ខេត្តបាត់ដំបង ៖ កាមេរ៉ាសុវត្ថិភាពបានបង្ហាញពីសកម្មភាពរបស់បុរសម្នាក់ បានជិះម៉ូតូស៊េរីចាស់មួយគ្រឿងទៅឈប់នៅខាងមុខហាងលក់ទូរស័ព្ទមួយកន្លែង រួចចុះដើរទៅលួចយកម៉ូតូស៊េរីថ្មីរបស់អ្នកលក់ទូរស័ព្ទនោះ ហើយជិះចេញដោយសុវត្ថិភាព កាលពីវេលាម៉ោង៧និង២នាទីព្រឹកថ្ងៃទី១០ តុលា នៅម្ដុំហាងលក់ទូរស័ព្ទ «ផ្សារថ្មី»ស្ថិតក្នុងភូមិ១៣មករា សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ដោយបន្សល់ទុកម៉ូតូស៊េរីចាស់នោះ ឲ្យសមត្ថកិច្ចតាមស្រាវជ្រាវបន្ត ។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក «ឈ្មោះ Zoe Nxyy» ដែលគេអះអាងថា ជាអាក់ខោនរបស់ជនរងគ្រោះបានបង្ហោះរូបភាពភ្លាមៗពីសកម្មភាពចោរលួចយកយកម៉ូតូខាងលើនេះ បន្ទាប់ពីជនដៃដល់បានជិះចេញផុត ដោយភ្ជាប់ជាមួយនឹងលេខទូរស័ព្ទរបស់ខ្លួនសម្រាប់ទំនាក់ទំនងផង ។ នៅក្នុងកាមេរ៉ាសុវត្ថិភាព គេឃើញបុរសម្នាក់នោះ ជិះម៉ូតូម៉ាកហុងដា ឌ្រីមពណ៌ខ្មៅ កាំបន្ទះ ស៊េរីឆ្នាំ២០១៥ តែគេមិនចាំស្លាកលេខទេ ។
បុរសនេះពាក់អាវកីឡាពណ៌ក្រហមលាយខ្មៅ និងពាក់មួកក្រណាត់ពណ៌ក្រហមដែរ ។ ជននេះ ជិះម៉ូតូម្នាក់ឯងទៅឈប់ខាងមុខហាងលក់ទូរស័ព្ទ ទុកម៉ូតូខ្លួនឯងចោល រួចចុះដើរទៅឡើងជិះម៉ូតូម៉ាក Scoopy ចេញទៅបាត់ភ្លាមៗធ្វើព្រងើយ ដោយសុវត្ថិភាព តែបានបន្សល់ទុកម៉ូតូកញ្ចាស់របស់ខ្លួននៅកន្លែងកើតហេតុ ។

តាមរយៈលេខទូរស័ព្ទសម្រាប់ទំនាក់ទំនង ជនរងគ្រោះដែលជាម្ចាស់ម៉ូតូ ឈ្មោះ ឡាយ រាជនី ភេទស្រី អាយុ២០ឆ្នាំ បានប្រាប់កោះសន្តិភាពថា នាងជាម្ចាស់ម៉ូតូដែលចោរលួចយកទៅនោះ ។ ម៉ូតូរបស់នាងម៉ាក Scoopy ពណ៌ប្រផេះ ស៊េរីឆ្នាំ២០២៤ ពាក់ស្លាកលេខ 1AV5917 ដែលនាងទិញបង់រលស់ពីក្រុមហ៊ុន បង់មិនទាន់ដាច់នៅឡើយទេ ។
នាងឡាយ រាជនី បានបញ្ជាក់ថា ម៉ូតូរបស់នាងទុកនៅខាងមុខហាងលក់ទូរស័ព្ទ ដែលនាងធ្វើការនៅទីនោះ តែត្រឹមមួយប៉ប្រិចភ្នែក ដែលនាងមិនបានចាប់អារម្មណ៍ ។ លុះងាកមើលម៉ូតូ ក៏ស្រាប់តែបាត់ពីកន្លែងទុកក្រោមឆត្រ ទើបមានការផ្អើលឆោឡោ មើលកាមេរ៉ាសុវត្ថិភាពក៏ឃើញជនម្នាក់ ដែលមានភិនភាគដូចខាងលើ លួចយកទៅបាត់ ទុកតែម៉ូតូកញ្ចាស់នៅកន្លែងកើតហេតុដែលជននេះជិះមកប្ដូរ ។

នាងបានបញ្ជាក់បន្ថែមថា នាងបានរាយការណ៍ប្ដឹងទៅសមត្ថកិច្ចភ្លាមៗ ក្រោយកើតហេតុ។ នាងបានទៅដាក់បណ្ដឹងនៅអធិការក្រុងបាត់ដំបង ដើម្បីសុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្វែងរកម៉ូតូរបស់នាងដែលចោរលួចយកទៅ ព្រោះនាងទិញបង់រំលស់មិនទាន់សងលុយគេរួចនៅឡើយទេ ។
ជុំវិញករណីនេះ បើតាមសមត្ថកិច្ចបានប្រាប់ថា មន្ត្រីជំនាញ បានយកម៉ូតូជនសង្ស័យទៅរក្សាទុកហើយ ។ ហើយក៏កំពុងត្រូវពិនិត្យភិនភាគជនសង្ស័យ ដែលត្រូវថតជាប់នៅក្នុងកាមេរ៉ាសុវត្ថិភាពដែរ តែមន្ត្រីជំនាញមិនទាន់ធ្វើការសន្និដ្ឋានបានថា តើកំណត់បានមុខសញ្ញាហើយ ឬយ៉ាងណានោះទេ ? ព្រោះពេលនេះ សមត្ថកិច្ចកំពុងត្រួតពិនិត្យនៅឡើយ៕

ចែករំលែកព័តមាននេះ