ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះតូច តែឡានច្រើន ធ្វើឱ្យរំខានគេ ៖ រឿងនេះមិនល្អទេ

18 ម៉ោង មុន

សម័យនេះ​សម័យ​ឌី​ជី​ថ​ល និង​សម័យ​សង្គម​សម្ភារ​និយម​ខ្ពស់ ដូច្នេះ​ការ​រស់នៅ​ទាមទារ​នូវ​ស្តង់ដារ​ជីវភាព​មួយ​ដ៏​ហ៊ឺហា​រហូត​ដល់​អ្នកខ្លះ​នៅ​ក្នុង​ចំណោម​គ្រួសារ​មួយ ដែល​មាន​សមាជិក​៤​នាក់ គឺ​មួយ​ផ្ទះ​មាន​រថយន្ត​ដល់​ទៅ​៤​គ្រឿង ឬ​លើស​ពី​នោះ​ក៏​មាន ។ ដោយសារ​តែ​តម្រូវការ និង​លទ្ធភាព​របស់​គ្រួសារ​នីមួយ​ៗ​ចង់​មួយ​គ្រួសារ​មាន​រថយន្ត​ប៉ុន្មាន​គ្រឿង​ក៏​ជា​រឿង​របស់​គ្រួសារ​នោះ ។…

សម័យនេះ​សម័យ​ឌី​ជី​ថ​ល និង​សម័យ​សង្គម​សម្ភារ​និយម​ខ្ពស់ ដូច្នេះ​ការ​រស់នៅ​ទាមទារ​នូវ​ស្តង់ដារ​ជីវភាព​មួយ​ដ៏​ហ៊ឺហា​រហូត​ដល់​អ្នកខ្លះ​នៅ​ក្នុង​ចំណោម​គ្រួសារ​មួយ ដែល​មាន​សមាជិក​៤​នាក់ គឺ​មួយ​ផ្ទះ​មាន​រថយន្ត​ដល់​ទៅ​៤​គ្រឿង ឬ​លើស​ពី​នោះ​ក៏​មាន ។

ដោយសារ​តែ​តម្រូវការ និង​លទ្ធភាព​របស់​គ្រួសារ​នីមួយ​ៗ​ចង់​មួយ​គ្រួសារ​មាន​រថយន្ត​ប៉ុន្មាន​គ្រឿង​ក៏​ជា​រឿង​របស់​គ្រួសារ​នោះ ។ សម័យនេះ ឲ្យ​តែ​អ្នកមាន​លុយ ឬ​មាន​ធនធាន​ចង់​អ្នក និង​ក្រុម​គ្រួសារ​ទិញ​រថយន្ត​ជិះ​ប៉ុន្មាន​គ្រឿងក្នុង​ម្នាក់ ហើយ​រថយន្ត​នោះ​មាន​តម្លៃ​ប៉ុណ្ណា​ក៏​ជា​រឿង​របស់​អ្នក ប៉ុន្តែ​កុំអោយ​តែ​អ្នក​ប៉ះពាល់ ដល់​អ្នក​ដទៃ ។

សព្វ​ថ្ងៃនេះ នៅ​លើ​បណ្តាញ​សង្គម គឺ​ឃើញ​មានការ​ចែករំលែក​ច្រើន​រឿង​បញ្ហា​ពាក់ព័ន្ធ​នឹង​ផល​ប៉ះពាល់ រវាង​អ្នក​ជិតខាង និង​អ្នក​ជិតខាង​ពាក់ព័ន្ធ​នឹង​ចំណត​របស់​យានយន្ត​នេះ ។ បញ្ហា​នោះ គឺថា​អ្នកខ្លះ​រស់នៅ​ក្នុង​លំនៅ​ដ្ឋា​ន​បែប​ជា​ផ្ទះល្វែង ដែល​មាន​ទទឹង​៤​ទៅ​៥ ម៉ែត្រ បណ្តោយ​១២ ទៅ​១៦​ម៉ែត្រ ដូច្នេះ​នៅ​ពេល​ដែល​សមាជិកគ្រួសារ​មាន​រថយន្ត​ច្រើន គឺ​ដើរ​ចត​មុខ​ផ្ទះ​អ្នក​ជិតខាង​ផ្តេសផ្តាស​រំខាន​ដល់​គេ​ចេញចូល ។

ការ​ដើរ​ចត​មុខ​ផ្ទះ​គេ ឬ​បិទផ្លូវ​គេ​ចេញចូល​ម្តងម្កាល​វា​មិនជា​បញ្ហា​នោះ​ទេ ប៉ុន្តែ​ការ​ដែល​ខ្លួន​រស់នៅ​នៅ​ក្នុង​លំនៅ​ស្ថាន​ដែល​មាន​ស្ថានភាព​បែប​នេះ ហើយ​មាន​រថយន្ត​ច្រើន​បែប​នេះ​វា​មិនមែន​រំខាន​អ្នក​ជិតខាង​ម្តងម្កាល​នោះ​ទេ គឺ​វា​អាច​ជា​ប្រចាំ​ដែល​យើង​គួរតែ​រិះគិត​ចំណុច​នេះ​ដែរ ។

អ្នកខ្លះ​ទៀត ក៏​ព្រោះតែ​ខ្លួន​មាន​រថយន្ត​ច្រើន​បែប​នេះ ក៏​មាន​រហូត​ដល់​ទៅ​ចាប់​កន្លែង​ចត នៅ​តាម​សួន​សារ​ធារ​ណៈ​នៅ​ក្នុង​បុរី ហើយ​កាង​រហូត​ដល់​រថយន្ត​អ្នក​ដទៃ​មិន​មាន​សិទ្ធិ​ចត ទោះជា​កន្លែង​នោះ​ទំនេរ​រថយន្ត​សមាជិកគ្រួសារ​ខ្លួន​មិន​ទាន់​មក​ដល់​ថែម​ទៀត​ក៏​ដោយ​ចុះ ។ រឿង​នេះ​ឃើញ​មាននៅ​តាម​បុរី​ជា​ច្រើន​ហើយ ក៏​មាន​អ្នក​ដែល​បាន​ចែករំលែក​នៅ​លើ​បណ្តាញ​សង្គម​ជា​បន្តបន្ទាប់​ច្រើន​ដែរ ។ ដូច្នេះ អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ស្ថានភាព​បែប​នេះ សូម​រិះគិត​ឡើង​វិញ​ខ្លះ​ៗ​ផង ។

វា គឺជា​សិទ្ធិ​របស់​អ្នក ប៉ុន្តែ​ប្រសិនបើ​អ្នកទិញ​ហើយ​ទៅ​រំលោភ ឬ​បង្ក​ផល​ប៉ះពាល់​ដល់​គេ​វា​មិន​ត្រឹមត្រូវ​នោះ​ទេ ។ នៅ​ក្នុង​ករណី​នេះ អ្នក​គួរតែ​លៃលក​រក​កន្លែង​ចំណត​ត្រឹមត្រូវ​ទៅ​ពីព្រោះ​នៅ​ពេល​នេះ​ក៏​មាន​អ្នក ដែល​មាន​ដី​ធំ ឫ​ទីតាំង​ទូលំទូលាយ គេ​បើក​កន្លែង​ទទួល​ផ្ញើ​រថយន្ត​ក៏​ច្រើន​ដែរ ។

នៅ​ក្នុង​ករណី​ដែល​ចត​នៅ​ក្នុង​បុរី​កន្លែង​សាធារណៈ ប្រសិនបើ​ចត​នៅ​កន្លែង​ដែល​គេ​អនុញ្ញាត​ក៏​ចត​ចុះ ប៉ុន្តែ​មិន​អាច​មាន​សិទ្ធិ​ទៅ​កាង​ទៅ​បិទ​សិទ្ធិ​គេ​មិន​អោយ​ចត​កន្លែង ដែល​យើង​ចត​នោះ​ជា​ប្រចាំ​ឡើយ ។ នៅ​តាម​ទី​សាធារណៈ នរណា​មក​មុន​អ្នក​នោះ​មាន​សិទ្ធិ​មុន​ហើយ ពីព្រោះ​កន្លែង​នោះ គឺជា​កន្លែង​សម្រាប់​ទាំងអស់​គ្នា ។

បើ​មិន​ដូច្នេះ​ទេ អ្នក​ក៏​គួរតែ​ពិចារណា លៃលក​ទីតាំង​លំនៅ​ស្ថាន​ណា​ដែល​ធំ​មាន​ទំហំ និង​លំហរ​គ្រប់គ្រាន់​ដែល​អាច​ធានា​ដល់​ការ​ផ្តល់​ចំណត​សម្រាប់​រថយន្ត​នៅ​ក្នុង​គ្រួសារ​អ្នក​ឲ្យ​សមសួន​ទៅ ។ សូម​រៀន​រស់នៅ​ក្នុង​សហគមន៍​ដោយ​ចេះ​គោរព​សិទ្ធិ និង​យោគយល់​អ្នក​ដទៃ​ខ្លះ​ផង​ដែរ ។

នៅ​ក្នុង​នាម​ជា​អ្នក​ជិតខាង​គ្នា ការ​លើសលួស​បន្តិចបន្តួច​គឺ​គេ​អាច​អត់ឱន​បាន​។ ប៉ុន្តែ​ប្រសិនបើ​ការ​លើសលួស​នោះ​វា​ជ្រុល​ហើយ​ជា​ប្រចាំ​ពេក​ទៅ ទាំង​យើង​ទាំង​គេ​ក៏​គ្មាន​ពី​ណា​អាច​ទ្រាំ​បាន​ដែរ ។ នៅ​ពេល​ដែល​យើង​ធ្វើអំពើ​បែប​នេះ​ដាក់​គេ នៅ​ពេល​ដែល​គេ​ធ្វើ​ដាក់​យើង​តើ​យើង​នឹង​មាន​អារម្មណ៍​យ៉ាងណា? សូម​រិះគិត ហើយ​សង្ឃឹមថា អ្នក​ដែល​នៅ​ក្នុង​ស្ថានភាព​នេះ អាច​លៃលក​ដោះស្រាយ​បញ្ហា​ឬ​ទំនាស់​ដោយ​សន្តិវិធី នៅ​ក្នុង​នាម​ជា​ពលរដ្ឋ​ល្អ​នៅ​ក្នុង​សង្គម ។

សរុប​មក​វិញ រស់នៅ​ក្នុង​បុរី ដែល​មាន​ស្ថានភាព​លំនៅ​ដ្ឋា​ន​ជាប់​ៗ​គ្នា​លំហរ​នៃ​ចំណត​ក៏​មាន​ចំនួន​កំណត់ យើង​សង្ឃឹមថា គ្រប់​គ្នា​នឹង​រិះគិត​លើ​បញ្ហា​នេះ ។ អ្នក​ដែល​កំពុង​នៅ​ក្នុង​ស្ថានភាព​នេះ សូម​យកចិត្ត​គេ​មក​ដាក់​ក្នុង​ចិត្ត​ខ្លួន​ខ្លះ ហើយ​គោរព​សិទ្ធិ​អ្នក​ជិតខាង​នោះ​បញ្ហា​នឹង​អាច​ធូរស្រាល ។ យើង​រស់នៅ​ជា​សហគមន៍ គួរតែ​គោរព និង​អោយ​តម្លៃ​នៅ​លើ​សហគមន៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ