ខេត្តប៉ៃលិន ៖ ផ្លែរុក្ខជាតិដ៏ចម្លែកខុសគេពីរផ្លែមិនធ្លាប់ប្រទះឃើញមានលក្ខណៈស្រដៀងទៅនឹងមនុស្សប្រុស ស្រីឈរដាក់ដៃស្របនឹងដងខ្លួនបេះបិទ ។ បើយើងពិនិត្យមើលដោយភ្នែកទទេយ៉ាងពិនិត្យពិច័យបន្ដិចនឹងឃើញថា តាំងពីលើទង(ក្បាល ) រហូតដល់ក្រោម(ជើង) មានមុខមាត់ ភ្នែក ច្រមុះ សុដន់ និងមានប្រដាប់ភេទដូចនឹងមនុស្សប្រុស ស្រី ហើយផ្នែកខាងក្រោមនៃផ្លែរុក្ខជាតិនេះក៏ដូចជារាងមនុស្សផងដែរ ។
តាមការរៀបរាប់របស់មន្ត្រីសាលាខេត្តប៉ៃលិនម្នាក់បានឱ្យដឹងថា ផ្លែរុក្ខជាតិមួយគូនេះគាត់បានពីមិត្តភក្ដិម្នាក់ឈ្មោះទ្រី អាយុ៣៩ឆ្នាំ រស់នៅ ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដោយបុរសរូបនោះបាននាំយកមកពីប្រទេសឥណ្ឌា កាលពីប៉ុន្មានខែមុន ។ តាមការពន្យល់ពីមិត្តភក្ដិប្រាប់លោកថា ផ្លែឈើមួយគូនេះដុះចេញពីដើមតែមួយ ដោយមានផ្លែស្រដៀងទៅនឹងមនុស្សស្រី ហើយដើមរបស់វាមានលក្ខណៈស្រដៀងទៅនឹងដើមឈើធម្មតាដែរ ដោយមានស្លឹក មែក គល់ និងឫស ។ គេបានហៅផ្លែឈើនេះចំនួន៣ឈ្មោះ គឺ ១-ឈ្មោះជាភាសាឥណ្ឌាហៅថា ផ្លែអសង្ខេយ្យ ២-ឈ្មោះជាភាសាខ្មែរហៅថា ផ្លែនារីផល ៣-ឈ្មោះជាភាសាចិនហៅថា ផ្លែអមតៈ ។
មន្ត្រីដដែលបន្តថា ផ្លែពីរនេះជារុក្ខជាតិសុទ្ធសាធមិនមែនយកមកកែច្នៃអ្វីទេ ហើយក៏មិនមែនជាសិប្បនិមិត្តដែរ ។ តាមការរៀបរាប់របស់ម្ចាស់ដើមដែលបានប្រគល់ផ្លែ២នេះឱ្យលោកនិយាយថា រុក្ខជាតិនេះប្លែកពីរុក្ខជាតិផ្សេងៗទាំងអស់គឺនៅក្នុងស្រុកខ្មែរយើងអត់មានទេ ហើយវាមានលក្ខណៈរឹងដូចដុំថ្ម អត់មានគ្រាប់ អត់មានសាច់ខាងក្នុងទេ មានលក្ខណៈតាន់ ផ្នែកខាងក្នុង មានពណ៌ដូចខាងក្រៅដែរ ។
តាមការរៀបរាប់របស់ម្ចាស់ផ្លែឈើនេះថា រុក្ខជាតិចម្លែកនេះក្នុងរយៈពេលឆ្នាំ៥ទើបមានផ្កា មានផ្លែម្ដង ពេលវាទុំគេមិនអាចយកមកបរិភោគបានទេ ព្រោះរឹងណាស់ តែបើគេយកមកតាំងលម្អក្នុងគេហដ្ឋានមើលទៅគួរឱ្យចង់គយគន់ ។ បើតាមអបិយជំនឿដែលម្ចាស់ដើមនោះប្រាប់គឺក្រោយពីយើងយកទៅឱ្យគ្រូបញ្ចុះមន្តគាថា រូបទាំងនេះអាចធ្វើឱ្យយើងរស់នៅក្នុងសេចក្ដីសុខ ចម្រុងចម្រើន រកស៊ីមានបាន ត្រជាក់ត្រជុំ ។
មន្ត្រីដដែលនិយាយថា ម្ចាស់ដើមបានបញ្ជាក់ប្រាប់លោកថា សូមយកទៅរក្សាទុកឱ្យបានល្អ ព្រោះបើយើងមានជំនឿអាចនឹងមានវិញ្ញាណមកតាមថែរក្សាការពារយើងជារៀងរាល់ថ្ងៃដោយគ្រាន់តែអុជធូបរៀងរាល់ថ្ងៃសីល ថ្ងៃពេញបូណ៌មី និងថ្ងៃផ្សេងៗទៀតដោយបន់ស្រន់ឱ្យជួយយើង ៕
ចែករំលែកព័តមាននេះ