ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​សោកស្តាយ​ចំពោះ​មរណភាព​ជនជាតិបារាំង​ម្នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​សាស្ត្រាចារ្យ Pierre Andre Lablaude ជនជាតិ​បារាំង​អ្នក​ជំនាញ Adhoc ផ្នែក​អភិរក្ស ដែល​បាន​ដើរតួ​នាទី​នេះ​ចាប់ពី​វិនាទី​ដំបូង​ដែល​រមណីយ​ដ្ឋាន​​អង្គរ​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក…

រាជធានី​ភ្នំពេញ ៖ លោក​សាស្ត្រាចារ្យ Pierre Andre Lablaude ជនជាតិ​បារាំង​អ្នក​ជំនាញ Adhoc ផ្នែក​អភិរក្ស ដែល​បាន​ដើរតួ​នាទី​នេះ​ចាប់ពី​វិនាទី​ដំបូង​ដែល​រមណីយ​ដ្ឋាន​​អង្គរ​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ពោល​តាំងពី​ឆ្នាំ​១៩៩២​មក បាន​ទទួលមរណភាព​ហើយ ។

លោក​សាស្ត្រាចារ្យ Pierre Andre Lablaude មាន​ភាព​ប៉ិន​ប្រសប់​ប្រកបដោយ​សមត្ថ​ភាព​វិជ្ជាជីវៈ បាន​បង្ហាញ​យ៉ាង​ជាក់ច្បាស់​តាម​រយៈ​សកម្មភាព​របស់​គាត់​នៅ​តាម​ទីតាំង​ផ្ទាល់ និង​នៅ​ក្នុង​អនុសាសន៍​បច្ចេកទេស​នានា ។

លោក​ជំទាវ​ភឿ​ង ស​កុ​ណា ក្នុង​នាម​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​កាលពី​ថ្ងៃ​ទី​២៨ កក្កដា ២០១៨​ចំពោះ​ក្រុម​គ្រួសារ​របស់​លោក​សាស្ត្រាចារ្យ Lablaude ។ លោក​ជំទាវ​រដ្ឋមន្ត្រី​បាន​រំលឹក​ពី​ការ​ចង​ចាំ​យ៉ាង​ជាក់ច្បាស់​ពី​បទ​អន្តរាគមន៍​ដ៏​គួរ​ឱ្យ​កត់សម្គាល់​នានា របស់​លោក​សាស្ត្រា​ចារ្យ ក្នុង​ដំណើរ​ពិភាក្សា​នៃ​កិច្ចប្រជុំ​នានា​របស់​គណៈកម្មាធិការ​អន្តរជាតិ​ដើម្បី​សម្រប​សម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ ហៅ​កាត់​ថា សេ​អ៊ីសេ «CIC» ។ ការ​លះបង់​របស់​គាត់​គឺជា​គំរូ​ដ៏​ល្អ ហើយ​គុណសម្បត្តិ​មនុស្សជាតិ និង​សមត្ថ​ភាព វិជ្ជាជីវៈ​នានា​របស់​គាត់​នឹង​ធ្វើ​ឱ្យ​យើង​ទាំងអស់​គ្នា​ចង​ចាំ​មិន​អាច​បំភ្លេច​បាន ។

លោក​ជំទាវ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ថ្លែង​ថា​«​លោក​សាស្ត្រាចារ្យ Pierre Andre Lablaude គឺជា​សសរស្តម្ភ​មួយ​ចាប់តាំងពី​បង្កើត​សេ​អុ​ី​សេ​អង្គរ ហើយ​ការ​បាត់​បង់​​លោក​សាស្ត្រាចារ្យ គឺ​ប្រៀប​ដូច​ជា​ការ​ចាក​ចេញពី​យើងខ្ញុំ​នូវ​ទំព័រ​ប្រវត្តិសាស្ត្រ​អង្គរ​ដ៏​ធំ​មួយ ។ ទោះជា​យ៉ាងណា​ក៏​ដោយ តាម​រយៈ​ស្នាដៃ​ការងារ​នានា លោក​សាស្ត្រាចារ្យ​ទុក​ឱ្យ​យើង​ទាំងអស់​គ្នា​នូវ​កេរដំណែល​មួយ មិន​អាច​កាត់ថ្លៃ​បាន ហើយនឹង​ក្លាយជា​ប្រយោជន៍​ដ៏​សំខាន់​សម្រាប់​អ្នក​ស្រាវជ្រាវ​ជំនាន់​ក្រោយ​របស់​កម្ពុជា និង​អន្តរជាតិ​ជា​ច្រើន​នាក់​ទៀត​នា​ពេល​អនាគត ។

ព្រះរាជាណាចក្រ​កម្ពុជា​នឹង​បន្ត​នូវ​ការ​ដឹងគុណ​ជា​និច្ច​និរន្តរ៍ សម្រាប់​ការ​បូជា​កាយ​ចិត្ត​ដ៏​ខ្លាំងក្លា​របស់​លោក​សាស្ត្រាចារ្យ ដើម្បី​បុព្វហេតុ​នៃ​ចំណេះដឹង​នៃ​ការ​គាំពារ និង​ការ​ការ​ពារ​បេតិកភណ្ឌ​អង្គរ »​។

ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​១ សីហា បាន​ផ្ញើ​ព្រះរាជ​សារ​ជូន​លោក​ជំទាវ​ភឿ​ង ស​កុ​ណា រដ្ឋ​មន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​យូ​ណេ​ស្កូ​កម្ពុជា។ ព្រះរាជ​សារបាន​ថ្លែងអំណរគុណ​ចំពោះ​លោក​ជំទាវ​រដ្ឋមន្ត្រី ដែល​បាន​ថ្វាយ​នូវ​លិខិត​ស្តី​អំពី​ដំណឹង​មរណភាព​របស់​លោក​សាស្ត្រាចារ្យ Pierre-André Lablaude ។

ព្រះរាជ​សារ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី មាន​ខ្លឹមសារ​ថា «​ខ្ញុំ​សូម​ចូលរួម​រំលែក​​មរណទុក្ខ​ដ៏​មហា​ក្រៀមក្រំ​ក្រៃ​លែង​ជាមួយ​គ្រួសារ​របស់​លោក​សាស្ត្រាចារ្យ ដែល​បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៨ ។

ខ្ញុំ​សូម​សម្តែង​នូវ​ការ​សោកស្តាយ​ចំពោះ​ការ​បាត់បង់​លោក​សាស្ត្រាចារ្យ Pierre-André Lablaude ដែល​បាន​បំពេញបេសកកម្ម​អន្តរជាតិ​ដ៏​វិសេសវិសាល ចាប់តាំងពី​រមណីយ​ដ្ឋាន​អង្គរ ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៅ​ឆ្នាំ​១៩៩២ ។

ការ​ចំណាយ​ពេលវេលា​អស់​ជិត​៣​ទសវត្សរ៍​របស់​លោក​សាស្ត្រាចារ្យ ចំពោះ​ដំណើរការ​អភិរក្ស និង​អភិវឌ្ឍ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ បាន​បន្សល់​ទុក​នូវ​ស្នាដៃ​ជា​ច្រើន​ដល់​​ប្រជាជន​កម្ពុជា និង​ដល់​អ្នក​សិក្សា​ស្រាវជ្រាវ​ជំនាន់​ក្រោយ​ទាំង​ជាតិ និង​អន្តរជាតិ ដែល​ជា​កេរដំណែល​ដ៏​ឧត្តុង្គ​ឧត្ត​ម្ភ​ប្រកបដោយ​វិជ្ជាជីវៈ និង​សមត្ថភាព​ដ៏​ខ្លាំងក្លា ជា​គំរូ​ដ៏​ល្អ​មានគុណ​ប្រយោជន៍​សម្រាប់​ប្រជាជន​កម្ពុជា និង​អន្តរជាតិ​។ ប្រជាជន​កម្ពុជា​ចង​ចាំ​ជា​និច្ច​នូវ​គុណ​បំណាច់​និង​ស្នាដៃ​មិន​អាច​កាត់ថ្លៃ​បាន​របស់​លោក​សាស្ត្រាចារ្យ​ជា​រៀង​រហូត​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ