ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​អាវុធ​ធុន​ស្រាល​ខុសច្បាប់​របស់​អង្គការ​គយ​ពិភពលោក​

5 ឆ្នាំ មុន

នា​ថ្ងៃ​អង្គា​រ៍ ៤​រោច ខែ​ទុតិយាសាធ ឆ្នាំច សំរឹទ្ធ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៨…

នា​ថ្ងៃ​អង្គា​រ៍ ៤​រោច ខែ​ទុតិយាសាធ ឆ្នាំច សំរឹទ្ធ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​សុខា រាជធានី​ភ្នំពេញ មាន​ប្រារព្ធ​ពិធី​បើក​សិក្ខាសាលា​ថ្នាក់​តំបន់​ស្តី​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​អាវុធ​ធុន​ស្រាល​ខុសច្បាប់​របស់​អង្គការ​គយ​​ពិភពលោក​ក្រោម​អធិបតីភាព លោក នួន ច័​ន្ធ​រិ​ទ្ធ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​បណ្ឌិត គុណ ញឹ​ម ប្រតិភូ​រាជ​រដ្ឋា​ភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​ដោយ​មានការ​ចូលរួម​ពី​លោក Mohammad Ehteshamul Hoque និង​លោក Andrew Alan REYNOLDS អ្នក​ជំនាញការ​គំរោង​សុវត្ថិភាព​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក នៃ​អង្គការ​គយ​ពិភពលោក និង​មន្ត្រី​គយ​ពាក់ព័ន្ធ​មក​ពី​៩​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ រួម​ទាំង​កម្ពុជា ។

សិក្ខាសាលា​នេះ មាន​រយៈពេល​១១​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​៣១ ខែកក្កដា ដល់​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៨ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា សហការ​ជាមួយ​អង្គការ​គយ​ពិភពលោក ក្នុង​គោលបំណង​បណ្តុះបណ្តាល​គ្រូ​បង្គោល និង​បង្កើន​សមត្ថភាព​ដល់​មន្ត្រី​បច្ចេកទេស​ពាក់ព័ន្ធ​នៃ​បណ្តា​ប្រទេស​ដែល​នឹង​ចូលរួម​អនុវត្ត​គំរោង​សន្តិសុខ​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស​ប្រឆាំង និង​ទប់ស្កាត់​ការ​ជួញដូរ​ខុស​ច្បាប់ នៃ​អាវុធ​ធុន​ស្រាល​គ្រប់​ប្រភេទ (SALW) ។

ថ្លែង​ក្នុង​ពិធី​បើក លោក Shigeaki Katsu អ្នក​ជំនាញការ​រយៈពេល​វែង នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​ជប៉ុន (JICA) ប្រចាំ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​ជា​តំណាង​​រដ្ឋបាល​គយ​ជប៉ុន បាន​លើក​ឡើង​ថា សិក្ខាសាលា​នេះ នឹង​ក្លាយជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​កម្មវិធី​សន្តិសុខ​របស់​អង្គការ​គយ​ពិភពលោក ដើម្បី​ពង្រឹងសមត្ថភាព​របស់​រដ្ឋបាល​គយ ដើម្បី​ត្រួតពិនិត្យ និង​ទប់ស្កាត់​ការ​ជួញដូរ​ខុសច្បាប់​នូវ​អាវុធ​ធុន​ស្រាល និង​ជា​ការ​យកចិត្តទុកដាក់​សម្រាប់​តំបន់​អាស៊ី​អា​គ្នេ​យ័ និង​តំបន់​ជុំវិញ ។

បន្ថែម​ពីលើ​នេះ​ដែរ លោក​ក៏​បាន​មាន​ប្រសាសន៍​ថា សិក្ខាសាលា​នេះ គឺជា​ឱកាស​សម្រាប់​អ្នកចូលរួម​ទាំងអស់ ដើម្បី​ធ្វើការ​សហការ​គ្នា​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​ថែម​ទៀត និង​ដើម្បី​ក្លាយជា​ដៃគូ​ក្នុង​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន ចំណេះដឹង និង​បទ​ពិសោធន៍​គន្លឹះ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​ដោយ​ប្រសិទ្ធភាព ។

ក្នុង​សុន្ទរកថា​បើក លោក នួន ច័ន្ទ​រិ​ទ្ធ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ថ្លែងអំណរគុណ​ដល់​អង្គការ​គយ​ពិភពលោក​ដែល​បាន​ជ្រើសរើស​កម្ពុជា​ចូលរួម​ក្នុង​ការ​អនុ​គំរោង និង​អរគុណ​ដល់​រដ្ឋាភិបាល​ជប៉ុន​សម្រាប់​ការ​ផ្តល់​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​សិក្ខាសាលា​នេះ ។

លោក​ក៏​បាន​គូសបញ្ជាក់​ផង​ដែរ​ថា ការ​ជួញដូរ​ខុសច្បាប់​នៃ​អាវុធ​ធុន​ស្រាល អាច​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​ជា​អន្តរជាតិ ព្រមទាំង​គំរាមកំហែង​ដល់​ជីវិត​មនុស្ស​រាប់​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​ជា​រៀង​រាល់​ឆ្នាំ ។ ជាមួយ​គ្នា​ផង​ដែរ ការ​រៀបចំ​សិក្ខាសាលា​នេះ ពិតជា​មាន​សារសំខាន់​ដែល​នឹង​ផ្តល់​ឱ្យ​អ្នកចូលរួម​ទាំង​អាជ្ញា​ធរ​គយ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ការ​ពង្រឹងសមត្ថភាព ចំណេះដឹង​ផ្នែក​បច្ចេកទេស និង​ការ​អនុវត្ត​ជាក់ស្តែង​ក្នុង​ការ​ទប់ស្កាត់​អាវុធ​ធុន​ស្រាល ដែល​អាច​នឹង​ត្រូវ​បាន​ជួញដូរ​នៅ​ក្នុង​តំបន់ ។

ទន្ទឹម​នេះ លោក​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា សិក្ខាសាលា​នេះ គឺជា​ឱកាសល្អ សម្រាប់​សិក្ខាកាម​ទាំងអស់ ដើម្បី​បាន​ស្វែង​យល់ និង​បង្កើន​ចំណេះដឹង តាម​រយៈ​ការ​ពិភាក្សា ផ្លាស់​ប្តូរ​មតិយោបល់​ដោយ​ផ្ទាល់​ជាមួយ​ក្រុម​ជំនាញការ​របស់​អង្គការ​គយ​ពិភពលោក ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ