ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាហាមឃាត់បណ្តោះអាសន្នលើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វពីប្រទេសថៃ

52 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ប្រកាស​ហាមឃាត់​ជា​បណ្តោះអាសន្ន​លើ​ការ​នាំ​ចូល​សត្វពាហនៈ និង​ផលិតផល​សាច់សត្វ​ពី​ច្រកព្រំដែន​ទាំងអស់​នៃ​ប្រទេស​ថៃ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ករណី​កើត​មាន​ជំងឺ​ឈាមខ្មៅ ឬ​ជំងឺ​អង់​ត្រាក់​លើ​សត្វពាហនៈ នៅ​ក្នុង​ប្រទេស​ថៃ​របស់​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់…

រាជធានី​ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ប្រកាស​ហាមឃាត់​ជា​បណ្តោះអាសន្ន​លើ​ការ​នាំ​ចូល​សត្វពាហនៈ និង​ផលិតផល​សាច់សត្វ​ពី​ច្រកព្រំដែន​ទាំងអស់​នៃ​ប្រទេស​ថៃ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ករណី​កើត​មាន​ជំងឺ​ឈាមខ្មៅ ឬ​ជំងឺ​អង់​ត្រាក់​លើ​សត្វពាហនៈ នៅ​ក្នុង​ប្រទេស​ថៃ​របស់​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ នៅ​ថ្ងៃ​ទី​៦ ឧសភា ឆ្នាំ​២០២៥ បាន​លើក​ឡើង​ថា ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​ករណី​កើត​មាន​ជំងឺ​ឈាមខ្មៅ ឬ​ជំងឺ​អង់​ត្រាក់​លើ​សត្វពាហនៈ (​គោ​-​ក្របី​) ដែល​កំពុង​កើត​មាន នៅ​ក្នុង​តំបន់​មួយ​ចំនួន​នៃ​ប្រទេស​ថៃ ។

ក្រសួង​បាន​បញ្ជាក់​ថា​៖«​បច្ចុប្បន្ន ពុំ​មាន​ករណី​ជំងឺ​នេះ នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ ប៉ុន្តែ​យ៉ាងណា​ក្តី ជា​វិធានការ​បង្ការ ក្រសួង​បាន​ដាក់​ឱ្យ​អនុវត្ត​ការ​ហាមឃាត់​ជា​បណ្តោះអាសន្ន​លើ​ការ​នាំ​ចូល​សត្វពាហនៈ និង​ផលិតផល​សាច់សត្វ​ពី​ច្រកព្រំដែន​ទាំងអស់​នៃ​ប្រទេស​ថៃ ព្រមទាំង​បាន​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​តាម​បណ្តា​ច្រកព្រំដែន​ទាំងនេះ ដើម្បី​ពង្រឹង​ការ​ត្រួតពិនិត្យ និង​ធានា​ការ​អនុវត្ត​វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​» ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួងកសិកម្ម​បាន​លើក​ឡើង​ថា អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ក៏​បាន​រៀបចំ​បណ្តាញ​ប្រព័ន្ធ​ប្រតិកម្ម​រហ័ស​មួយ​នៅ​គ្រប់​រាជធានី​-​ខេត្ត​ទាំង​២៥ ក្នុង​គោលដៅ​តាមដាន​សុខភាព​សត្វពាហនៈ និង​ធ្វើការ​អន្តរាគមន៍​ក្នុង​ករណី​សង្ស័យ ។

ក្រសួង​បាន​អះអាង​ថា នឹង​បន្ត​ធ្វើ​បច្ចុប្បន្នភាព​ជា​បន្តបន្ទាប់ និង​ផ្តល់​ព័ត៌មាន​ថ្មី​ៗ​ពី​កា​រវិ​វត្ត​នៃ​ជំងឺ​នេះ​ក្នុង​ករណី​ចាំបាច់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ