សៀកខ្មែរមានការប្រឈមកាន់តែខ្លាំងនាពេលបច្ចុប្បន្ន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ខុសពីការយល់ឃើញថា សៀកខ្មែរដែលជាប្រភេទសិល្បៈម្យ៉ាងរួម បញ្ចូលគ្នាពីភាពល្វតល្វន់នៃសិល្បៈ និងកីឡាកាយសម្ព័ន្ធថាមានការរីកចម្រើន ការពិតគឺប្រឈមខ្លាំងណាស់នាពេលបច្ចុប្បន្ន ។ អ្នកទទួលខុសត្រូវលើជំនាញមួយនេះកាន់តែច្រើនសុទ្ធតែលើកឡើងស្រដៀងគ្នាថា សៀកខ្មែរនឹងមានការប្រឈមកាន់តែខ្ពស់…
ការនិយាយបែបនេះពួកគាត់ចង់សំដៅលើការជួយឱ្យសៀកខ្មែរមានទីផ្សារសម្ដែងបានលុយ និងមានកិត្តិយស ក៏ដូចជាមានការផ្សព្វផ្សាយឱ្យបានច្រើន ទើបយុវវ័យក្មេងៗចាប់
អ្នកស្រី ភោគ ណារិន នាយិការសៀកខ្មែរប្រចាំសាលាមធ្យមវិចិត្រសិល្បៈបានថ្លែងបញ្ជាក់ថា សៀកខ្មែរក៏ជាមុខវិជ្ជាមួយដែលមានការបណ្ដុះបណ្ដាលដូចគ្នានឹងមុខវិជ្ជាផ្សេងទៀតរួមមានរបាំបុរាណ ចម្រៀងបុរាណ ភ្លេងបុរាណ ដែលបង្ហាត់នៅក្នុងសាលាវិចិត្រសិល្បៈដែរ ដោយគ្រាន់តែមុខវិជ្ជាសៀកខ្មែរ ហាក់មិនសូវមានការចាប់អារម្មណ៍ ហើយអ្នកខ្លះគិតថា មុខវិជ្ជាសៀកខ្មែរ គឺជាមុខវិជ្ជាឯកទេសនៅក្នុងសាលាឯកជន និងមានការបង្ហាត់ដោយយកលុយយកកាក់ជាដើម ។
អ្នកស្រីចាត់ទុកថាមុខវិជ្ជានេះ មិនខុសពីកីឡាមួយប្រភេទនោះទេ ដោយសារអ្នកសម្ដែងត្រូវមានកាយសម្បទារឹងមាំ ត្រូវចេះលោតហក់ និងមានសមត្ថភាពខ្លាំងក្នុងការប្រើកម្លាំង ។ ជំនាញនេះក៏នឹងធ្វើឱ្យអ្នកសម្ដែង និងអ្នកហាត់ផ្ទាល់ប្រឈមគ្រោះថ្នាក់ផងដែរ ទើបមកដល់សព្វថ្ងៃមានយុវវ័យតិចណាស់ ដែលចាប់អារម្មណ៍ដាក់ពាក្យចូលហាត់ ហើយអ្នកហាត់ទៀតសៀតក៏មានតិចនាក់ដែលសុទ្ធតែជាអ្នកមានការតស៊ូ ។ ជាក់ស្ដែង មកដល់សព្វថ្ងៃមានសិស្សតែ២៥នាក់ប៉ុណ្ណោះនៅក្នុងជំនាញផ្នែកសៀកទាំងមូល ខណៈដែលជំនាញផ្សេងៗនៅក្នុងសាលាវិចិត្រសិល្បៈ បើទោះជាខ្សត់កូនសិស្សកម្រិតណា ក៏មានចំនួនច្រើនជាងនេះដែរ ។
អ្នកស្រីថា អ្នកចង់ក្លាយជាកូនសិស្សហាត់សៀកខ្មែរ គឺត្រូវដាក់ពាក្យ និងចូលរៀន
អ្នកស្រីថា ជារៀងរាល់ឆ្នាំសាលាវិចិត្រសិល្បៈ រមែងបំផុសឱ្យមានការដាក់ពាក្យចូលរៀន ដោយនៅប៉ុន្មានថ្ងៃខាងមុខនេះ អ្នកស្រីក៏នឹងដឹកនាំសម្ដែងសៀកខ្មែរនៅសាលាសៀកម្ដុំកោះពេជ្រផងដែរ ដើម្បីឱ្យអ្នកចង់ក្លាយជាសិស្សរបស់សិល្បៈ និងកីឡាមួយនេះ ចុះឈ្មោះចូលរៀន ។ អ្នកស្រីថា ជំនាញសៀកខ្មែររាល់ថ្ងៃ មិនមានទីផ្សារនោះទេ គឺមានតែការសម្ដែងម្ដងម្កាលតាមការរៀបចំរបស់ក្រុមតិចតួចប៉ុណ្ណោះ ដែលនោះគឺជាបញ្ហាដែលនាំឱ្យមិនសូវមានអ្នកចង់ហាត់រៀន ដោយសារតែពេលចេះទៅក៏មិនសូវមានឱកាសសម្ដែង និងមិនសូវមានការសម្ដែងដែលបានលុយ។
អ្នកស្រី ភោគ ណារិន បន្តថា សៀកខ្មែរគឺជាកីឡា និងជាសិល្បៈរបស់ខ្មែរ ដែលមានតាំងពីយូរលង់ណាស់មកហើយ ដោយមិនមែនជាសិល្បៈចម្លងពីប្រទេសណាទេ ប៉ុន្តែបណ្ដាលមកពីមហាជនភាគច្រើនយល់ថា សិល្បៈនេះ ទំនងជាយកមកពីអ្នកនេះ ឬចម្លងមកពីប្រទេសនោះ ទើបបណ្ដាលឱ្យសៀកខ្មែរដែលខ្វះការគាំទ្រទៅហើយ ត្រូវបានគេយល់ច្រឡំថា ជារបស់អ្នកផ្សេង ។ ជាក់ស្ដែងនៅលើជញ្ជាំងប្រាសាទបាយ័ន អ្នកស្រីថាមានសុទ្ធតែចម្លាក់សៀកខ្មែរ អ៊ីចឹងហើយទើបអ្នកស្រីប្រកាសថានោះជាសិល្បៈរបស់ខ្មែរ ដែលបានបន្សល់ទុកតាំងពីដូនតា ។ ទោះបីយ៉ាងណា អ្នកស្រីថា សៀកខ្មែរក៏ខ្វះបច្ចេកទេសពង្រឹងសមត្ថភាពបន្ថែមឱ្យកាន់តែខ្លាំងនោះដែរ ដោយសារតែខ្វះធនធាន ខ្វះសម្ភារសម្រាប់ហ្វឹកហាត់ ហើយសំខាន់ជាងគេគឺខ្វះរបបអាហារឱ្យគ្រប់គ្រាន់តែម្ដង។
អ្នកស្រីបញ្ជាក់ថា អ្នកចង់ហាត់សៀកខ្មែរឱ្យពូកែ មិនត្រឹមតែមានកាយសម្បទាគ្រប់គ្រាន់ប៉ុណ្ណោះទេ តែក៏ត្រូវមានភាពរឹងមាំ និងមានសមត្ថភាពប៉ូវកម្លាំងឱ្យបានល្អបន្ថែម ព្រោះនៅពេលហ្វឹកហាត់កីឡាករទាំងអស់ត្រូវប្រើកម្លាំងខ្លាំងណាស់ ដោយអាចនិយាយបានថា បើមានតែឆន្ទៈហើយមិនមានកម្លាំងគ្រប់គ្រាន់ គឺមិនអាចក្លាយខ្លួនជាអ្នកឯកទេសបានទេ ។ កីឡានេះអ្នកស្រីថាស្រដៀងនឹងកីឡាកាយសម្ព័ន្ធដែរ ប៉ុន្តែទន់ភ្លន់ជាង ហើយមានលក្ខណៈគ្រោះថ្នាក់ជាង ដូចជាការហក់លោត ដើរលើខ្សែ និងបច្ចេកទេសផ្សេងៗជាដើម ។
អ៊ីចឹងហើយទើបអាណាព្យាបាលភាគច្រើន មិនលើកទឹកចិត្តឱ្យកូនៗរបស់ខ្លួនចូលរៀនផ្នែកនេះទេ ដោយសិស្សមួយចំនួនសម្រេចចិត្តឈប់ ហើយខ្លះត្រូវសម្រេចចិត្តដូរជំនាញ បើទោះជាបានបន្តការសិក្សានៅសាលាវិចិត្រសិល្បៈដដែលក្ដី។
ទោះបីយ៉ាងណា អ្នកស្រីថា សៀកខ្មែរនឹងមិនបាត់បង់ទេ ដោយសារតែក្នុងចំណោមអ្នកចូលហ្វឹកហាត់ក៏មានអ្នកមានឆន្ទៈ និងមានអ្នកតស៊ូអភិរក្សមិនអត់ទាំងអស់មិនខុសគ្នាពីអ្នកស្រីនោះដែរ ។ ជំនាញនេះ អ្នកស្រីថាត្រូវប្រើពេល៩ឆ្នាំដើម្បីក្លាយជាអ្នកជំនាញ ដោយ៣ឆ្នាំសិក្សាពីមូលដ្ឋានគ្រឹះ និង៦ឆ្នាំទៀតសិក្សាពីឯកទេស ប៉ុន្តែសម្រាប់អ្នកឆ្លាត មកហាត់ទៀងទាត់ និងអ្នកដែលមានកាយសម្បទារឹងមាំ គឺហ្វឹកហាត់តែជាង១ឆ្នាំ នឹងអាចសម្ដែងបានហើយ៕

ចែករំលែកព័តមាននេះ