ខេត្តស្ទឹងត្រែង ៖ ម៉ូតូមួយគ្រឿងដឹកសត្វត្រកួតចំនួន២៥គីឡូក្រាម ចេញពីស្រុកសៀមប៉ាង ឆ្លងកាត់ផ្លូវជាតិលេខ៧ បានត្រូវមន្ត្រីសង្កាត់ដ្ឋបាលព្រៃឈើ អូរពងមាន់ សហការជាមួយកងរាជអាវុធហត្ថខេត្ត ឃាត់ចាប់កាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី១៨ កញ្ញា ។ បើតាមការសារភាពរបស់អ្នកដឹកសត្វត្រកួតនេះថា ពួកគេបានទិញពីភូមិខិកក្រោម ឃុំព្រែកមាស ស្រុកសៀមប៉ាង បំរុងយកទៅលក់នៅស្រុកមេមត់ ខេត្តកំពង់ចាម ។ នេះជាលើកទីមួយដែលខ្លួនបានប្រព្រឹត្តបទល្មើសនេះ ព្រោះពីមុនខ្លួនគ្រាន់តែដើរទិញគោក្របីឱ្យថៅកែនៅកំពង់ចាមប៉ុណ្ណោះ តែដោយសារប៉ុន្មានថ្ងៃនេះ រកទិញគោក្របីពុំបាន ទើបឆ្លៀតឱកាសទិញសត្តត្រកួតនៅតាមភូមិក្នុងតំលៃមួយគីឡូក្រាម ២៥.០០០រៀល ហើយយកទៅលក់នៅកំពង់ចាម បាន៣២.០០០រៀល ក្នុងមួយគីឡូក្រាម គ្រាន់បានសោហ៊ុយធ្វើដំណើរទៅខេត្តកំពង់ចាមវិញ ។
លោកអនុសេនីយ៍ឯក យ៉ា យឿន មេបញ្ជាការកងរាជអាវុធហត្ថស្រុកសេសាន បានឱ្យដឹងថា ជនល្មើសមានគ្នា២នាក់ បានធ្វើដំណើរតាមម៉ូតូលើផ្លូវអាស៊ានរហូតដល់ចំណុចភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង កំលាំងរបស់លោកមានការសង្ស័យក៏ចាប់ឃាត់តែម្តង ។ ជនទាំងពីរនាក់ ម្នាក់ឈ្មោះជ័យ ស៊ីធឿន ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិដា ឃុំដា ស្រុកមេមត់ ខេត្តកំពង់ចាម ជាកសិករ និងម្នាក់ទៀតឈ្មោះសិល ស៊ីណា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិខិកក្រោម ឃុំព្រែកមាស ស្រុកសៀមប៉ាង ជាកសិករ ឯម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ គ្មានស្លាកលេខ ។
បច្ចុប្បន្នទាំងមនុស្សទាំងម៉ូតូ និងសត្វត្រកួតទាំង២៥គីឡូក្រាម ត្រូវបានប្រគល់ឱ្យខណ្ឌរដ្ឋបាលព្រៃឈើទៅ តាមនីតិវិធី ។ មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើបានឱ្យកោះសន្តិភាពដឹងថា ជនទាំងពីរនាក់ដែលបានដឹកសត្វត្រកួតនេះ នឹងឱ្យធ្វើកិច្ចសន្យា ហើយផាកពិន័យតាមច្បាប់ចំនួន១.៨៨០.០០០រៀល ចូលថវិការដ្ឋរួចដោះលែង ចំណែកឯមធ្យោបាយមិនទាន់ប្រគល់ឱ្យវិញទេ គឺរង់ចាំការសំរេចពីថ្នាក់លើសិន ៕
ចែករំលែកព័តមាននេះ