ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​កីឡាបាល់បោះ​ត្រៀមកម្លាំង ចេញ​ប្រកួត​អន្តរជាតិ​ទាំង​គ្មាន​ទំនុកចិត្ត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​បាន​ទម្លាយ​ឱ្យ​ដឹង​នូវ​ផលវិបាក​មួយ​ចំនួន​ដែល​នាំ​ឱ្យ​សហព័ន្ធ​បាល់បោះ មិនសូវ​ទទួល​បាន​ភាព​លេចធ្លោ និង​មិន​ទាន់​មានឱកាស​លើក​ពាន ឬ​ឈ្នះ​មេដាយ​ក្រៅ​ស្រុក មន្ត្រី​សហព័ន្ធ​មួយ​នេះ​ក៏​បាន​ប្រាប់​ឱ្យ​ដឹង​ពី​គម្រោង​រៀបចំ​ការ​ប្រកួត​ជ្រើសរើស​កីឡាករតំណាង​ជាតិ​មួយ​ក្រុម ដើម្បី​អាច​ចេញ​ទៅ​ប្រកួត​តំណាង​ជាតិ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី នៅ​ថ្ងៃ​ទី​៨ តុលា…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​បាន​ទម្លាយ​ឱ្យ​ដឹង​នូវ​ផលវិបាក​មួយ​ចំនួន​ដែល​នាំ​ឱ្យ​សហព័ន្ធ​បាល់បោះ មិនសូវ​ទទួល​បាន​ភាព​លេចធ្លោ និង​មិន​ទាន់​មានឱកាស​លើក​ពាន ឬ​ឈ្នះ​មេដាយ​ក្រៅ​ស្រុក មន្ត្រី​សហព័ន្ធ​មួយ​នេះ​ក៏​បាន​ប្រាប់​ឱ្យ​ដឹង​ពី​គម្រោង​រៀបចំ​ការ​ប្រកួត​ជ្រើសរើស​កីឡាករតំណាង​ជាតិ​មួយ​ក្រុម ដើម្បី​អាច​ចេញ​ទៅ​ប្រកួត​តំណាង​ជាតិ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី នៅ​ថ្ងៃ​ទី​៨ តុលា ខាង​មុខ​ផង​ដែរ ។

យ៉ាងណាមិញ មន្ត្រី​សហព័ន្ធ​បន្ត​ថា ការ​ចេញ​ប្រកួត​លើក​នេះ នៅ​មិន​ទាន់​មាន​សង្ឃឹម​ក្នុង​កម្រិត​ណា​នៅឡើយ​ទេ ក្នុង​ពេល​វិញ្ញាសា​ដែល​ត្រូវ​ចេញ​ប្រកួត​ក៏​ថ្មី​សម្រាប់​កីឡាករ ហើយ​សហព័ន្ធ​ទៀត​សោត​ក៏​ខ្វះ​ការ​ជំរុញ​ខុស​គ្នា​នឹង​សហព័ន្ធ​ប្រដាល់​ដែល​សំបូរ​អ្នក​ជ្រោមជ្រែង​នោះ​។

លោក ដូង ឌី​ម អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា បាន​ថ្លែង​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១១ ខែសីហា នេះ សហព័ន្ធ​ទាំងមូល​នឹង​ប្រមូល​កីឡាករ​កីឡាការិនី​ដែល​មានឈ្មោះ​នៅ​ក្នុង​សហព័ន្ធ​ទាំងអស់ មក​ធ្វើការ​ប្រកួត​រយៈពេល​មួយ​ថ្ងៃ ដើម្បី​កំណត់​យក​កីឡាករ​២​រូប​និង​កីឡាការិនី​២​រូប​ឱ្យ​ចេញ​ប្រកួត​ជា​ក្រុម​តំណាង​ឱ្យ​ប្រទេស​កម្ពុជា ចូលរួម​នៅ​ក្នុង​ព្រឹត្តិការណ៍​បាល់បោះ​អាស៊ី​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ។ លោក​ថា នេះ​ជា​ព្រឹត្តិការណ៍​ដែល​អន្តរជាតិ​ធ្វើ​ឡើង​រាល់​ឆ្នាំ តែ​ការ​ប្រកួត​នៅ​កោះ​បាលី​ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​លើក​នេះ គឺ​ថ្មី​សន្លាង​ដោយសារ​តែ​ម្ចាស់ផ្ទះ​កំណត់​ឱ្យ​ប្រកួត​៣​ទល់​នឹង​៣ ដែល​លោក​បាន​អះអាង​ថា គឺជា​អ្វី​ដែល​កីឡាករ​កីឡាការិនី​កម្ពុជា​មិន​ធ្លាប់​ចេញ​ប្រកួត ហើយ​ត្រូវការ​ពេលវេលា​ហ្វឹកហាត់​ដើម្បីរៀបចំ​ប្រព័ន្ធ​លេង​ថ្មី ។ លោក​ថា កីឡាករ​បាល់បោះ គេ​ច្រើន​លេង​៥​ទល់​នឹង​៥ តែ​នៅ​ពេល​ប្ដូរ​មក​លេង​៣​ទល់​នឹង​៣ នោះ​គឺ​មាន​ន័យ​ថា កីឡាករ​-​កីឡាការិនី​ទាំងនោះ​ត្រូវ​លេង​បាន​តែ​ពាក់កណ្ដាល​តារាង ហើយ​ត្រូវ​ប្រើ​បច្ចេកទេស​ថ្មី​សុទ្ធសាធ​ខុស​ពី​ការ​ហ្វឹកហាត់​កន្លង​មក​។

ក្នុង​នោះ​ក៏​ត្រូវ​ប្រឈម​នឹង​ផលវិបាក​ផង​ដែរ ដោយសារ​តែ​ម្ចាស់ផ្ទះ​តម្រូវ​ឱ្យ​ក្នុង​មួយ​ក្រុម​ត្រូវ​មាន​កីឡាករ​ផង​កីឡាការិនី​ផង ដែល​អាច​នឹង​ពិបាក​ប៉ាន់ស្មាន​កម្លាំង ។ លោក​និយាយ​ថា​ការ​ចេញ​ប្រកួត​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​នេះ កីឡាករ​មួយ​ក្រុម​គេ​តម្រូវ​ឱ្យ​មាន​ប្រុស​២ ស្រី​២ ហើយ​ឱ្យ​កីឡាករ​និង​កីឡាការិនី​តែ​៣​នាក់​ចូល​ប្រកួត ដែល​មាន​ន័យ​ថា ក្នុង​ចំណោម​អ្នកលេង​គឺ​មាន​ប្រុស និង​ស្រី​លេង​ទប់​គ្នា ។ អ៊ីចឹង​ហើយ​ទើប​សហព័ន្ធ​សម្រេចចិត្ត​បើក​ការ​ប្រកួត​ជា​លក្ខណៈ​ក្របខ័ណ្ឌ​សហព័ន្ធ​នៅ​ថ្ងៃ​ទី​១១ ខែសីហា​នេះ ដើម្បី​ជ្រើសរើស​អ្នកតំណាង​ចេញ​ប្រកួត ហើយ​បង្វឹក​ពួក​គេ​ឱ្យ​បាន​រយៈពេល​វែង​បន្តិច​មុន​ចេញ​ទៅ​ប្រកួត​តំណាង​ប្រទេស​។

លោក​ថា ការ​ប្រកួត​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​នៅ​មិន​ទាន់​ច្បាស់​ថា​នឹង​មាន​ប៉ុន្មាន​ប្រទេស​ចូលរួម​នោះ​ទេ ប៉ុន្តែ​គឺ​មាន​បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ាន និង​អាស៊ី​ប្រកួតប្រជែង​គ្នា ដោយ​ភាគី​ម្ចាស់ផ្ទះ​បាន​យល់ព្រម​ផ្ដល់​ការ​ចំណាយ​ទាំងស្រុង ដើម្បី​ឱ្យ​កីឡាករ​កម្ពុជា​បាន​ចូលរួម​ប្រកួត​។ ការ​ប្រកួត​នេះ​នឹង​ត្រូវធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​៦ រហូត​ដល់​ថ្ងៃ​ទី​១០ តុលា ដោយ​លោក​និយាយ​ថា បើ​មានការ​ជួយ​ជ្រោមជ្រែង​លើកទឹកចិត្ត​ដល់​កីឡាករ​នោះ​កាន់តែ​ប្រសើរ​។

លោក ដូង ឌី​ម បន្ត​ទៀត​ថា សហព័ន្ធ​មិន​ចង់បាន​ពាក្យ​រិះគន់​ថា​បញ្ជូន​កីឡាករ​ទៅ​ប្រកួត​យក​បទ​ពិសោធន៍​ន​នោះ​ទេ ប៉ុន្តែ​បណ្ដាល​មក​ពី​ស្ថានភាព​លំបាក​ៗ​នៅ​តែ​មិន​ទាន់​អាច​ដោះស្រាយ​បាន​នៅឡើយ​ទើប​ជា​បញ្ហា​ដែល​សហព័ន្ធ​ពិបាក​ទទួល​បាន​ជោគជ័យ ។ លោក​ថា កីឡា​ប្រភេទ​នេះ បើ​ចង់ឱ្យ​មានការ​រីក​ចម្រើន​ត្រូវ​មាន​លទ្ធភាព​ជួល​គ្រូ​ដែល​មាន​ជំនាញ​ច្បាស់លាស់​មក​ពី​បរទេស​យក​មក​បង្ហាត់ និង​មាន​តារាង​សម្រាប់​ហ្វឹកហាត់​ដោយ​ផ្ទាល់ ដោយមិន​ចាំ​សុំ​ខ្ចី​តារាង​ស្ដា​ត​អូ​ឡាំ​ពិ​ក ឬ​តារាង​ផ្សេងដែល​ធ្វើ​ឱ្យ​កីឡាករ​-​កីឡាការិនី​មាន​អារម្មណ៍មិន​ស្រួល​ចិត្ត ។ ប៉ុន្តែ​ស្ថានភាព​នេះ​ប្រហែលមិន​អាច​កើតឡើង​ទេ ដោយសារ​តែ​គ្រូបង្វឹក​ដែល​ល្អ​ហោច​ណាស់​ក៏​ស៊ីប្រាក់​៥​ពាន់​ដុល្លារ​ក្នុង​មួយ​ខែ ដែល​មិន​អាច​ឱ្យ​សហព័ន្ធ​មាន​លទ្ធភាព​ទៅ​កើត ។ ក្នុង​នោះ​កីឡាករ​ដែល​ត្រៀម​បង្វឹក​ទៀត​សោត ក៏​ត្រូវ​តែ​មានការ​បំប៉ន និង​មាន​ប្រាក់ខែ​លើកទឹកចិត្ត​ឱ្យ​កាន់តែ​មាន​កម្លាំងចិត្ត ទើប​ក្លាយជា​ច​លករ​ដែល​អាច​ឱ្យ​អ្នកលេង​ជា​ក្រុម​ងាយ​ចូល​ធ្លុង​គ្នា ហើយ​អាច​ឆ្ពោះទៅ​រក​ជោគជ័យ​លើ​ឆាក​អន្តរជាតិ ។

យ៉ាងណាមិញ លោក​សរសើរ​នូវ​ឆន្ទៈ​កីឡាករ​របស់​លោក​ដោយ​អះអាង​ថា គឺ​ទោះជា​មាន​កង្វះខាត​កម្រិត​ណា និង​មាន​ផលវិបាក​បែប​ណា ក៏​នៅ​តែ​ខំ ហើយ​ឱ្យ​តែ​មានការ​ប្រកួត​ជម្រុះ ឬ​ត្រូវ​ចេញ​តំណាង​ជាតិ​ម្ដង​ៗ គឺ​សប្បាយចិត្ត និង​ត្រាំត្រែង​ជាមួយ​កាតព្វកិច្ច ។ លោក​ថា សហព័ន្ធ​បាល់បោះ​មិន​មាន​ក្រុមហ៊ុន​ណាមួយ​បោះទុន​ជួយ​ពីក្រោយ​នៅ​ពេល​ចង់​ធ្វើ​សកម្មភាព​នានា​នោះ​ទេ ខណៈ​ដែល​កញ្ចប់​សម្រាប់​ធ្វើ​កម្មវិធី​ផ្សេង​ៗ​ក៏​រកបាន​ទាំង​លំបាក បូក​រួម​ទាំង​កញ្ចប់​សម្រាប់​ផ្សព្វផ្សាយ និង​កញ្ចប់​បញ្ជូន​កីឡាករ​ឱ្យ​ចេញ​ហ្វឹកហាត់​នៅ​ក្រៅប្រទេស​ជាដើម ។ ក្នុង​នោះ​តម្រូវការ​របស់​គ្រូបង្វឹក និង​សិស្ស​ទាំងអស់​ក៏​មាន​ច្រើន​ផ្នែក​ដែល​មិន​អាច​ឱ្យ​សហព័ន្ធ​ចាត់ចែង​បាន​សព្វគ្រប់​ផង​ដែរ ។

លោក​ថា បើ​សហព័ន្ធ​នេះ ទទួល​បានការ​ជ្រោមជ្រែង​ពី​ក្រុមហ៊ុន​ណាមួយ ហើយ​បើ​ឈាន​ដល់​មាន​កញ្ចប់​ថវិកា​ជា​ទ្រង់ទ្រាយ​ធំ​ឱ្យ​សហព័ន្ធ និង​កីឡាករ​បាន​រំលេច​ការ​ប្រកួត និង​ចូលរួម​ព្រឹត្តិការណ៍​នានា​ដោយ​មិន​លំបាក ប្រហែលជា​សហព័ន្ធ​នេះ​នឹង​ទទួល​បាន​ភាព​លេចធ្លោ​មិន​ចាញ់​វិស័យ​បាល់ទាត់​នោះ​ទេ ដោយសារ​តែ​បាល់បោះ ក៏​ជា​ប្រភេទ​កីឡា​ដែល​មានការ​ពេញ​និយម​សម្រាប់​អ្នកកីឡា​មិន​ខុស​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ