ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ CPP ចំអក​យុទ្ធនាការ​ម្រាមដៃ​ស្អាត​មិន​ទៅ​បោះ​ឆ្នោត​របស់​អតីត​បក្ស​ប្រឆាំង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ហៅ ការ​ធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាត​មិន​ទៅ​បោះ​ឆ្នោត​របស់​ក្រុម​អតីត​បក្ស​ប្រឆាំង​គ្មាន​ប្រសិទ្ធភាព និង​អត់​បានការ​នោះ​ទេ ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ​ស្រប​ពេល​ក្រុម​អតីត​ប្រឆាំង​ដឹកនាំ​ដោយ​លោក…

រាជធានី​ភ្នំពេញ ៖ លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ហៅ ការ​ធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាត​មិន​ទៅ​បោះ​ឆ្នោត​របស់​ក្រុម​អតីត​បក្ស​ប្រឆាំង​គ្មាន​ប្រសិទ្ធភាព និង​អត់​បានការ​នោះ​ទេ ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ​ស្រប​ពេល​ក្រុម​អតីត​ប្រឆាំង​ដឹកនាំ​ដោយ​លោក សម រ​ង្ស៊ី និង​កូនស្រី​លោក កឹ​ម សុខា បាន​ធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាត​នៅ​ថ្ងៃ​បោះ​ឆ្នោត​ខាង​មុខ​នេះ ។ លោក សុខ ឥ​សាន បានឱ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​នៅ​ថ្ងៃ​ទី​១៨ កក្កដា យុទ្ធនាការ​ម្រាមដៃ​ស្អាត​របស់​ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស​អត់​បានការ ។

លោក​បន្ត​ថា នៅ​ពេល​ដែល​ប្រជាជន​កម្ពុជា​ទូ​ទាំង​ប្រទេស​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ជាង​៨៤​ភាគរយ​កំពុង​តែ​ផ្ចង់​អារ​ម្ម​ណ៏​ឆ្ពោះទៅ​រក​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ នេះ​អាល​នឹង​ទៅ​បោះ​ឆ្នោត​បែរជា​កូនស្រី កឹ​ម សុខា ជនជាប់ចោទ​ពី​បទ​ស​ន្និ​ដ្ឋិ​ភាព​ជាមួយ​បរទេស​បាន​ធ្វើ​យុទ្ធនាការ​ចង្អុលដៃ​ស្អាត​ក្នុង​ចេតនា​ទុច្ចរិត​មិន​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះ​ឆ្នោត ។

លោក​គូសបញ្ជាក់​ថា «​ចេតនា​ដ៏​អគតិ​នេះ​មិន​មាន​ប្រសិទ្ធភាព​សោះឡើយ ដោយសារ​ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​ទេ​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត ទើប​អាច​ទៅ​បោះ​ឆ្នោត​បាន ហើយ​បងប្អូន​នឹង​អញ្ជើញ​ទៅ​បោះ​ឆ្នោត​ក្នុង​នាម​ជា​ម្ចាស់​ស្រុក ម្ចាស់​ប្រទេស​» ។

ជាមួយ​គ្នា​នោះ​ដែរ​លោក​ក៏​បាន​លើក​ឡើង​ថា ការ​ធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាត​ជា​យុទ្ធនាការ​មាន​វិសាលភាព​តែ​ចំពោះ​បងប្អូន​នៅ​ក្រៅប្រទេស​ដែល​អត់​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត តើ​បានការ​អី​ទៅ​ទោះ​ចង់​បោះ​ឆ្នោត​ក៏​អត់​បាន​បោះ​ដែរ ។ ដូច្នេះ​របស់​ដែល​ហៅ​ថា យុទ្ធនាការ​ម្រាមដៃ​ស្អាត វា​អត់​បានការ​សោះឡើយ ។ ដំណើរការ​បោះ​ឆ្នោត​នឹង​នៅ​តែ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ដែល​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុង​ការ​សម្រេច​ជោគវាសនា​នៃ​ប្រទេស​ជាតិ​ខ្លួន ស្រប​តាម​គោល​ការ​ណ៏​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ។

សូម​ជម្រាប​ការ​លើក​ឡើង​របស់​លោក សុខ ឥ​សាន បន្ទាប់​បីកូន​ស្រី​លោក កឹ​ម សុខា គឺ​កញ្ញា គឹ​ម មនោ​វិទ្យា បាន​ប្រកាស​ធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាត​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ដើម្បី​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ ។ ក្រៅពី​កូនស្រី​លោក កឹ​ម សុខា ក៏​មាន​លោក សម រ​ង្ស៊ី អតីត​មេ​បក្ស​ប្រឆាំង​ដែល​កំពុង​រស់នៅ​ក្រៅប្រទេស​ដែរ​នោះ​ក៏​បាន​អំពាវនាវ​កុំ​ឲ្យ​ប្រជាជន​កម្ពុជា​ទៅ​បោះ​ឆ្នោត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ