ខេត្តបន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំថ្នាក់ដឹកនាំមន្ត្រីក្រសួង តំណាងនិយោជក សហគ្រាស ក្រុមហ៊ុន រោងចក្រ និងអង្គភាពពាក់ព័ន្ធ ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារគ្រឿងឧបភោគ បរិភោគ សម្រាប់ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក ក្រុមគ្រួសារកងទ័ព និងវីរកងទ័ព នៅក្នុងខេត្តបន្ទាយមានជ័យ ។

អំណោយទាំងនេះ ត្រូវបានប្រគល់ជូនឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា ឈរលើស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ» អំណោយដែលយើងត្រូវរួមគ្នាជួយនាពេលនេះ គឺជាការឆ្លើយតបក្នុងគ្រាលំបាកខ្វះខាតទាំងឡាយនៅចំពោះមុខ ខណៈដែលខេត្តនៅជាប់ព្រំដែនត្រូវប្រឈមដោះស្រាយជូនប្រជាពលរដ្ឋជាជនភៀសសឹកនៅតាមព្រំដែន និងគ្រួសារកងទ័ព។

តាមរយៈម្ចាស់ជំនួយតាមបណ្ដាសហគ្រាស ក្រុមហ៊ុន រោងចក្រ ថ្នាក់ដឹកនាំសហជីព សប្បុរសជន និងម្ចាស់ជំនួយទាំងអស់ ដែលបានស្រឡាញ់ជាតិមាតុភូមិ សមរភូមិក្រោយបាននិងកំពុងប្តេជ្ញារួមគ្នាជាធ្លុងមួយ ដើម្បីគាំទ្រសមរភូមិមុខ ដោយឯកឧត្តម ហេង សួរ បានថ្លែងថា សកម្មភាពនេះក៏បានបញ្ជាក់ឱ្យឃើញថា ទោះខ្មែរយើងស្ថិតក្នុងស្ថានភាពណាក៏ដោយ ក៏យើងមិនដែលបោះបង់គ្នាចោលនោះឡើយ ពោលគឺយើងចេះជួយគ្នា ទៅតាមលទ្ធភាព និងជាការគោរពដឹងគុណចំពោះវីរកងទ័ពជួរមុខដ៏អង់អាចក្លាហានដែលកំពុងបំពេញកាតព្វកិច្ចការពារទឹកដី ប្រឆាំងការឈ្លានពានយ៉ាងឃោរឃៅពីសំណាក់យោធាថៃ ។

ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងរដ្ឋបាលខេត្ត ឯកឧត្តម ឌិត ទីណា និងឯកឧត្តម អ៊ុំ រាត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សប្បុរសជន និងម្ចាស់ជំនួយទាំងអស់ ដែលបាននាំមកជាអំណោយសម្ភារ សម្រាប់ផ្តល់ជូនដល់ជនភៀសសឹក និងក្រុមគ្រួសារកងទ័ពនាពេលនេះ ។ ឯកឧត្តមបញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ព្រមទាំងស្ថាប័នពាក់ព័ន្ធ កំពុងខិតខំប្រឹងប្រែងរៀបចំទីជម្រក អាហារ ទឹកស្អាត សេវាសុខាភិបាល និងការថែទាំជាចាំបាច់ ដើម្បីឱ្យបងប្អូនរបស់យើងអាចរស់នៅទីនេះមានសុវត្ថិភាព។

អំណោយដែលបានត្រូវប្រគល់ជូននាពេលនេះរួមមាន៖ រថយន្ត Pick up ចំនួន ១គ្រឿង, ថវិកាចំនួន៤០ ០០០ ០០០រៀល, អង្ករចំនួន៣តោន, ត្រីងៀតចំនួន១តោន, សាច់គោងៀត ចំនួន១តោន, សាច់ក្រកចំនួន១តោន, ខ្ទឹមសចំនួន៥តោន, បារីសេក ចំនួន ១ ០០០សុង, ទឹកក្រូច Pepsi 330ml ចំនួន ១ ០០០កេស, ទឹកក្រូច Cambodia Cola 330ml ចំនួន ១ ០០០កេស, តង់(4mx6m) ចំនួន ៣០០តង់, ម៉ាសចំនួន ២០ ០០០ម៉ាស, អាវដៃវែង អាវដៃខ្លី(ប្រុស/ស្រី) និងខោខ្លី(ស្រី) ចំនួន១៥០០, ទឹកផ្លែឈើចិន ចំនួន ៥៥កេស, មីចិន ចំនួន៨៣កេស, ស្ពៃក្តោបចំនួន២ថង់ធំ, ខ្ទឹមបារាំង ចំនួន ២បាវ, ដំឡូងចំនួន ១បាវ, នំផ្អែមសាំងវិច ចំនួន២០កេស (៣៦០០កញ្ចប់), នំស្នេហាជាតិ ចំនួន២០០កេស (៦ ០០០នំ), នំរាជនី ចំនួន១០កេស (១ ២០០កញ្ចប់) និងចេកអំបូងលឿង ចំនួន៥០កេស៕ អត្ថបទ៖ សហការ

ចែករំលែកព័តមាននេះ