ខេត្តកោះកុង៖ មន្ទីរបរិស្ថានខេត្តកោះកុង សូមធ្វើការបំភ្លឺជូនសាធារណជនមេត្តាជ្រាបករណីការចុះអនុវត្តច្បាប់រុះរើសំណង់ខុសច្បាប់ ទន្ទ្រានកាន់កាប់ដីព្រៃ នៅចំណុចជ្រោះដំណាក់ក្បូន ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ភូមិសាស្ត្រភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
មន្ទីរបរិស្ថានខេត្ត សូមបដិសេធទាំងស្រុងការផ្សព្វផ្សាយតាមបណ្តាញសង្គមដែលបានផ្សាយព័ត៌មានមិនពិត មានលក្ខណៈបំផ្លើស នាំឱ្យមានការភាន់ច្រឡំលើសមត្ថកិច្ចចម្រុះក្រោមការដឹកនាំនៃគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តកោះកុង ដែលបានអនុវត្តច្បាប់ចំពោះការចូលមកតាំងទីលំនៅសាងសង់រោង ខ្ទម និងតូបលក់ដូរខុសច្បាប់ នៅទឹកជ្រោះដំណាក់ក្បូន នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦។
សូមបញ្ជាក់ថា តំបន់ទឹកជ្រោះដំណាក់ក្បូន ជាគម្របព្រៃឈើ ស្ថិតនៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ដែលជាតំបន់ការពារធម្មជាតិ និងមិនមានការសង់ខ្ទម ឬការតាំងទីលំនៅនៅទីនោះទេ។ ប៉ុន្តែ ក្នុងរយៈពេលថ្មីៗនេះ ជនខិលខូចមួយចំនួនបានចូលទន្ទ្រានកាន់កាប់ដីព្រៃ និងសង់សំណង់ខុសច្បាប់រួមមាន៖ ខ្ទម តូបលក់ដូរចំនួន ២៥តូប រោងលម្តែចំនួន ៧៦រោង និងបន្ទប់ទឹកចំនួន ២កន្លែង (៤បន្ទប់) ជាបន្តបន្ទាប់។
រដ្ឋបាលស្រុកមណ្ឌលសីមា បានចេញសេចក្តីជូនដំណឹងចំនួន ៣លើកឱ្យរុះរើដោយស្ម័គ្រចិត្តជាបន្ទាន់នូវតូបលក់ដូរ និងខ្ទមនៅទីតាំងដំណាក់ក្បួន និងតាមដងផ្លូវជាតិលេខ១០ និងបានចុះផ្សព្វផ្សាយអំពីច្បាប់បទដ្ឋានគតិយុត្តដល់តំណាងប្រជាពលរដ្ឋ ដែលបានចូលទន្មានកាន់កាប់ដីចំនួន២លើករួចមកហើយដែរ។ ប្រជាពលរដ្ឋមួយចំនួនក៏បានរុះរើចេញដោយស្ម័គ្រចិត្ត ក៏ប៉ុន្តែនៅមានជនខិលខូចរឹងរូសមួយចំនួនតូចប៉ុណ្ណោះ មិនព្រមរុះរើ និងចាកចេញដោយសំអាងមានមេក្លោងនៅពីក្រោយ។
ដូចគ្នាដែរ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារចម្រុះដឹកនាំដោយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកមណ្ឌលសីមា បន្តចុះអនុវត្តច្បាប់ធ្វើការរុះរើសំណង់ខុសច្បាប់ទាំងនោះ និងចាត់វិធានការចំពោះមេក្លោងឱ្យបញ្ឈប់បោកប្រាស់ប្រជាពលរដ្ឋមកតាំងទីលំនៅខុសច្បាប់តទៅទៀត។ គួរបញ្ជាក់ថា ការទន្ទ្រាន កាន់កាប់ដីព្រៃក្នុងតំបន់ការពារធម្មជាតិ គឺត្រូវរងការផ្តន្ទាទោសតាមមាត្រា ៨៥១ ចំណុច (ច) នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។
សរុបសេចក្តីមកសូមសាធារណជន មេត្តាជ្រាបនូវព័ត៌មានពិត និងចៀសវាងជឿលើការផ្សាយមិនពិត និងគ្មានប្រភពត្រឹមត្រូវរបស់សារព័ត៌មានខាងលើ ដែលធ្វើឱ្យមានការភាន់ច្រឡំមកលើសមត្ថកិច្ចចម្រុះដែលកំពុងទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ និងធ្វើការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ក្នុងការការពារធនធានធម្មជាតិ និងដីរដ្ឋនៅក្នុងតំបន់ការពារធម្មជាតិ និងស្នើសុំក្រសួងព័ត៌មាន មេត្តាចាត់វិធានការឱ្យបានតឹងរ៉ឹងបំផុតចំពោះអ្នកសារព័ត៌មាន និងសារព័ត៌មាន ដែលបានផ្សាយព័ត៌មានមិនពិត ដែលបានជំរុញឱ្យមានការប្រព្រឹត្តបទល្មើសធនធានធម្មជាតិ និងបង្កអសន្តិសុខសង្គម៕











ចែករំលែកព័តមាននេះ