ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកស្ទឹងសង្កែ​​​ប្រកាស​​អាសន្ន​​នៅ​ថ្ងៃ​នេះ…​

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ យោង​តាម​ការ​ផ្ដល់​ព័ត៌មាន​ពី​មន្ត្រី​ជំនាញ​ ដែល​កំពុង​តាមដាន​សន្ទុះ​ទឹកជំនន់​ក្នុង​ស្ទឹង​សង្កែ បាន​ឱ្យ​​ដឹង​ថា គិត​ត្រឹម​​ម៉ោង០៨ និង៣​នាទី​ព្រឹក​ថ្ងៃ​ទី​១៦​ សីហា​ នេះ កម្ពស់​ទឹកស្ទឹង​សង្កែ​បាន​ឡើង​ដល់​កម្រិត​​១៣,៦០​ម៉ែត្រ…

ខេត្តបាត់ដំបង ៖ យោង​តាម​ការ​ផ្ដល់​ព័ត៌មាន​ពី​មន្ត្រី​ជំនាញ​ ដែល​កំពុង​តាមដាន​សន្ទុះ​ទឹកជំនន់​ក្នុង​ស្ទឹង​សង្កែ បាន​ឱ្យ​​ដឹង​ថា គិត​ត្រឹម​​ម៉ោង០៨ និង៣​នាទី​ព្រឹក​ថ្ងៃ​ទី​១៦​ សីហា​ នេះ កម្ពស់​ទឹកស្ទឹង​សង្កែ​បាន​ឡើង​ដល់​កម្រិត​​១៣,៦០​ម៉ែត្រ ដែល​កម្ពស់​នេះ​គឺជា​សញ្ញា​ប្រកាស​អាសន្ន​ហើយ ដូច្នេះប្រជាពលរដ្ឋ​ ដែល​រស់នៅ​តាម​​ដងស្ទឹង​សង្កែ សូម​ត្រៀមលក្ខណ​:​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​បំផុត​ ។

មន្ត្រី​ជំនាញ​បាន​ឱ្យ​​ដឹង​ថា សន្ទុះ​ទឹកស្ទឹង​សង្កែ​ បាន​ចាប់​ឡើង​តាំងពី​យប់​ថ្ងៃ​ទី​១៤​ សីហា បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ប៉ុន្មាន​ថ្ងៃ​ជាប់​ៗ​គ្ នា​នៅ​ប៉ែក​ខាងលើ​នៃ​ដងស្ទឹង ជា​ពិសេស​នៅ​ក្នុងភូមិ​សាស្ត្រ​នានា​​ស្រុក​សំឡូត​។ មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា នេះ​ជា​ជំនន់​ទឹកភ្លៀង​ដែល​មាន​សន្ទុះ​ខ្លាំង បើ​ប្រៀបធៀប​ទៅ​នឹង​ជំនន់​ទឹកភ្លៀង​ដែល​បាន​ហក់​ឡើង​ប៉ុន្មាន​លើក​កន្លង​ទៅ​ថ្មី​ៗ​នេះ ​។ ប៉ុន្តែ​សន្ទុះ​ទឹក​នេះ ​អាច​នឹង​ថមថយ​វិញ​ប្រសិនបើ​ឥទ្ធិពល​ភ្លៀង​មានការ​ថយ​ចុះ​នៅ​ប៉ែក​ខាងលើ​ៗ​ ។ ប៉ុន្តែ​ពេល​នេះ ​សន្ទុះ​ទឹក​នៅ​តែ​បន្ត​ហក់​ឡើង​នៅឡើយ ហើយនឹង​បន្ត​ហក់​​ឡើង​ថែម​ទៀត​។

ជាមួយនឹង​ជំនន់​ទឹកភ្លៀង​ហក់​ឡើង​យ៉ាង​គំហុក​ក្នុង​ស្ទឹង​សង្កែ ដែល​កំពុង​គំរាមកំហែង​ក្រុង​បាត់ដំបង និង​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​ នៅ​តាម​បណ្ដោយ​នៃ​ដងស្ទឹង​នេះ នៅ​យប់​ថ្ងៃ​ទី​១៦ ​សីហា លោក​ងួ​ន រតន​: អភិ​បាលខេត្ត​បាត់ដំបង បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ពិនិត្យ​លើ​ទីតាំង​នានា​ ដែល​អាច​ប្រឈម​នឹង​ការ​លិចលង់ ដើម្បី​មាន​វិធានការ​ទប់ស្កាត់ ​។ កម្លាំង​ចម្រុះ​បាន​ប្រើប្រាស​កា​រ៉ុ​ង​ច្រក​ដី​ ដើម្បី​លើក​ទប់​តាម​មាត់​ស្ទឹង​ត្រង់​ចំណុច​ភូមិ​ព្រែក​តា​តន់ សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង និង​កន្លែង​ដទៃ​ទៀត ដើម្បី​បញ្ចៀស​ទឹក​កុំ​ឲ្យ​ហៀ​រ​ចូល​លិច​ផ្ទះ​ពលរដ្ឋ ​។

ប៉ុន្តែ​បើ​តាម​សេចក្ដី​រាយ​ការ​ណ៍​​នៅ​ព្រឹក​នេះ ទឹកជំនន់​នេះ ​បាន​ចាប់ផ្ដើម​លិច​ផ្ទះ​ពលរដ្ឋ​ ដែល​សាងសង់​ស្រប​មាត់​ស្ទឹង​ជា​បណ្ដើរ​ៗ​ហើយ ​។ ពេល​នេះ ​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​កំពុង​ចុះ​ពិនិត្យ​ និង​តាមដាន​កា​រវិវឌ្ឍន៍​​នៃ​ជំនន់​ទឹកភ្លៀង​ដងស្ទឹង​សង្កែ​នេះ ​។

ជាមួយ​គ្នា​នេះ ​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ក៏​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ ដែល​រស់នៅ​តាម​ដងស្ទឹង​សង្កែ ត្រូវ​ត្រៀមលក្ខណ​:​ជម្លៀស​កូនចៅ សត្វពាហន​: រួម​ទាំង​សម្ភារ​​ផ្សេង​ៗ​ផង ដើម្បី​ទៅ​កាន់​ទី​ទូល​មាន​សុវត្ថិភាព ​។

អត្ថបទសរសេរ ដោយ