រាជធានីភ្នំពេញ ៖ បន្ទាប់ពីបើកសវនាការលើសំណុំរឿងឆបោក ដែលមានជនជាប់ចោទ៤នាក់គឺ ១-ឈ្មោះ ផេង គន្ធាបូរី ភេទស្រី អាយុ៥៦ឆ្នាំ ជាអតីតនាយិកាពិធីការសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងគូកន រួមមាន ២-ឈ្មោះ ខៀវ បូរ៉ា ភេទប្រុស អាយុ៥០ឆ្នាំ ៣-ឈ្មោះ ចាន់ កុសល ភេទប្រុស អាយុ៦១ឆ្នាំ(ស្លាប់) និង៤-ឈ្មោះ ពន្លក ហូ ភេទប្រុស អាយុ៥៨ឆ្នាំ ជំនុះជម្រះអស់រយៈពេលជាង៣ម៉ោង រួចមក ចៅក្រមសាលាឧទ្ធរណ៍លោក ជួន ស៊ុនឡេង បានពន្យារពេលប្រកាសសាលដីកាទៅថ្ងៃទី៣០ មេសា ខាងមុខ ។ សវនាការនេះបានធ្វើឡើងដោយកំបាំងមុខជនជាប់ចោទទាំងបួននាក់ ប៉ុន្ដែគ្រាន់តែមានការចូលរួមពីមេធាវីការពារក្ដីរបស់ជនជាប់ចោទ ។
នៅព្រឹកថ្ងៃទី១០ មេសា សាលាឧទ្ធរណ៍បានបើកសវនាការជាសាធារណៈលើសំណុំរឿងការឆបោក ដែលមានទឹកប្រាក់ជាច្រើនលានដុល្លារអាមេរិក ក្នុងការសាងសង់មួយ ដោយប្រើប្រាស់ហត្ថលេខាក្លែងក្លាយរបស់សម្ដេច ជា ស៊ីម លើកិច្ចសន្យាកុងត្រាមួយមានតម្លៃរាប់លានដុល្លារ ។ ក្នុងខែធ្នូ ឆ្នាំ២០១២ សាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសឈ្មោះ ផេង គន្ធាបូរី ដាក់ពន្ធនាគារចំនួន៤ឆ្នាំ ,ឈ្មោះ ពន្លក ហូ ដាក់ពន្ធនាគារចំនួន៤ឆ្នាំ ,ឈ្មោះ ខៀវ បូរ៉ា ដាក់ពន្ធនាគារចំនួន៣ឆ្នាំ ,ឈ្មោះ ចាន់ កុសល ដាក់ពន្ធនាគារចំនួន៤ឆ្នាំ ។
គួរបញ្ជាក់ថា ដោយឡែកជនជាប់ចោទឈ្មោះ ចាន់ កុសល អាយុ៦១ឆ្នាំ ត្រូវបានមន្ដ្រីពន្ធនាគារអះអាងថាបានស្លាប់នៅក្នុងមន្ទីរពេទ្យកម្ពុជា-សូវៀត កាលពីខែឧសភា ឆ្នាំ២០១២ ដោយសារជំងឺមហារីកសួតធ្ងន់ធ្ងរ បន្ទាប់ពីគាត់បានជាប់ពន្ធនាគារព្រៃសរង់ចាំការកាត់ទោស ៕
ចែករំលែកព័តមាននេះ