ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាកបាទក្រហម​ខេត្ត​ចែក​អំណោយ​ដល់​ពលរដ្ឋ​​​​រង​គ្រោះដោយ​​ទឹកជំនន់

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ ២០១៨ ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពត ដឹកនាំ​ដោយ​លោក ជាវ តា​យ…

ខេត្តកំពត ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ ២០១៨ ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពត ដឹកនាំ​ដោយ​លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពត បាន​មក​ជួប​សំណេះសំណាល និងសាក​​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​ភូមិ​កោះ​ស្លា ភូមិ​តេ​ជោ​អភិវឌ្ឍន៍ និង​ភូមិ​តា​កែន ក្នុង​ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ដែល​ជួប​គ្រោះ​ទឹកជំនន់​លេចលង់​ផ្ទះសម្បែង ស្រូវ​អង្ករ និង​សត្វ​ចិញ្ចឹម​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ខាងលើ​ចំនួន​១២៨​គ្រួសារ ហើយ​បងប្អូន​ប្រជាពលរដ្ឋ​បាន​មក​ស្នាក់​នៅ​បណ្តោះអាសន្ន​នៅ​ក្នុង​វត្ត​កោះ​ស្លា​។

 ក្នុង​ពេល​នេះ​ដែរ បងប្អូន​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​បាន​មក​ទទួល​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ​ពី​សាខា​កា​បាទ​ក្រហម​ខេត្តកំពត ដែល​ដឹកនាំ​ផ្ទាល់​ដោយ​លោក ជាវ តា​យ ប្រធានកិត្តិយស​សាខា​កា​បាទ​ក្រហម​ខេត្ត​។

លោក ជាវ តា​យ បាន​សំដែង​នូវ​ក្តី​អាណិតអាសូរ​រួមសុខ​រួមទុក្ខ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​១២៨​គ្រួសារ ដែល​កំពុង​ជួប​នូវ​គ្រោះ​ទឹកជំនន់ រង​ការ​ប៉ះពាល់​ផលដំណាំ ស្រូវ​អង្ករ និង​សត្វពាហនៈ​របស់​បងប្អូន​ប្រជាពលរដ្ឋ ប៉ុន្តែ​ទោះបី​យ៉ាងណា អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ​ហ៊ុន សែន គឺ​ដាច់ខាត​មិន​ព្រងើយកន្តើយ​ចំពោះ​ទុក្ខ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ឡើយ​។ ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ក៏​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ក៏​ដូច​រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី គឺ​ប្តេជ្ញា​ដាច់ខាត​មិន​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់ ហើយ​ដាច់​ពោះ​ស្លាប់​ដោយសារ​ខ្វះ​ស្បៀងអាហារ​នោះ​ឡើយ គឺ​អាជ្ញាធរ​និង​រាជរដ្ឋាភិបាល​នៅ​តែ​គិតគូរ និង​យកចិត្ត​ទុក្ខ​ដាក់​ជា​និច្ច​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​។

លោក ជាវ តា​យ ប្រធានកិត្តិយស​សាខា​កាកបាទ​ខេត្ត ក៏​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​ចូលរួម​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៩  ខែកក្កដា ឆ្នាំ​២០១៨​ខាង​មុខ​នេះ​ឲ្យ​បាន​គ្រប់​ៗ​គ្នា ។

អំណោយ​របស់​សាខា​កាកបាទក្រហម​ខេត្ត​ដែល​យក​មក​ជួយ​ឧបត្ថម្ភ​ប្រជាពលរដ្ឋ​ចំនួន​១២៨​គ្រួសារ​ដែល​មក​ស្នាក់​នៅ​បណ្តោះអាសន្ន​ក្នុង​វត្ត​កោះ​ស្លា​នា​ពេល​នេះ​រួម​មាន​៖ មី​យើង អង្ករ ទឹកស៊ីអុី​វ និង​ថវិកា​មួយ​ចំនួន ហើយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​មី​១​កេស អង្ករ​ចំនួន​២៥​គីឡូក្រាម ទឹកស៊ីអុី​វ​១​យួរ និង​ថវិកា​ចំនួន​៥​ម៉ឺន​រៀល​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ