ខេត្តកំពង់ឆ្នាំង ៖ អាជ្ញាធរមូលដ្ឋានក៏ដូចជាប្រជាពលរដ្ឋក្នុងឃុំមេលំ និងឃុំចក ក្នុងស្រុកបរិបូរណ៍ មានសេចក្តីរីករាយ ត្រេកអរជាខ្លាំង បន្ទាប់ពីមន្ត្រីការិយាល័យបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានចុះធ្វើសកម្មភាពចាក់ថ្នាំការពារជំងឺសាទឹក និងអុតក្តាម ដល់សត្វគោក្របីរបស់ពួកគាត់។ ការសាទរនេះ បានកើតឡើងនៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ខណៈដែលពួកគាត់ទន្ទឹងរង់ចាំការចុះចាក់ថ្នាំបង្ការការពារ លើសត្វគោ ក្របីរបស់ពួកគាត់ជាយូមកហើយ។
លោក កេត សុឃា មេឃុំមេលំ បានមានប្រសាសន៍ថា ៖ ក្នុងនាមរូបគាត់ជាអាជ្ញាធរឃុំមេលំ តំណាងឲ្យប្រជាពលរដ្ឋ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ក៏ដូចជាមន្ត្រីជំនាញពេទ្យសត្វ ដែលបានធ្វើសកម្មភាពចុះចាក់ថ្នាំ ការពារជំងឺសាទឹក និងអុតក្តាមដល់សត្វគោក្របី របស់ពួកគាត់។ លោកបានបញ្ជាក់ថា៖ សត្វគោក្របីឲ្យតែដល់ខែវស្សាទឹកឡើង គឺងាយនឹងកើតជំងឺសាទឹក និងជំងឺអ៊ុតក្តាម យ៉ាងឆាប់រហ័ស ហើយបើសិនជាយើងមិនការពារទាន់ពេលវេលាទេ ដែលវានឹងអាចគ្រោះថ្នាក់បង្កឲ្យងាប់សត្វរបស់យើង ឬក៏ឈឺជើងដើរមិនរួច ម្យ៉ាងពួកវាគឺជាកម្លាំងអូសទាញយ៉ាង សំខាន់ក្នុងការងារកសិកម្ម។
ដោយហេតុនេះក្នុងនាមលោកជាអាជ្ញាធរឃុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមន្ត្រីពេទ្យសត្វ ដែលបានដឹកនាំកម្លាំងសហការជាមួយនឹងភ្នាក់ងារសុខភាពសត្វភូមិ ចុះចាក់ថ្នាំការពារជំងឺ កាចសាហាវដល់សត្វគោក្របីរបស់ប្រជាពលរដ្ឋទាន់ពេលវេលា។ សូមបញ្ជាក់ថា មន្ត្រីបសុព្យាបាល ដឹកនាំដោយលោក ហ៊ុន លី អនុប្រធានការិយាល័យបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានសហការជាមួយនឹងភ្នាក់ងារសុខភាពសត្វភូមិ ក៏ដូចជាអាជ្ញាធរមូលដ្ឋានបានចុះចាក់ថ្នាំបង្ការជំងឺសាទឹក និង ជំងឺអុតក្តាមដល់សត្វគោក្របីប្រជាពលរដ្ឋ ចំនូន២ឃុំ ក្នុងស្រុកបរិបូរណ៍ គឺឃុំមេលុំ និងឃុំចក ស្រុកបរិបូរណ៍។
ជាលទ្ធផលមួយថ្ងៃ (ព្រឹកល្ងាច) បានចាក់ថ្នាំជំងឺសាទឹកបានចំនួន៥២២ក្បាល ក្នុងនោះសត្វក្របីចំនួន ៤១១ក្បាល។ ចាក់ថ្នាំការពារជំងឺអុតក្តាម បានចំនួន៣៧៨ក្បាល ក្នុងនោះក្របីចំនួន២៦៦ក្បាល ដែលជាកម្មសិទ្ធរបស់ប្រជាពលរដ្ឋចំនូន១៧៥គ្រួសារ។ ក្នុងឱកាសនោះ មន្ត្រីជំនាញបានណែនាំដល់ប្រជាពលរដ្ឋ សូមយកសត្វគោក្របី ទៅដាក់ទីទួលសុវត្ថិភាព និងដាក់ស្មៅ ឬចំបើងឲ្យស៊ី សូមកុំឲ្យដេក ឬ ឈរនៅកន្លែងមានទឹកដក់ ភក់ជ្រាំ ព្រោះថា មេរោគនៃជំងឺទាំងពីរខាងលើវារស់នៅកន្លែងមានទឹកដក់ និងភក់ជ្រាំ៕
ចែករំលែកព័តមាននេះ