ខេត្តសៀមរាប ៖ ឃាតកដែលយកកាំបិតចិតបន្លែមកចាក់សម្លាប់មន្ត្រីនគរបាលប៉ុស្តិ៍គោចកនោះ ត្រូវបានត្រូវបាននគរបាលព្រហ្មក្រុងចាប់ខ្លួនបានហើយ គឺជាប្រពន្ធរបស់ជនរងគ្រោះ មូលហេតុគឺ ដោយសាររឿងទំនាស់ផ្ទៃក្នុងគ្រួសារ និងប្រចណ្ឌរឿងប្តីមានស្រី។ ហេតុការឃាត់ខ្លួនស្ត្រីជនសង្ស័យនោះ បានធ្វើឡើងនៅវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ ស្ថិតនៅក្នុងអធិការក្រុង បន្ទាប់ពីនាំយកមកសាកសួរ។
តាមលោកវរសេនីយ៍ទោ នួនសក្ក័ ចំរើនរិទ្ធ អធិការរងទទួលផែនបទល្មើសព្រហ្មទណ្ឌក្រុងបានប្រាប់ថា បន្ទាប់ពីជនសង្ស័យបានចាក់សម្លាប់ ជនរងគ្រោះរួចមក កម្លាំងជំនាញក៏បានស៊ើបសួរនៅជុំវិញកន្លែងកើតហេតុ ក៏ឈានទៅនាំខ្លួនស្ត្រី ដែលត្រូវជាប្រពន្ធជនរងគ្រោះ តាំងពីវេលាម៉ោង៩ព្រឹក រហូតដល់ម៉ោង១ រសៀល ថ្ងៃទី១៥ ខែសីហា មកកាន់អធិការក្រុង ដើម្បីសួរនាំ ទើបស្ត្រីរូបនេះបានសារភាព រួចលោកបានសុំយោបល់ពីលោក ស្នងការខេត្ត និងលោកស្នងការរងទទួលផែនព្រហ្មទណ្ឌ ដោយមានការសម្របសម្រួលពី តំណាងអយ្យការ អមសាលាដំបូងខេត្តឱ្យឃាត់ខ្លួនស្ត្រីជនសង្ស័យនៅវេលាម៉ោង១ និង៣០នាទី រសៀលថ្ងៃដដែល។
លោកបានបន្តថា ស្ត្រីជាជនសង្ស័យមានឈ្មោះ សុខ លីនី អាយុ២៦ឆ្នាំ មុខរបរសម្អាងការនៅផ្សារជ្រាវ មានស្រុកកំណើតនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បច្ចុប្បន្នរស់នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប សព្វថ្ងៃមានកូនប្រុសម្នាក់ អាយុជាង៣ឆ្នាំ នៅក្នុងបន្ទុក។ ចំណែកជនរងគ្រោះដែលត្រូវប្រពន្ធ យកកាំបិតចិតបន្លែមកចាក់សម្លាប់ចំនួន១០កាំបិត សុះខ្លួនឈាមស្រោចនោះមានឈ្មោះ ហ៊ឹម វណ្ណារ៉ូ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរនគរបាល(ព្រិន្ទបាលឯក) បម្រើការនៅប៉ុស្តិ៍នគរបាលសង្កាត់គោចក រស់នៅក្រុមទី១១ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។
តាមសម្តីសារភាពរបស់ស្ត្រី ជនសង្ស័យបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ រូបគាត់បានខលទៅប្តី ដើម្បីឱ្យមកជួយមើលកូន ព្រោះកូនក្អកធ្លាក់ឈាម ដល់ពេលគាត់ខលទៅស្រាប់តែប្តីរបស់គាត់បានប្រាប់ថា ឱ្យឌុបមកពេទ្យគន្ធបុប្ផា ទៅ គាត់មកដល់ឥឡូវហើយ ចាំបាត់ៗស្ត្រីជនសង្ស័យក៏យកកូនចេញពីពេទ្យមកឈរនៅចាំពីមុខពេទ្យ មួយសន្ទុះក្រោយមកក៏ឃើញប្តីជិះម៉ូតូមកដល់ក៏នាំគ្នាជិះទៅផ្ទះ។ ស្ត្រីជនសង្ស័យបានរៀបរាប់បន្តថា ដល់ពេលឡើងជិះម៉ូតូមកផ្ទះក៏មានទំនាស់ពាក្យសម្តីតាមផ្លូវរហូត គ្រាន់តែគាត់ថា បងជួយមកមើលកូនផង ខណៈពេលនោះប្តីឌុបបណ្តើរ និយាយបណ្តើរថា អញជាប់យាម និយាយបាន ៤ទៅ៥ម៉ាត់ ជិះម៉ូតូមកជិះដល់ផ្ទះ ស្ត្រីជនសង្ស័យក៏ឱ្យជនរងគ្រោះឈប់ម៉ូតូឱ្យគាត់ចុះ ប៉ុន្តែជនរងគ្រោះមិនព្រមឈប់ បែរជាផ្តួលម៉ូតូធ្វើឱ្យធ្លាក់ប្រពន្ធ និងកូន តែត្រូវបានប្រពន្ធឱបកូនជាប់ ។
ហើយជនរងគ្រោះស្រាប់តែ ដកកូនកាំបិតចិតបន្លែ បម្រុងចាក់ប្រពន្ធ និងកូន ប៉ុន្តែជនសង្ស័យគ្រវាសដៃ ប៉ះចំទ្រូងជនរងគ្រោះក៏ដួល ហើយជនរងគ្រោះបម្រុងងើបឡើងក៏ជនសង្ស័យចាក់បន្ថែមរហូតលែងដឹងខ្លួន ក៏នាំកូនស្រីរត់ទៅផ្ទះធ្វើព្រងើយ។ ខណៈពេលនោះស្ត្រីជនសង្ស័យមិននឹកស្មានថា សមត្ថកិច្ចដឹងថា គាត់ជាអ្នកចាក់សម្លាប់ប្តីរបស់ខ្លួនសោះ។ ក្រោយសួរនាំស្ត្រីជនសង្ស័យរួចមក សមត្ថកិច្ចក៏បានទៅផ្ទះ ដើម្បីឆែករកមើល ក៏ឃើញវត្ថុតាងរួមមាន៖ទូរស័ព្ទសរុប ចំនួន៤គ្រឿង,កាំបិត២ដើម នៅកន្លែងកើតហេតុ, សម្លៀកបំពាក់ ២កំប្លេ,ដបសាំង១ដបទឹកសុទ្ធ,ស្បែក២គូ ក្នុងនោះរបស់ជនរងគ្រោះចំនួន១គូ។
សូមបញ្ជាក់ថា ករណីឃាតកម្មទៅលើមន្ត្រីនគរបាលគោកចកនោះ គឺជារឿងគំនុំ រវាងប្តីមានស្រី និង ទំនាស់ក្នុងគ្រួសារ កាលពីព្រលឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវគ្រួសក្រហម ស្ថិតនៅក្រុមទី១១ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការខេត្តនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
https://youtu.be/o8FVCpXjYoA
ចែករំលែកព័តមាននេះ