ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​ស្ថាបនា​កំណាត់​ផ្លូវ​អង្គរ​ឃ្យុ​ង​យូ ហ្នឹង​រួចរាល់​នៅ​ក្នុង​ឆ្នាំ​២០១៨

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ផ្លូវ​អង្គរ​ឃ្យុ​ង​យូ ឬ​ផ្លូវ​៦០​ម៉ែត្រ បាន​ស្ថាបនា​ឡើង​កាលពី​ឆ្នាំ​២០០២ ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​ទីភ្នាក់ងារ​បារាំង (ADF) ហើយ​នៅ​ឆ្នាំ​២០០៦ អាជ្ញាធរ​ជាតិ​អប្សរា ក៏​បាន​ចំណាយ​ថវិកា​មួយ​ចំនួន​ដើម្បី​ធ្វើ​ផ្លូវ​គ្រួ​ស​ក្រហម​សងខាង​ផ្លូវ…

ខេត្តសៀមរាប ៖ ផ្លូវ​អង្គរ​ឃ្យុ​ង​យូ ឬ​ផ្លូវ​៦០​ម៉ែត្រ បាន​ស្ថាបនា​ឡើង​កាលពី​ឆ្នាំ​២០០២ ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​ទីភ្នាក់ងារ​បារាំង (ADF) ហើយ​នៅ​ឆ្នាំ​២០០៦ អាជ្ញាធរ​ជាតិ​អប្សរា ក៏​បាន​ចំណាយ​ថវិកា​មួយ​ចំនួន​ដើម្បី​ធ្វើ​ផ្លូវ​គ្រួ​ស​ក្រហម​សងខាង​ផ្លូវ និង​បន្ត​សង់​ផ្លូវ​មក​ខាងកើត ហួស​រង្វង់​មូល​ចំនួន​៤​គីឡូម៉ែត្រ​បន្ថែម​ទៀត ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​វប្បធម៌​អង្គរ​ឃ្យុ​ង​យូ ដែល​ជា​កិច្ច​សហប្រតិបត្តិការ​រវាង​តំបន់​បេតិកភណ្ឌ​ចំនួន​២ គឺ​អង្គរ និង​ឃ្យុ​ង​យូ​។

ក្រោយមក​នៅ​ឆ្នាំ​២០១០ អាជ្ញាធរ​ជាតិ​អប្សរា​ក៏​បាន​ស្ថាបនា​ផ្លូវ​៦០​ម៉ែត្រ ចំនួន​៩.៦៧៩​ម៉ែត្រ ចាប់ពី​ផ្លូវបំបែក​ត្រាំ​នាគ រហូត​ដល់​បុរី​រដ្ឋបាល​ខេត្តសៀមរាប បច្ចុប្បន្ន​ជា​ទីស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា​។ បើ​គិត​មក​ដល់​ពេល​នេះ រយៈពេល​១៦​ឆ្នាំ​ហើយ ដែល​ផ្លូវ​៦០​ម៉ែត្រ​បាន​បម្រើ​ផលប្រយោជន៍​ដល់​ប្រជាជន និង​ទេសចរ​ទាំង​ឆ្លងកាត់ និង​ដឹក​ជញ្ជូន​ទំនិញ​។ ១៦​ឆ្នាំ​នេះ ក៏​បាន​ធ្វើ​ឱ្យ​ផ្លូវ​ខូច​ទ្រង់ទ្រាយ ទ្រុឌទ្រោម​ដោយ​ចៀស​មិន​ផុត តែ​អាជ្ញាធរ​ជាតិ​អប្សរា​ក៏​តែង​យកចិត្តទុកដាក់​ជួសជុល ថែទាំ​ជា​ប្រចាំ​ផង​ដែរ​។

លោក ហេង គឹ​ម​ឡេ​ង ប្រធាន​នាយកដ្ឋាន​ទ្រទ្រង់​បច្ចេកទេស និង​អន្តរ​វិស័យ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ក៏​បានឱ្យ​ដឹង​ថា​៖ សម្រាប់​ឆ្នាំ​២០១៨ អាជ្ញាធរ​ជាតិ​អប្សរា​គ្រោង​នឹង ស្ថាបនា និង​ពង្រីក​កំណាត់​ផ្លូវ​នេះ​ឱ្យ​រួចរាល់​ទាំងស្រុង​ចំនួន​៨៦០​ម៉ែត្រ ពី​ស្ពាន​នាគ រហូត​ដល់​រង្វង់​មូល ដោយ​ចាប់​ដំណើរការ​នៅ​ខែសីហា​នេះ​ហើយ​។ លោក គឹ​ម​ឡេ​ង បន្ត​ថា ក្រុមការងារ​នឹង​ពង្រីក​ទំហំ​ទទឹង​ផ្លូវ​រហូត​ដល់​១០​ម៉ែត្រ (​ផ្លូវ​ចាស់​៨​ម៉ែត្រ​) ដោយ​អ៊ុត​កៅស៊ូ ហើយ​គូស​គំនូស​បែងចែក​ផ្លូវ​សងខាង​ចំនួន​១.៥០​ម៉ែត្រ សម្រាប់​ម៉ូតូ​កង់ និង​៧​ម៉ែត្រ សម្រាប់​រថយន្ត​ទៅ​មក​។

ផ្លូវ​នេះ​ជា​ច្រក​ធ្វើ​ដំណើរ​យ៉ាង​សំខាន់​ក្នុង​ការ​ចេញចូល​ក្រុង​សៀមរាប សារមន្ទីរ ផ្សារ​រាត្រី កន្លែង​លក់​សំបុត្រ​ទស្សនា​អង្គរ និង​តំបន់​ទេសចរណ៍​ផង​ដែរ ហើយ​អាជ្ញាធរ​ជាតិ​អប្សរា ក៏​សូម​អភ័យទោស​ដល់​សាធារណៈជន ដែល​មានការ​យឺតយ៉ាវ​ក្នុង​ការ​ជួសជុល​ផ្លូវ​នេះ​ឱ្យ​បាន​ល្អ​ប្រសើរ ទាន់​ពេលវេលា​។ សូម​បញ្ជាក់​ដែរ​ថា គម្រោង​ជួសជុល​ផ្លូវ​ក្នុង​ឧទ្យាន​អង្គរ​នា​ឆ្នាំ​២០១៨ ក្រៅពី​ផ្លូវ​៦០​ម៉ែត្រ ក៏​មានការ​ជួសជុល​ផ្លូវ​មិត្តភាព​កម្ពុជា​កូរ៉េ​ពី​ស្វាយ​ធំ​មក​ផ្សារ​ព្រះ​ដាក់​ចំនួន​៧៥០​ម៉ែត្រ និង​ផ្លូវ​ពី​ព្រ​លាន​យន្តហោះ​ដល់​មុខ​ប្រាសាទអង្គរវត្ត​ផង​ដែរ​។

ចំពោះ​គម្រោង​ឆ្នាំ​២០១៩ នឹង​បញ្ចប់​ការ​ជួសជុល​ផ្លូវ​នៅ​វង់​ធំ​ទាំងអស់​។ លើស​ពី​នោះ ចាប់ពី​ឆ្នាំ​២០២០​ទៅ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​បង្វែរ​ការ​ជួសជុល​កែ​លម្អ​ផ្លូវ​មួយ​ចំនួន​នៅ​ក្នុង​សហគមន៍​តំបន់​អង្គរ​ថែម​ទៀត​។ បើ​គិត​មក​ដល់​ពេល​នេះ ផ្លូវ​ក្នុង​ឧទ្យាន​អង្គរ ជួសជុល និង​សាងសង់​បាន​ចំនួន​២០០​គីឡូម៉ែត្រ​ហើយ ទាំង​ក្រាល​កៅស៊ូ​ក្រាល​គ្រួ​ស​ក្រហម និង​ផ្លូវលំ ក្រោម​ថវិកាជាតិ និង​ជំនួយ​បរទេស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ