ខេត្តរតនគិរី ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ក្មេងស្រីតូចៗមួយក្រុមមាន៣នាក់បាននាំគ្នាទៅស្ទូចត្រីលេង ស្រាប់តែក្មេងម្នាក់ក្នុងចំណោមនោះបានរអិលជើងបោកក្បាល និងគល់ឈើធ្លាក់ទឹកអូរលង់បណ្តាលឱ្យស្លាប់ម្នាក់ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១រសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចអូរចាហាម ស្ថិតក្នុងភូមិអូកាន ឃុំជ័យឧត្តម ស្រុកលំផាត់។
បើតាមសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះដែលលង់ទឹកស្លាប់ឈ្មោះ សេង ស្រីណេ ភេទស្រី អាយុ៩ឆ្នាំ ជាសិស្សថ្នាក់ទី២។
សមត្ថកិច្ចបន្តថា មូលហេតុដែលនាំឱ្យស្រីនោះលង់ទឹកស្លាប់ គឺមុនកើតហេតុក្មេងស្រីៗមានគ្នាចំនួន៣នាក់ អាយុ៩, ១០ និង១១ឆ្នាំបាននាំគ្នាទៅស្ទូចត្រីលេងនៅទឹកអូរខាងលើ ខណៈពេលនោះក្មេងស្រីក្នុងចំណោម៣នាក់ជាជនរងគ្រោះបានរអិលជើងដួលបោកក្បាលចំគល់ឈើហើយធ្លាក់ចូលក្នុងទឹកអូរក៏លង់ស្លាប់តែម្តង ។ ពេលនោះក្មេង២នាក់ទៀតដែលទៅស្ទូចជាមួយនោះ ក៏បាននាំគ្នារត់មកប្រាប់ឪពុកម្តាយក្មេងរងគ្រោះនៅឯភូមិចម្ងាយ៥០០ម៉ែត្រពីអូរ ទើបបង្កឱ្យមានការឆោឡោតែម្តង ។
ក្រោយពេលដឹងដំណឹងនេះហើយ អ្នកភូមិទៅដល់ចុះរាវរកឃើញក្មេងស្រីនោះ ប៉ុន្តែជាអកុសលក្មេងស្រីរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ រីឯឪពុកម្តាយបានត្រឹមតែយំសោកបោកកាយស្តាយស្រណោះអាណិតកូនស្រីជាទីស្រឡាញ់របស់ខ្លួន ព្រោះតែមានការធ្វេសប្រហែសមួយប៉ព្រិចភ្នែកក៏ស្លាប់ទៅបាត់ហើយ ។ ក្រោយពេលកើតហេតុឪពុកម្តាយក្មេងស្រីរងគ្រោះបាននាំយកសពទៅធ្វើបុណ្យតាប្រពៃណីផងដែរ៕
ចែករំលែកព័តមាននេះ