ខេត្តកំពង់ស្ពឺ ៖ មន្ត្រីយោធាម្នាក់នៅក្នុងអង្គភាពយោធភូមិភាគទី៣ខេត្តបានធ្វើអត្តឃាតដោយបាញ់សម្លាប់ខ្លួនឯងនឹងកាំភ្លើងខ្លីកា៥៤ មួយគ្រាប់ចំចុងដង្ហើម បណ្ដាលឱ្យស្លាប់ក្នុងលំនៅឋានរបស់ខ្លួន ទោះបីកូនស្រីជំទង់ពីរនាក់ បានអង្វរចាប់ជើង និងសំពះលន់តួយ៉ាងណាក៏ដោយ ក៏នៅសម្លាប់ខ្លួនទាល់តែបាន ។
ហេតុការណ៍នេះត្រូវសមត្ថកិច្ចមូលដ្ឋានឱ្យដឹងថា បានកើតឡើងកាលពីវេលាម៉ោង៧ និង១៥នាទីយប់ថ្ងៃទី១៨ មីនា ក្នុងផ្ទះតៀមរបស់ខ្លួននៅក្នុងបន្ទាយយោធភូមិភាគ៣ ។ នាយទាហានរូបនេះឈ្មោះមាស សុផន មានឋានៈវរសេនីយ៍ទោ ជានាយការីវិទ្យុផ្នែកបំភ័ន្តអក្ខរៈ ចំណែកប្រពន្ធលោកបានស្លាប់កាលពី៣ឆ្នាំមុន នៅលើអង្រឹងចងក្រោមដើមអម្ពិលមុខផ្ទះ ដោយសារដាច់សរសៃឈាម មានកូនប្រុសម្នាក់ និងស្រី២នាក់ដែលកូនប្រុសបងមានអាយុជាង២០ឆ្នាំ រៀននៅភ្នំពេញ ។
ប្រភពបន្តថា នៅយប់ថ្ងៃទី១៨ មីនា នោះ លោកវរសេនីយ៍ទោមាស សុផន បានចេញពីបម្រើការងារមកលំនៅឋានក្នុងបន្ទាយ ហើយក្រោយពីបានសន្ទនាជាមួយមិត្តភក្ដិរួមការងាររួចមកក៏ជួបជុំកូនស្រីជំទង់ពីរនាក់អាយុ១២ឆ្នាំទៅ១៣ឆ្នាំ ដែលរង់ចាំឪពុកមកហូបបាយជុំគ្នា ។ ខណៈនោះ ប្រហែលជាលោកនឹកដល់អនុស្សាវរីយ៍កាលនៅជួបជុំប្រពន្ធ និងកូនជុំគ្នាហូបបាយយ៉ាងសប្បាយប្រកបដោយសុភមង្គលតែថ្ងៃនេះបែរជាបាត់ប្រពន្ធធ្វើឱ្យលោកស្រក់ទឹកភ្នែក ហើយប្រាប់កូនថា «ពុកពុំអាចរស់នៅចិញ្ចឹមកូនបានតទៅទៀតទេ »។ បន្ទាប់មកក៏ដកកាំភ្លើងខ្លីធុនកា៥៤ដាក់ចំដើមទ្រូង ក្រោមក្រសែភ្នែកដ៏រន្ធត់ញាប់ញ័ររបស់កូនស្រីទាំង២នាក់ បើទោះ ជាកូនស្រីស្រែកយំឱបដៃជើងសំពះអង្វរលន់តួយ៉ាងណាក៏លោកមាស សុផន បានស្លុងអារម្មណ៍កេះកៃឱ្យចុងកាណុងព្រួសគ្រាប់កាំភ្លើងចំចុងដង្ហើមធ្លាយទៅខ្នងស្រុតជង្គង់អង្គុយផ្ដួលខ្លួនទៅមាត់ទ្វារផ្ទះតៀម ក្រោមតំណក់ទឹកភ្នែកកូនទាំង២នាក់ស្រែកទ្រហោយំយ៉ាងសោកស្ដាយបំផុត ។
ក្រោមការពិនិត្យរបស់មន្ត្រីយោធាក្នុងអង្គភាពបង្ហាញថា លោកមាស សុផន ពិតជាបាញ់សម្លាប់ខ្លួនឯងប្រាកដមែន ។ ការស្លាប់របស់លោកមិនទាក់ទិននឹងការងាអង្គភាពទេ តែអារម្មណ៍របស់លោកដូចជាបាត់បង់ក្នុងឱកាសដែលបាត់បង់ប្រពន្ធនោះ ៕
ចែករំលែកព័តមាននេះ