក្មេង​ៗ​ចំនួន​២​នាក់ និង​លើក​ទី​២ ចាប់​បាន​ក្មេង​៥​នាក់ និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​តាម​នីតិវិធី​។

ប៉ុន្តែ​ក្រុម​ក្មេង​ទាំងនោះ​ជា​អនីតិជន​មិន​ទាន់​គ្រប់​អាយុ​ដែល​ត្រូវ​ទទួលទោស បានជា​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​ធ្វើការ​អប់រំ ហើយ​ដោះ​លែង​ឲ្យ​វិល​ត្រឡប់​ទៅ​វិញ​។ នៅ​រសៀល​ថ្ងៃ​ទី​២៩ សីហា ២០១៨​នេះ លោក​អនុសេនីយ៍ឯក សំ ប្រាក់ នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​៤ បាន​នាំ​ភ្នាក់ងារ​សារព័ត៌មាន​នគរបាល​ជាតិ ទៅ​ពិនិត្យ​មើល​ទីតាំង​ផ្ទះ​លក់​ថ្នាំពេទ្យ​នោះ ផ្ទាល់​តែ​ម្តង​នៅ​ខាងត្បូង​ជាប់​រង្វង់​មូល​តោ​ពីរ​។ ឱសថស្ថាន​នោះ​នៅ​បើក​អាជីវកម្ម​លក់ដូរ​ធម្មតា ជា​ប្រភេទ​ផ្សារ​ម៉ាត តូច​មួយ មាន​លក់​ឱសថ និង​របស់​ផ្សេង​ៗ​ទៀត ប៉ុន្តែ​ម្ចាស់​បាន​សាងសង់​បន្ថែម​តូប​នៅ​ជ្រុង​ខាងលិច​មួយទៀត រាង​ដូច​ទូរ​កុងតឺន័រ បាន​លយ​ចូល​មក​ច​ញ្ចើ​ម​ផ្លូវ​សាធារណៈ​ខុស​ប្រក្រតី​។

លោក សំ ប្រាក់ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​លេខ​៤ បាន​បញ្ជាក់​ទៀត​ថា កន្លង​មក​អាជ្ញាធរ​ក្រុង​.​ខេត្ត បាន​ទៅ​ហាមឃាត់​ណែនាំ​គាត់​ឲ្យ​រុះរើ​តូប​លក់ដូរ​នោះ​ចេញ​តែ​គាត់​មិន​ស្តាប់​ឡើយ ម្យ៉ាងទៀត​មនុស្ស​ក្នុង​ហាង​នោះ​មិន​ចង់​និយាយ​ស្តី​រក​សមត្ថកិច្ច​យើង​ទៀត ។ តាំងពី​អាជ្ញាធរ​ណែនាំ​ឲ្យ​គាត់​រុះរើ​តូប​នោះ​មក គាត់​មិន​សប្បាយ​ចិត្តនឹង​អាជ្ញាធរ ឬ​សមត្ថកិច្ច​ឡើយ​។ លោក សំ ប្រាក់ បន្ថែម​ថា ឱសថស្ថាន​របស់​អ្នកស្រី ចំរើន ច័ន្ទ​លី​ដា មាន​ទំនិញ​មាន​តម្លៃ​ជា​ច្រើន​មុខ តែ​យប់​ឡើង​បិទទ្វារ​ចាក់សោ​គ្មាន​អ្នក​ដេកចាំ ឬ​គ្មាន​សន្តិសុខ​យាម​ការពារ​ទេ​។

ម្យ៉ាងទៀត​តូប​ដែល​គាត់​សង់​លយ​ចូល​មក​ចិញ្ចើម​ផ្លូវ​នោះ ជា​ហេតុ​នាំ​ឲ្យ​មានឱកាស​ដល់​ជន​ទុច្ចរិត ឬ​ពួកក្មេង​តាម​ចិញ្ចើមថ្នល់ លប​ឡើង​ទៅ​ដេក​នៅ​លើដំបូល​តូប ពេល​យប់​អធ្រាត្រ​ស្ងាត់​នោះ​ជា​ឱកាស​មួយ​ដែល​ចោរ ឬ​ក្រុម​ក្មេង​ដើរ​ធ្វើ​ចោរ​ឆ្លៀតពេល​គាស់​ដំបូល​លូន​ចូល​លួច​យក​សម្ភារ​។ ជុំវិញ​ព័ត៌មាន​ដែល​អ្នកស្រី ចំរើន ច័ន្ទ​លី​ដា បង្ហោះ​សារ​បន្តុះបង្អាប់​ដល់​កងកម្លាំង​នគរបាល​ជាតិ​ខេត្ត​ព្រះ​សី ហ​នុ ដែល​អះអាង​ថា​សមត្ថកិច្ច​មិន​អើពើ និង​មិន​យកចិត្តទុកដាក់​លើ​ការ​ចាត់វិធានការ​តាម​ពាក្យបណ្តឹង​របស់​គាត់​នោះ គឺជា​រឿង​មិន​ពិត​សោះឡើយ​។

ហេតុ​ដូច្នេះ​ក្នុង​នាមរូប​លោក​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ សូម​ធ្វើការ​បដិសេធ​ទាំងស្រុង​ចំពោះ​ព័ត៌មាន​នេះ​។ លោកស្នងការ​បន្ត​ថា សព្វថ្ងៃ​កងកម្លាំង​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​គ្រប់មុខ​ជំនាញ ក្រោម​ការ​ដឹកនាំ​របស់​លោក​ផ្ទាល់ បាន​នឹង​កំពុង​បំពេញការងារ​យ៉ាង​សស្រាក់សស្រាំ​បំផុត ដែល​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ខេត្ត​មើលឃើញ និង​គាំទ្រ​សកម្មភាព​នេះ​ជា​និច្ច​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ