រាជធានីភ្នំពេញ ៖ ជនមិនស្គាល់មុខបានយកម៉ូតូមួយគ្រឿងទៅលាក់ទុកនៅក្នុងគុម្ពោធព្រៃមួយកន្លែងស្ថិតនៅក្នុងដីឡូត៍ភូមិព្រៃកី«ខ»សង្កាត់ ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយកាច់មែកសង្កែ និងបោចស្មៅគ្របពីលើច្រើនថ្ងៃមកហើយ ។ រហូតមកដល់វេលាម៉ោង១០ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ ត្រូវបានអ្នករត់ម៉ូតូឌុបប្រទះឃើញ ទើបរាយការណ៍ជូននគរបាលដើម្បីចុះទៅពិនិត្យមើល និងនាំយកទៅរក្សាទុករង់ចាំការស្រាវជ្រាវបន្តស្វែងរកម្ចាស់ម៉ូតូនេះ។
នគរបាលបាននិយាយថា ម៉ូតូមួយគ្រឿងខាងលើនោះម៉ាកស៊ីទី ធុនសេ១០០កូរ៉េ ពណ៍ក្រហមពាក់ស្លាកលេខ កំពង់ស្ពឺ ២B-៦៤១០ ប៉ុន្តែបាន កែជាស្លាកលេខ ១B-៦៤១៨ ទៅវិញ ហើយម៉ូតូនេះមានសាំងពេញធុងតែម្ដង ដែលតាមការសន្និដ្ឋានគឺជាម៉ូតូដែលជនសង្ស័យជិះធ្វើសកម្មភាពលួចទ្រព្យសម្បត្តិតាមផ្ទះប្រជាពលរដ្ឋនៅជិតៗនោះពេលយប់ ហើយទំនងលួចបានម៉ូតូ២គ្រឿងក៏បាននាំគ្នាជិះគេចខ្លួនបាត់អស់ និងបានលាក់ទុកម៉ូតូមួយគ្រឿងខាងលើនេះសិន ព្រោះកាលពីប៉ុន្មានថ្ងៃមុនមានសកម្មភាពចោរគាស់ឃ្លាំងដាក់គ្រឿងចក្រមួយនៅក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ លួចយកម៉ូតូស៊េរីទំនើប២គ្រឿង ហើយគេចខ្លួនបាត់ស្រមោល។
ប្រភពដដែលបានបន្តថា តាមការពិនិត្យមើលជាក់ស្ដែង ម៉ូតូនេះត្រូវបានជនមិនស្គាល់មុខយកទៅប្លុងចោលនៅទីនោះច្រើនថ្ងៃមកហើយ យ៉ាងហោចណាស់ក៏១អាទិត្យដែរ ។ នៅមុនពេលមានការភ្ញាក់ផ្អើលនេះកើតឡើងគឺមានបុរសម្នាក់ជាអ្នករត់ម៉ូតូឌុបបានទៅបត់ជើងនៅទីនោះក៏ប្រទះឃើញម៉ូតូខាងលើ និងបានរាយការណ៍ជូននគរបាលដើម្បីចុះទៅត្រួតពិនិត្យមើល និងនាំយកម៉ូតូនោះទៅរក្សាទុក រង់ចាំការស្រាវជ្រាវរកម្ចាស់ម៉ូតូ និងមូលហេតុដែលយកម៉ូតូទៅប្លុងចោលបែបនេះ៕








ចែករំលែកព័តមាននេះ