ខេត្តកំពង់ស្ពឺ ៖ ផឹកស៊ីជាមួយគ្នាក្លែមពាក្យសម្តី រហូតដល់ក្លាយទៅជាហិង្សា ចោទជនរងគ្រោះថាជក់គ្រឿងញៀន ផ្ទុះជំលោះជនដៃដល់៣នាក់ព្រួតវាយធ្លាក់ពីលើគ្រែ បណ្តាលឱ្យបាក់ដៃខាងឆ្វេងបង្កឱ្យមានការភ្ញាក់ផ្អើល ប្តឹងឱ្យនគរបាលជួយអន្តរាគមន៍ឃាត់ខ្លួនជនដៃដល់០៣នាក់សួរនាំ។
ការឃាត់ខ្លួនក្រុមជនដៃដល់លើករណីហិង្សាដោយចេតនាព្រួតវាយបុរសម្នាក់បណ្តាលឱ្យបាកដៃម្ខាងនេះបានកើតឡើងកាលពីរសៀលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិគ្រឹះធំ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកសំរោងទងបាននិយាយឱ្យដឹងថា កាលពីវេលាម៉ោង៧និង៥៧នាទីព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ ឈ្មោះឈួន សឿន ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅក្នុងភូមិគ្រឹះធំ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានមកដាក់ពាក្យបណ្តឹងទៅលើ÷ ទី១- ឈ្មោះ ឡាវ ឡេង ភេទប្រុសអាយុ៣៥ឆ្នាំ ទី២- ឈ្មោះ ឈឿន ចាន់ណា ភេទប្រុស អាយុ២៤ឆ្នាំ និងទី៣- ឈ្មោះយិន នី ភេទប្រុស អាយុ៥៧ឆ្នាំនៅភូមិឃុំជាមួយគ្នា។
នៅក្នុងពាក្យបណ្តឹង បុរសជាជនរងគ្រោះបានរៀបរាប់ថា នៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ រូបខ្លួនបានជិះម៉ូតូចេញពីកន្លែងកម្មពិធីចូលរោងមង្គលការគេនៅក្នុងភូមិ-ឃុំ រួចហើយក៏បានមកផឹកសុីនៅផ្ទះឈ្មោះអ៊ួរ ហ៊ុយ ភេទប្រុសអាយុ២៨ឆ្នាំ រស់នៅភូមិ-ឃុំជាមួយបន្តទៀត ពេលមកដល់ឃើញឈ្មោះឡេវ ឡេង ឈ្មោះឈឿន ចាន់ណា និងឈ្មោះយិន នី កំពុងអង្គុយផឹកស្រាអុកបានចូលផឹកជាមួយ។
ពេលដែលកំពុងផឹកស្រាជាមួយគ្នានោះ ក៏បានទាស់ពាក្យសម្ដីជាមួយឈ្មោះឈឿន ចាន់ណា ចោទរូបខ្លួនថាជក់គ្រឿងញៀនផ្ទុះជំលោះ បន្ទាប់មកឈ្មោះទាំង៣នាក់ខាងលើ បានព្រួតវាយ រូបខ្លួនបណ្ដាលឱ្យរងរបួសបាក់ដៃខាងឆ្វេង នៅចំណុចដីឡូត៍ផ្ទះឈ្មោះអ៊ួរ ហ៊ុយតែម្តងបង្កឱ្យមានការភ្ញាក់ផ្អើលទាំងយប់។ ក្រោយកើតហេតុបានទៅដាក់ពាក្យបណ្តឹងឱ្យនគរបាលជួយអន្តរាគមន៍រកយុត្តិធម៌។
នគរបាលស្រុកសំរោងទងបានបញ្ជាក់ថា លុះរហូតដល់វេលាម៉ោង០២រសៀលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ កម្លាំងផ្នែកព្រហ្មទណ្ឌស្រុកសំរោងទង សហការជាមួយប៉ុស្ដិតាំងក្រូច បានហៅឈ្មោះឡាវ ឡេង ឈ្មោះឈឿន ចាន់ណា និងឈ្មោះយិន នី មកសាកសួរ បានឆ្លើយសារភាពថាក្រុមខ្លួន ពិតជាបានប្រតាយប្រតប់ជាមួយឈ្មោះឈួន សឿន បណ្ដាលឱ្យធ្លាក់ពីលើគ្រែ បាក់ដៃប្រាកដមែន។ មូលហេតុទាស់ពាក្យម្ដីគ្នា ដោយចោទប្រកាន់ជនរងគ្រោះថាបានជក់គ្រឿងញៀន។
បច្ចុប្បន្នក្រុមជនសង្ស័យដៃដល់ទាំង០៣នាក់ខាងលើ ត្រូវបាននគរបាលស្រុកសំរោងទងឃាត់ខ្លួនកំពុងតែធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕







ចែករំលែកព័តមាននេះ