ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យចំនួន០២នាក់ត្រូវបានកម្លាំងនគរបាលធ្វើការឃាត់ខ្លួន ក្នុងចំណោមបក្ខពួក០៣នាក់ ខណៈដែលជិះម៉ូតូស្គុបពីមួយគ្រឿងឌុបគ្នាកាន់កាំបិតខ្វាវ និងលាក់កូនកាំបិតក្នុងកាបូបស្ពាយ ហើយជួបកម្លាំងនគរបាលល្បាតព្យាយាមជិះគេចខ្លួន។
ការឃាត់ខ្លួនជនសង្ស័យខាងលើបានកាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិព្រៃតាអូក ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកគងពិសីបាននិយាយឱ្យដឹងថា÷ នៅមុនពេលពេលឃាត់ខ្លួនក្រុមជនសង្ស័យ គឺដោយអនុវត្តតាមគោលការណ៍ ក្នុងការបង្ក្រាបក្មេងទំនើង នឹងបទល្មើសផ្សេងៗក្នុងមូលដ្ឋាន នៅ
វេលាម៉ោង១១និង១០នាទី កម្លាំងជំនាញ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរកាកោះ ល្បាតលើផ្លូវលេខ១៣០ ពេលមកដល់ចំណុចខាងលិចស្ពានស្រែជម្រៅ ស្ថិតនៅភូមិព្រៃតាអូក ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានប្រទះឃើញមុខសញ្ញាសង្ស័យ០៣នាក់ ដោយមានការសង្ស័យកម្លាំងបានជិះម៉ូតូដេញតាមឃាត់បាន០២នាក់ ៖ ទី១/ឈ្មោះ អូក ចិត្រា ភេទប្រុស អាយុ៣៣ឆ្នាំនៅភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងទី២/ឈ្មោះ សុង ងួន (ភារុន) ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិពពឹង ឃីកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅការដ្ឋានសំណង់ភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជិះម៉ូតូ០១គ្រឿងម៉ាកហុងដាស្កូពី ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1JS-8579 ។ ចំណែកបក្ខពួកម្នាក់ទៀត ឈ្មោះ ស៊ីណា ភេទប្រុសអាយុប្រហែល៣៥ឆ្នាំ រស់នៅក្នុងភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសីបានរត់គេចខ្លួន។
នគរបាលស្រុកគងពិសីបាននិយាយឱ្យដឹងទៀតថា÷ ក្រោយធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ កម្លាំងជំនាញបានធ្វើការត្រួតពិនិត្យឃើញមាន កាំបិតខ្វេវដងឈើចំនួន០១ និងកន្ត្រៃចំនួន០១ ទុកក្នុងកាបូប ស្ពាយពីក្រោយ។
បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកគងពិសីសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕



ចែករំលែកព័តមាននេះ